នៅថ្ងៃព្រហស្បតិ៍ទី៧ កុម្ភៈនេះ ព្រះរាជពិធីបុណ្យព្រះបរមសព ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ រយៈពេល៧ថ្ងៃ បានបិទបញ្ចប់ហើយ។ ព្រះរាជពិធីបុណ្យ ក្រោមការរៀបចំរបស់រាជរដ្ឋាភិបាលបានប្រារព្ធឡើងយ៉ាងអធឹកអធម និងជាប្រវត្តិសាស្ត្រ មិនធ្លាប់មានពីមុន។ សម្រាប់លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រះរាជពិធីបុណ្យរយៈពេល៧ថ្ងៃនេះ បានបង្ហាញពីអរិយធម៌ដ៏យូរលុងរបស់កម្ពុជា បង្ហាញពីការឯកភាពជាតិខ្មែរ និងបង្ហាញពីភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា។ រីឯព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានកោតសរសើរដ៏កក់ក្តៅបំផុត ជូនចំពោះរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ថ្វាយព្រះករុណាព្រះមហាវីរក្សត្រ។ ជាការរៀបចំដែលព្រះអង្គ ធម្មិកោ ចាត់ទុកថាបានផ្តល់ព្រះកិតិ្តយសដ៏ធំធេង ថ្វាយព្រះករុណា ព្រះមហាវីរក្សត្រ ដែលជាវីរបុរសនៃប្រទេសកម្ពុជាយើង ហើយក៏ជាការលើកកិត្តិយសជាតិឲ្យបានខ្ពស់ដែរ។
ថ្ងៃ ព្រហស្បតិ៍ 07 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI
ព្រះមហាក្សត្រនិងសម្តេចម៉ែ គោរពព្រះបរមធាតុសម្តេចឪ © Reuters
ព្រះរាជពិធីដង្ហែរព្រះបរមអដ្ឋិឬព្រះបរមធាតុចេញពីវាលព្រះមេរុ ទៅតម្កល់ក្នុងព្រះបរមរាជវាំង ត្រូវបានប្រារព្ធឡើង កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣។ ព្រះរាជពិធីនោះ ជាការបិទបញ្ចប់នូវព្រះរាជពិធីបុណ្យព្រះបរមសពរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ កុម្ភៈ ដែលជាថ្ងៃដង្ហែរព្រះបមសពសម្តេចតាចេញពីព្រះបរមរាជវាំង ទៅតម្កល់ និងថ្វាយព្រះភ្លើង នៅថ្ងៃទី៤ កុម្ភៈ។
ព្រះបរមអដ្ឋិឬព្រះបរមធាតុ ត្រូវបានតម្កល់ក្នុងព្រះបរមកោដ្ឋ ចំនួន៣ ដែលមានព្រះបរមកោដ្ឋមាសពីរ និងកោដ្ឋថ្មកែវ មកពីខេត្តពោធិ៍សាត់មួយ ស្របទៅតាមព្រះរាជបណ្តាំរបស់សម្តេចតា។
ព្រះបរមអដ្ឋិរបស់ព្រះមហាវីរក្សត្រ ទាំង៣កោដ្ឋ ត្រូវបានព្រះមហាក្សត្រ យាងដង្ហែរទៅតម្កល់ក្នុងព្រះបរមរាជវាំង ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ បន្ទាប់ពីក្បួនដង្ហែរព្រះបរមអដ្ឋិដ៏អធឹកអធម ចេញពីវាលព្រះមេរុ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ សម្តេចម៉ែ ព្រះរាជវង្សានុវង្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ព្រមទាំងថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ និងនាម៉ឺនសព្វមុខមន្ត្រី។
ព្រះរាជពិធីបុណ្យព្រះបរមសពព្រះមហាវីរក្សត្រ ក្នុងរយៈពេល៧ថ្ងៃនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកថាជាមោទនភាពរបស់កម្ពុជា។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា “យើងមានមោទនភាពមែនទែន ដោយសារតែប្រទេសកម្ពុជាយើងដែលជាប្រទេសតូចមែន តែក្នុងពេលរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព យើងឃើញថាមានប្រទេសជាច្រើនមកគោរព ហើយទន្ទឹមនឹងនោះ យើងក៏មានសារព័ត៌មានជាច្រើនណាស់ បានផ្សាយបន្តផ្ទាល់ គឺប្រទេសជាច្រើនបានយកការផ្សាយបន្តផ្ទាល់នេះ។ ទី១-យើងបានបង្ហាញពីអរិយធម៌ដ៏យូរលុងរបស់យើង។ ទី២-យើងបានបង្ហាញពីការឯកភាពជាតិរបស់យើង។ ទី៣-យើងបង្ហាញពីភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋរបស់យើង គឺថានៅពេលដង្ហែរព្រះបរមសព យើងមិនមានភាពរញ៉េរញ៉ៃអ្វីទេ គឺល្អណាស់។ នេះគឺសុទ្ធសឹងជាចំណុចសំខាន់”។
ចំណែកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាអតីតព្រះលេខាផ្ទាល់របស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក៏បានមានព្រះបន្ទូលកោតសរសើរដ៏កក់ក្តៅបំផុត ជូនចំពោះរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ថ្វាយព្រះករុណាព្រះមហាវីរក្សត្រ។ ជាការរៀបចំដែលព្រះអង្គចាត់ទុកថា បានផ្តល់ព្រះកិតិ្តយសដ៏ធំធេងថ្វាយព្រះករុណាព្រះមហាវីរក្សត្រ ដែលជាវីរបុរសនៃប្រទេសកម្ពុជាយើង ហើយក៏ជាការលើកកិត្តិយសជាតិឲ្យខ្ពស់ដែរ។
យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ ធម្មិកោ បានសម្តែងព្រះទ័យសោកស្តាយចំពោះការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ដែលបានផ្តល់អាទិភាពដល់ភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិ ដោយមិនសូវយកចិត្តទុកដាក់ទៅលើទឹកចិត្តរបស់ប្រជារាស្ត្រ ដែលខំស្កាត់មកពីបណ្តាខេត្តឆ្ងាយៗ មិនបានមកថ្វាយបង្គំលាព្រះករុណា នៅពេលថ្វាយព្រះភ្លើង។
ក៏ប៉ុន្តែលោក ខៀវ កាញារីទ្ធ ក្នុងនាមរាជរដ្ឋាភិបាល បានសូមអធ្រាស្រ័យដល់ការមិនអនុញ្ញាតឲ្យមហាជនចូលមុខព្រះបរមរាជវាំង និងទៅវាលព្រះមេរុ ក្នុងពេលថ្វាយព្រះភ្លើង ព្រះបរមសព។ មូលហេតុដើម្បីធានាដល់សុវត្ថិភាពប្រតិភូបរទេសផង និងដើម្បីធានានូវរបៀបរៀបរយផង៕
————————————




ទង្វើរបស់ មនុស្ស គឺ មិនអាច ផ្គាប់ចិត្ត របស់មនុស្ស បានល្អ ១០០%នោះទេ ដូច្នេះ រមេងតែងតែ មានពាក្យថាសោកស្តាយ មិនចេះ ចប់ ។ សូមបងប្អូន ត្រូវប្រកាន់ចិត្ត ជាព្រះ កុំប្រកាន់ចិត្ត ជាមា ។
ដោយសារតែបងប្អូនប្រកាន់ចិត្ត ជាព្រះ កុំប្រកាន់ចិត្ត ជា នេះហើយទើបខ្មែររងទុកដល់ថ្នាក់ហ្នឹង បាតទឹកដីបានការជួយស្រោស្រងយកអាសាគ្នា គិតតែសំងំសុខរៀងៗខ្ឡួន។
តាមឯកសារកាលពីសម័យបុរាណ គឺស្រុកខ្មែរនៅសម័យកាល់រើកចំរើន គឺប្រកាន់យកព្រហ្មសាសនា
មានតែអ្នកដែលត្រូវគេកាប់និងកាំបិតទេទើបដឹងថាវាឈឺប៉ុណ្ណា
បើរឿងអាក្រកៗកើតមកលើខ្លួនលោកផ្ទាល់វិញខ្ញុំមិនដឹងថា លោកអាចធ្វើចិត្តតាមអ្វីដែលលោកមានប្រសាសន៍ដែរឬអត់?
ទាំងស្តេចនិងមន្រ្តី ខ្មែរគ្មានមនសិការ ការពារទឹកដីនោះទេ ម្នាក់ៗគិតតែផលប្រយោជន៍គ្រួសារនិយម តែប៉ុណ្ណោះ។ និយាយឲ្យចំសម្បូរមនុស្សហៃអើរណាស់ មិនយូរទេលោកនឹងដឹងថាវាយ៉ាងណា? ដូចប្រទេសចំប៉ាជាមេរៀន និងប្រទេសឡាវសព្វថ្ងៃនេះ។
សោកស្តាយ កាត់ក្តីពួកខ្មែរក្រហម ប៉ុន្តែគោរពមេខ្មែរក្រហម យ៉ាងម៉េចទៅវិញខ្មែរ?