ការប្រើកងកម្លាំងប្រដាប់អាវុធបណ្តេញអ្នកភូមិប្រមាចេញពីដីធ្លីកាល ពីខែឧសភាក្រោមហេតុផលបង្រ្កាបតំបន់អបគមន៍ដែលធ្វើឲ្យក្មេងស្រី ម្នាក់ស្លាប់ធ្វើឲ្យអ្នកភូមិដែលពឹងអាស្រ័យទាំងស្រុងទៅលើដី កាន់តែពិបាករស់
Thursday, 07 February 2013
ម៉ៃ ទិត្យថារ៉ា និង Abby Seiff
ភ្នំពេញ ប៉ុស្តិ៍

អ្នកស្រីម៉ុល ផាត់ (ឆ្វេង) ដែលមានសម្លៀកបំពាក់រយីករយាកឈរនៅខាងក្រោយផ្ទះឪពុកក្មេកដែលនាងស្នាក់នៅ។ រូបថត Will Baxter
ខេត្តក្រចេះ: យោធា បានបង្កើតមូលដ្ឋានថ្មីមួយលើដីខេត្តក្រចេះ នៅទីតាំងដែល កាលពីពេលមុនធ្លាប់ត្រូវបានធ្វើស្រែចម្ការដោយគ្រួសារប្រជាជន ចំនួន ១០០០គ្រួសារមុនពេលក្រុមទាហាន និងនគរបាលរបស់រដ្ឋាភិបាលបានធ្វើការបណ្តេញពួកគេចេញទាំង បង្ខំនិងហិង្សា កាលពីឆ្នាំមុន ដោយចោទថា ពួកគេជាផ្នែកនៃចលនាអបគមន៍។
មូលដ្ឋានរបស់អង្គភាពកង អនុសេនាធំលេខ៩ របស់កងយោធពលខេមរភូមិន្ទ ដែលនឹងត្រូវបញ្ចប់បេសកកម្មរបស់ខ្លួន នៅចុងខែនេះ គឺជាផ្នែកធំមួយនៃក្រុមកម្លាំងសន្តិសុខសម្រាប់តំបន់នោះ។
ផែន ការនោះ រួមមានទាំងមូលដ្ឋាន កងកម្លាំងរាជអាវុធហត្ថ ជាមួយនឹងការធ្វើផ្លូវសម្រាប់ការដឹកសម្ភារផ្គត់ផ្គង់និង ម្ហូបអាហារពីស្រុកឆ្លូង ទៅភូមិប្រមាដែលនៅដាច់ស្រយាល។ នេះបើតាមមន្ត្រីកងរាជអាវុធហត្ថ និងមន្រ្តីខេត្ត។
លោក ខៃ ចាន់ណា មេបញ្ជាការរងអង្គភាពទី៩ មានទីតាំងនៅភូមិប្រមា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្នុងអំឡុងការធ្វើដំណើរ ទៅតំបន់នោះ កាលពីសប្តាហ៍មុនថា៖ «មូលដ្ឋានយោធាត្រូវបាន បង្កើតឡើងដោយសារជ័យជម្នះរបស់យើងលើតំបន់នេះ… មូលហេតុដែលខ្ញុំនៅទីនេះ គឺដើម្បីគ្រប់គ្រងដីដែលឈ្នះពីពួក ប៊ុន រដ្ឋា»។
៩ ខែកន្លងទៅ កងកម្លាំងចម្រុះបានចុះមកតំបន់ដាច់ស្រយាលនេះ និងបានធ្វើការបណ្តេញចេញក្នុងទ្រង់ទ្រាយដ៏ធំមួយ នៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ។ បើទោះបីជាអ្នកភូមិទាំងនោះ មិនមានអាវុធ ក្រុមកម្លាំងចម្រុះនោះ បានបើកការបាញ់រះទៅ លើក្មេងស្រីអាយុ១៤ ឆ្នាំម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងអំឡុងចុះបង្ក្រាបរបស់ខ្លួន។ អាជ្ញាធរបន្ទាប់មក បានធ្វើការបិទផ្លូវជុំវិញតំបន់នោះ រយៈពេលជាច្រើនថ្ងៃ ខណៈពួកគេធ្វើការសួរចម្លើយ ទៅលើប្រជាជនទាំងនោះ ពីមុនពេលបណ្តេញពួកគេទៅតំបន់ឆ្ងាយពីនោះ។ ជាការលើកឡើងដដែលៗ រដ្ឋាភិបាលបានធ្វើការការពារសកម្មភាពរបស់ខ្លួនដោយនិយាយថា វាជាការចាំបាច់ ត្រូវបង្ក្រាបចលនាអបគមន៍ ដែលដឹកនាំដោយសកម្មជនឈ្មោះ ប៊ុន រដ្ឋា និងប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ។ ការអះអាងលើកឡើងបែបនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាជនក្នុងភូមិប្រមា និងក្រុមសិទ្ធិមនុស្ស ដែលបានកត់សម្គាល់ថា មិនឃើញមានភ័ស្តុតាងណាមួយ បង្ហាញថា ចលនាអបគមន៍បែបនោះ ត្រូវបានធ្វើឡើងឡើយ។ ប៉ុន្តែទោះយ៉ាងណាលោក ម៉ម សូណង់ដូ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២០ ឆ្នាំ និងអ្នកភូមិបីនាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ចន្លោះពី១០ ខែ ដល់៥ ឆ្នាំ ហើយ ប៊ុន រដ្ឋា ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារចំនួន៣០ ឆ្នាំ។
ដោយសារតែ ប៊ុន រដ្ឋា នៅតែមិនទាន់ចាប់បាន ក្រុមមន្រ្តី បានថ្លែងថា វត្តមានដ៏យូររបស់ក្រុមយោធាគឺជាការចាំបាច់។
លោក ខៃ ចាន់ណា មេបញ្ជាការរងអង្គភាពទី៩ បានថ្លែងថា៖ «យើងមានការភ័យខ្លាចថា ប៊ុន រដ្ឋា នឹងត្រឡប់មកទីនេះវិញ នេះហើយជាមូលហេតុដែលយើងបង្កើតមូលដ្ឋាននៅទីនេះ។ ប៉ុន្តែក្រុមគាំទ្រគាត់បានទៅរស់នៅឆ្ងាយពីកន្លែងនេះ»។
មូលដ្ឋានទ័ពដែលត្រូវបានបង្កើតឡើងជាបណ្តោះអាសន្ន ចាប់តាំងពីការចុះបង្ក្រាប ខែឧសភា ឆ្នាំ ២០១២ នេះ ត្រូវបានរំពឹងថា នឹងបញ្ចប់បេសកកម្មរបស់ខ្លួន នៅចុងខែនេះ។ មូលដ្ឋានទ័ពថ្មី ដែលមានកងកម្លាំង៣០ នាក់នេះ ត្រូវបានបង្កើតឡើងនៅលើផ្ទៃដីចំនួន២០០ គុណ នឹង ២០០ ម៉ែត្រ។ លោក ចាន់ណា បានថ្លែងបន្តថា៖ «ទាហាន កំពុងធ្វើការសាងសង់ផ្លូវ ពីឆ្លូងមកទីនេះ»។ លោកបានបន្តថា៖ «៧ គីឡូម៉ែត្រពីនេះ កងរាជអាវុធហត្ថ គ្រោងធ្វើដូចគ្នានេះ និងបង្កើតមូលដ្ឋានមួយ។ ពួកគេចាប់ផ្តើមឈូសឆាយដើមឈើ»។
បើទោះបីជាមិនថ្លែងលម្អិត អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក ខេង ទីតូ កាលពីថ្ងៃអង្គារ បានបញ្ជាក់ចំពោះការរៀបរាប់ខាងលើនោះ ដោយលោកថ្លែងថា មូលដ្ឋានដែលគ្រោងបង្កើតឡើងនោះគឺចាំបាច់ដើម្បីរក្សាសន្តិសុខ ក្នុងតំបន់នោះ។ លោកបន្តថា៖ «មូលហេតុដែលកងរាជអាវុធហត្ថ ចង់បង្កើតមូលដ្ឋាននៅទីនេះ គឺដើម្បីរក្សាសណ្តាប់ធ្នាប់។ កន្លែងទាំងអស់ ដែលត្រូវបានឈូសឆាយរួចហើយ ត្រូវតែរក្សាទុក ឲ្យមានសណ្តាប់ធ្នាប់។ វាគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ មិនអចិន្រៃ្តយ៍ទេ ហើយបន្ទាប់មកទៀត វាគឺអាស្រ័យលើរដ្ឋាភិបាល ថាតើរដ្ឋាភិបាលចង់ដាក់មូលដ្ឋានអចិន្រៃ្តយ៍យូរជាងនេះឬយ៉ាង ណា?»។
នៅក្នុងអង្គភាពកងអនុសេនាធំលេខ ៩
មូលដ្ឋាននេះ មិនទាន់សាងសង់រួចនៅឡើយទេ ហើយទាហានមួយចំនួនដេកនៅក្រោមកៅស៊ូតង់។ លោក ចាន់ណា បានថ្លែងថា៖ «មិនមានអាហារគ្រប់គ្រាន់ និងទឹកគ្រប់គ្រាន់សម្រាប់ទាហានទេ។
អ្វីៗមានសភាពស្ងប់ស្ងាត់…ហើយមិនមានការងារច្រើនធ្វើទេ នៅទីនេះ។ តំបន់នេះខ្វះធនធាន»។
ដោយមានទីតំាងនៅជិតចម្ការកៅស៊ូមួយទំហំ១៥០០០ ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទទួលបានសម្បទានមួយឈ្មោះ Casotim និងកាន់កាប់តាំងពីឆ្នាំ២០០៨ ដីនេះ ត្រូវបានចាក់សោ និងកំពុងស្ថិតក្នុងជម្លោះតានតឹង។
មួយខែមុន ការចុះបង្ក្រាបនោះ អ្នកភូមិចំនួន ៧០០ នាក់ នៅតំបន់នោះ បានធ្វើការតវ៉ា ដោយបានធ្វើការបិទផ្លូវជាតិជាច្រើនថ្ងៃ ដើម្បីគាំទ្រតំណាងរបស់ពួកគេ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ថា បានបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន។
ចៅក្រមសាលាដំបូងខេត្ត ក្រោយមក បានបញ្ជាឲ្យមានការដោះលែង ដោយលើកឡើងថា មិនមានភ័ស្តុតាងគាំទ្រការចោទប្រកាន់តំណាងរបស់អ្នកភូមិទេ។
មូលដ្ឋាននេះ ធ្វើការកាន់កាប់ទៅលើចម្ការដំឡូងមី ដែលឥឡូវនេះ ដល់ពេលត្រូវប្រមូលផល ជាចម្ការដំឡូងដែលត្រូវបានដាំដោយប្រជាជន ដែលត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនៅក្នុងចលនាអបគមន៍។ ខណៈលោកមេបញ្ជាការរង ចាន់ណា ថ្លែងថា មូលដ្ឋាននេះ មានទំហំ ២ ហិកតា លោកអភិបាលខេត្ត ស ចំរ៉ុង បានថ្លែងថា មូលដ្ឋាននេះ មានផ្ទៃដីមួយហិកតា។ រីឯដីដែលបិទមិនឲ្យអ្នកភូមិចូល គឺមានទំហំធំជាងនេះ។ ដោយហាមប្រាមមិនឲ្យអ្នកភូមិ ដែលដាំដំណាំនោះ ចូលទៅចម្ការរបស់ខ្លួន ដើម្បីប្រមូលផលដំឡូង ដីនេះ នាពេលខាងមុខឆាប់ៗ នឹងត្រូវចែកទៅឲ្យទាហាន ដែលកំពុងរស់នៅក្នុងតង់។ នេះបើតាមលោក ចាន់ណា។ លោក ចាន់ណា បានថ្លែងពីមុនពេលអះអាងថា ដីនេះបច្ចុប្បន្ន មិនមែនជារបស់អ្នកណាទេ៖ «មន្រ្តីជាន់ខ្ពស់ឥឡូវនេះ កំពុងពិចារណា បែងចែកដីទៅឲ្យទាហានសម្រាប់គ្រួសារពួកគេ»។ លោកបានថ្លែងបន្តថា៖ «បើទោះបីជាទាហានមួយចំនួន បច្ចុប្បន្ន ប្រឈមនឹងការខ្វះអាហារ ពួកគេមិនបានប៉ះពាល់ដីនេះទេ»។
ប៉ុន្តែទោះបីយ៉ាងណា នៅតាមផ្លូវចូលទៅមូលដ្ឋាននេះ គឺឃើញមានដើមដំឡូងមីមួយចំនួន ត្រូវបានកាប់ និងដាក់គរលើគ្នា ដែលមើលទៅ ស្ថិតក្នុងសភាពថ្មីៗ។
យោង តាមយោធា បានឲ្យដឹងថា ដីនោះ កំពុងធ្វើស្រែចម្ការ ដោយអ្នកភូមិ«ចាស់» ជាការបែងចែកអ្នកភូមិមួយ ដែលបង្កើតឡើងដោយអាជ្ញាធរ ដែលបានបោសសម្អាតពួកអបគមន៍។ អាជ្ញាធរបញ្ជាក់ថា ពួកគេសុទ្ធតែជាអ្នកតាំងទីលំនៅខុសច្បាប់ ដែលទើបតែធ្វើចំណាកស្រុក ចូលមកភូមិនាពេលថ្មីៗនេះ។
ប៉ុន្តែ ពេលភ្នំពេញ ប៉ុស្តិ៍ សួរអ្នកភូមិ ដែលបានរស់នៅក្នុងភូមិប្រមា ៥ -៦- ៧ និងច្រើនឆ្នាំមកហើយ ពួកគេសុទ្ធតែនិយាយថា ពួកគេត្រូវបានរារាំង មិនឲ្យចូលក្នុងតំបន់នោះទេ។ ស្លាកសញ្ញា ដែលបានលើកឡើង មុនទៅដល់មូលដ្ឋានកងទ័ពត្រូវបានគេសរសេរច្បាស់ៗថា៖ «ហាមចូល»។
អ្នកស្រី មាស សុខធី អាយុ ៣៤ ឆ្នាំ បានថ្លែងថា៖ «ពួកគេ បានគំរាមកំហែងថា ប្រសិនបើអ្នកណាម្នាក់ ចូលក្នុងដីនោះ ពួកគេនឹងត្រូវចាប់ខ្លួនរយៈពេល ១៥ ឆ្នាំ»។ ពីមុន អ្នកស្រី បានធ្វើស្រែក្នុងតំបន់ដែលឥឡូវនេះ កាន់កាប់ដោយយោធា។ ចាប់តាំងពីពេលបោសសម្អាត បរិយាកាសនៃភាពភ័យខ្លាច មានពាសពេញភូមិ។ អ្នកស្រីបន្ថែមថា៖ «ទាហានប្រហែល៣០ នាក់ បានដើរល្បាតក្នុងតំបន់ដាច់ដោយឡែកពីគ្នា។ ពួកគេព្រៃផ្សៃ ណាស់។ មន្រ្តីយោធាម្នាក់ បានគំរាមសម្លាប់ខ្ញុំ ប្រសិនបើខ្ញុំចូលក្នុងតំបន់នោះ»។ អ្នកស្រី ផាត់ ភីន បានបន្ទរថា៖ «ពួកគេមិនហ៊ានដាក់សម្ពាធលើយើងក្នុងភូមិទេ ប៉ុន្តែប្រសិនបើអ្នកភូមិ ព្យាយាមចូលក្នុងតំបន់នោះ ពួកគេនឹងគំរាមយើង»។ ចំពោះអ្នកស្រី ភីន ឆ្នាំមុនជាឆ្នាំដ៏ពិបាកបំផុត។ អ្នកស្រី ដែលជាម្តាយមានកូនប្រាំនាក់ បានបាត់បង់ដីធ្លី ក្នុងអំឡុងពេលចុះបង្ក្រាបដោយអាជ្ញាធរ។
ប្តីរបស់អ្នកស្រី ដែលជាកសិករសុទ្ធសាធ ដូចអ្នកជិតខាងដទៃទៀតដែរ ត្រូវបានចាប់ខ្លួន ហើយត្រូវបានគេហៅថា អ្នកធ្វើអបគមន៍ និងត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ១០ ខែ ដោយសារបទចោទប្រកាន់ដែលពាក់ព័ន្ធ។
អ្នកភូមិប្រមា សង្ឃឹមខ្លាំងថា គម្រោងផ្តល់កម្មសិទិ្ធដីធ្លី របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តល់ដីដល់ពួកគេ ដែលពួកគេមានសិទិ្ធទាមទារស្របច្បាប់។ ប៉ុន្តែ ពួកគេពុំមើលឃើញកិច្ចដំណើរការវាស់វែងដីធ្លី ខិតមកជិតពួកគេឡើយ។
លោក ចំរ៉ុង អភិបាលខេត្ត ក្រចេះបានឲ្យដឹងថា ខណៈដែលអ្នកភូមិមួយចំនួន ទទួលបានប័ណ្ណកម្មសិទិ្ធសម្រាប់ដីសម្បទានសង្គមកិច្ច តែឱកាសនោះ នឹងមិនត្រូវផ្តល់ឲ្យអតីតក្រុម ប៊ុន រដ្ឋាឡើយ។ លោកបញ្ជាក់ថា៖ «ពួកគេមិនអាចទទួលបានដីធ្លីទេ ព្រោះពួកគេ មិនដែលមានផ្ទះលើដីរបស់ពួកគេទេ។ ពួកគេរស់នៅទីនោះដោយខុសច្បាប់»។
យ៉ាងណាក្តី អ្នកភូមិមួយចំនួន បាននិយាយថា ពួកគេគួរតែត្រូវបានផ្តល់សិទិ្ធឲ្យកាន់កាប់លើដីដែលពួកគេ បានធ្វើស្រែចម្ការអាស្រ័យផល អស់រយៈពេលជាច្រើនឆ្នាំមកហើយនេះ។ អ្នកស្រី សុខធី បានបញ្ជាក់ថា៖ «ខ្ញុំបានធ្វើស្រែនៅទីនោះ រយៈពេល ៧ ឆ្នាំ មកហើយ តែក្រុមយុវជន មិនមកវាស់វែងដីធ្លីនេះឲ្យយើងទេ ព្រោះទាហានបានកាន់កាប់ដីនោះហើយ»។
ការរើសអើងចំពោះអ្នកភូមិ
ផ្នែកមួយនៃសោកនាដកម្មនៅភូមិប្រមាគឺជាការគ្រប់គ្រងមិនច្បាស់លាស់។ អ្នកភូមិ ទាំងឡាយ ដែលធ្វើស្រែចម្ងាយ ៥០ ម៉ែត្រប៉ុណ្ណោះ ពីតំបន់ហ៊ុមព័ទ្ធ ត្រូវបានអនុញ្ញាតឲ្យរក្សាដីធ្លី និងផ្ទះសម្បែង។ អ្នកភូមិខ្លះ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ដើម្បីប្រមូលផលដំឡូងមីចំណែកឯ អ្នកខ្លះទៀតពុំទទួលបានការអនុញ្ញាតឡើយ។ មេបញ្ជាការកងទ័ពនៅទីនោះបានថ្លែងថា ខ្លួនទទួលបញ្ជាយ៉ាងតឹងរ៉ឹង ឲ្យអនុញ្ញាតតែអ្នកភូមិ«ចាស់»ប៉ុណ្ណោះ។ វាមិនច្បាស់ទេថា តើការវែកញែកបែបនោះគឺជាអ្វី?
អ្នកស្រី ម៉ុល ផាត់ អាយុ ២៥ ឆ្នាំ បានផ្លាស់មកនៅទីនេះ ជាមួយប្តី ឪពុកក្មេក និងប្អូនថ្លៃ កាលពី៦ ឆ្នាំមុន។អ្នកស្រី និងប្តីបានខ្ចីប្រាក់គេដើម្បីធ្វើចម្ការ នៅកន្លែងដែលទីបំផុត បានក្លាយជាដីដែលគេចោទថា ជាតំបន់អបគមន៍។
ចាប់តាំងពេលមានការបង្ក្រាប អ្នកស្រី ផាត់ ត្រូវបានអនុញ្ញាតឲ្យចូលក្នុងតំបន់យោធាតែមួយលើកប៉ុណ្ណោះ ហើយពុំដែលត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ដីទំហំ ៣ ហិកតារបស់អ្នកស្រីឡើយ។ ដើម្បីចិញ្ចឹមជីវិត អ្នកស្រីត្រូវស៊ីឈ្នួលដាំដំឡូងមីឲ្យកសិករជិតខាងលើដីនៅ ជាប់នឹងចម្ការរបស់អ្នកស្រី។ អ្នកស្រី ផាត់ បន្ថែមថា៖ «ខ្ញុំមិនដឹងទេថា តើមូលហេតុអ្វីបានជាអ្នកខ្លះចូលបាន តែអ្នកខ្លះទៀតមិនអាចចូលបាន? ឧទាហរណ៍ អ្នកជិតខាងខ្ញុំ មិនអាចចូលទៅចម្ការរបស់ខ្លួនបានទេ ប៉ុន្តែ អ្នកដទៃទៀត អាចចូលទៅចម្ការរបស់ពួកគេបាន»។
ជ្រកក្រោមម្លប់ផ្ទះឈើ ដ៏តូចមួយ ដែលអ្នកស្រីរស់នៅជាមួយនឹងឪពុក និងប្អូនថ្លៃឥឡូវនេះ អ្នកស្រី ផាត់ បានគូសបញ្ជាក់បញ្ហាដែល អ្នកស្រីបានជួបប្រទះ ចាប់តាំងពីពេលនោះយ៉ាងប្រយ័ត្នប្រយែង។ អ្នកស្រី ផាត់ បន្តថា៖ «ប្តីរបស់ខ្ញុំខឹងខ្លាំង បន្ទាប់ពីយើងបានបាត់បង់ដី។ យើងគ្មានចម្ការ គ្មានប្រាក់ គ្មានមុខរបររកស៊ីចិញ្ចឹមកូន ហើយជំពាក់ប្រាក់លើដី។ ដូច្នេះ គាត់ទៅថៃដើម្បីរកការងារមួយទៀត។ គាត់បានទៅរយៈពេល ២ ខែហើយ ហើយខ្ញុំមិនបានឮដំណឹងពីគាត់ទេ»។ ដោយឈរនៅក្បែរនោះដែរ លោក ថាច់ សំបូក ឪពុកក្មេកអ្នកស្រី ផាត់ ដែលមានវ័យ ៦៨ ឆ្នាំ បាននិយាយកាត់អ្នកស្រីផាត់ថា៖ «ខ្ញុំមិនច្បាស់អំពីប្រជាជនដទៃទៀតទេ ប៉ុន្តែ ចំពោះគ្រួសារខ្ញុំ ស្ថានការណ៍នេះ បានបង្កជាបញ្ហាយ៉ាងពិតប្រាកដ»៕ PS / TK


អ្នកដឹកនាំប្រទេសខ្មែរឃោឃៅគួរអោយខ្ពើម បក្សពួកលើកយើងគ្មានការពិចារណា
ចប់ហ្មង ប្លន់ពីរាស្រ្ត យកទៅនៅខ្លួនឯង ហើយស្រេចតែពាក្យវានិយាយ បន្តិចទៀតវាប្លន់យករាជ្យវាំង ហើយវានិយាយថាស្តេចរស់នៅចងធ្វើអប្បគមន៏ទៀតហើយ។
រាស្រ្តអើយគួភ្ញាក់ខ្លួនឡើង អាណាល្អអាណាអាក្រក់គួមើលឱ្យបានឆ្ងាយកុំសប្យាយនឹងអំណោយ
សារុងមួយយកដីយើងអស់តើវាសមទេ បើរាស្រ្តសំបូរសប្យាយយើងមិនថាទេប៉ុន្តែនៅជនបទខ្លះ
រកតែបាយស៊ីមិនបានផងគួគិតផងត្រង់ចំនុចនេះ អ្នកណាកាន់បក្សគេគេជួយអ្នកណាមិនកាន់
គេមិនជួយសមទេ។
យ៉ាងណាក៏ដោយ មេអប្បគមន៏ កំពុងជាប់ពន្ធនាគារ និងកំពុងតាមចាប់ខ្លួន ចំណែកពលរដ្ឋមួយចំនួនជាជនរងគ្រោះចាញ់បោកមេខ្យល់ ( ប៊ុន រដ្ឋា និង ម៉ម សូណង់ដូរ) ហើយបាននិងកំពុងអាស្រ័យផលរាប់ឆ្នាំមកហើយដែរ រដ្ឋាភិបាល គួរតែផ្តល់កម្មសិទ្ធដីធ្លី ជូនដល់ពួកគាត់អោយដូចពលរដ្ឋទូទៅដែលកំពុងតែសប្បាយរីករាយទទួលបានកម្មសិទ្ធដីធ្លីដែរ ហើយជៀសវាងការរើសអើង
ពង
Government should not colective people farming to be the military’s place.
It is the killing to the farmer who make the living by farming.
The military should not start war with civiliens who had no dangers weapon.
The military should protect people from the foreigner invader, insteat of fight with
its own innocent farmer. Government must Think about Help and Stop Hurt our People.
នយោបាយឈ្នះៗរបស់រដ្ឋាភិបាលហ៊ុន សែន គឺឈ្នះខាងធ្វើបាបរាស្រ្តខ្មែរស្លូតត្រង់ ,ឈ្នះខាងប្លន់ដីរាស្រ្ត,ឈ្នះខាងលក់សម្បតិ្តជាតិ,ឈ្នះខាងបំផ្លាញជាតិ,ឈ្នះខាងធ្វើជាឆ្កែបំរើយួន,,,,រាបរាប់មិនអស់ទេ
ចំពោះខ្ញុំ គឺខ្ញុំមិនដឹងថាមាននណាខឹងខ្ញុំនោះទេដែលខ្ញុំគិតថាការប្រើពាក្សតំបន់អប្បគមន៍នៅទីនោះគឺ ពិតជាមិនសមសោះ វាហាក់ដូចជាធ្ងន់ធ្ងរពេកនៅពេលដែលប្រទេសមានសន្តីភាពទូទាំងប្រទេស ហើយនោះ ខ្ញុំធ្លាប់ឮពាក្សអប្បគមន៍កន្លងមកប៉ុន្តែជាកន្លែងប្រយុទ្ធគ្នារវាងអាវុធ(កាំភ្លើងនិងកាំភ្លើង) អីអញ្ចឹងទៅ តែនេះភាគីមួយមានអាវុធ(កាំភ្លើង)ហើយភាគីមួយទៀតមានតែដៃទទេគឺមិនសមប្រើ ពាក្សថាតំបន់អប្បគមន៍នោះទេ។
ការបង្កើត ភូមិ ឃុំ ខ្លួនឯង ការចាត់តាំងប្រធានភូមិ ឃុំ និងកងការពារខ្លួនឯង ការវាស់បែងចែក និងលក់ដូរដីធ្លីខ្លួនឯង ការបង្កើតប៉ុស្តិត្រួតពិនិត្យខ្លួនឯង ការមិនអនុញ្ញាតិអោយអាជ្ញាធរ និងសមត្ថកិច្ច ចូលទៅត្រួតពិនិត្យ និងជាពិសេសសូម្បីតែប្រជាពលរដ្ឋដែលមិនមែនជាសមាជិករបស់គេ ក៏មិនអនុញ្ញាតិអោយចូលទៅក្នុងតំបន់នោះដែរ …..នេះគេហៅថាស្អីទៅវិញ ? តំបន់ស្វ័យយ័ត តំបន់អប្បគមន៏ ឬ រដ្ឋក្នុងរដ្ឋ ? ហា ហា ហា ល្ងង់ៗៗៗៗៗៗៗល្ងង់មែន!