បុរសជនជាតិថៃពីរនាក់ដែលអះអាងថា ខ្លួនត្រូវបានជនជាតិខ្មែរ៣នាក់ចាប់ជំរិត កាលពីយប់ថ្ងៃទី ៥ កុម្ភៈ ម្ដុំវត្ត បាល្លាលេយ្យ ក្រុងប៉ោយ នោះ ត្រូវបានគេរកឃើញថា គឺជាមេក្លោងជួញដូរគ្រឿងញៀនធំ នៅក្នុងប្រទេសថៃ។
ខៀវ បូរី
Thursday 07 February 2013
The Free Press Magazine
ជនជាតិថែទាំងពីរនាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធទី ៧ កុម្ភៈ នេះមានឈ្មោះ នាយ មូហាម៉ាត់សាហារី សូឡង ភេទប្រុសអាយុ ២៩ ឆ្នាំ រស់នៅឃុំ ឱនយ៉ាងឡុក ស្រុក ប៉ាតានី ខេត្ត ប៉ាតានី , ម្នាក់ទៀតឈ្មោះ នាយ វេអាប់ដុលហាមិៈ សេ ។ ពួកគេទាំងពីរនាក់កាន់សាសនាអ៊ីស្លាម ។
គួរបញ្ជាក់ថា ពាក់ព័ន្ធក្នុងសំណុំរឿងនេះ កាលពីយប់ថ្ងៃទី ៥ កុម្ភៈ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យព័ទ្ធចាប់បាន បុរសជនជាតិខ្មែរ ៣នាក់ ដែលរងការចោទពីជនជាតិថៃខាងលើថា បានជំរិតទារលុយពីពួកគេ ។ ប៉ុន្តែក្រោយពីស្ដាប់ចម្លើយសារភាព ទើបដឹងថា ពួកគេទាំងជនជាតិខ្មែរ និង ថៃជាក្រុមរកស៊ីគ្រឿងញៀនដូចគ្នា។ នោះគឺថា ជនជាតិថៃខាងលើ បានទិញគ្រឿងញៀន ពីបុរសជនជាតិខ្មែរតម្លៃ ៥០ម៉ឺនបាត តែគិតលុយឲ្យតែ ២០ម៉ឺនបាត នៅខ្វះ៣០ម៉ឺនបាត ក៏រកល្បិចស្រែកថា ជនជាតិខ្មែរទាំងនោះចាប់ជម្រិតពួកគេ ហើយទីបំផុត ក៏ធ្លាក់ចូលក្នុងសំណាញ់សមត្ថកិច្ចទាំងអស់ ៕ ប៉ោយប៉ែត
