ភ្នំពេញ: ១៨ នាក់ បានស្លាប់ និង ៥៥ នាក់ រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នាថ្ងៃថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ ត្រូវនឹងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន។ នេះបើតាមរបាយការណ៍របស់ប៉ូលិសសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាល ក្រសួងមហាផ្ទៃ។
ថ្ងៃទី 11 កុម្ភៈ 2013
ដោយ: លី សិលា
CEN
របាយការណ៍បង្ហាញថា នៅថ្ងៃទី១១កុម្ភៈនេះ ចំនួនគ្រោះថ្នាក់ចរាចរ មាន ៥៧ លើក បានបង្កឲ្យខូចខាតយានយន្តសរុប ៥០គ្រឿង ក្នុងនោះ ម៉ូតូ ៣៩គ្រឿង, រថយន្តធុនតូច ៩គ្រឿង រថយន្តធុនធំ១គ្រឿង និងយានផ្សេងៗ ១គ្រឿង។
របាយការណ៍ បង្ហាញថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីបើកបរល្មើសល្បឿនមាន ១៥លើក, មិនគោរពសិទ្ធអាទិភាព ៣លើក, ប្រជែងគ្រោះថ្នាក់ ២លើក, ស្រវឹង ៥លើក,មិនប្រកាន់ស្តាំ៣លើកបត់គ្រោះថ្នាក់១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ២៩ នាក់ (យប់ ១០នាក់) ។
ចំពោះរថយន្ត ដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ មានចំនួន ៣៣គ្រឿង។
សូមរម្លឹកថា របាយការណ៍របស់ប៉ូលិសក្រសួងមហាផ្ទៃ ក៏បានបង្ហាញថា កាលពីថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន នៅទូទាំងប្រទេស មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១៥ នាក់ និងរបួស ៥៩ នាក់។
ដោយឡែក នៅថ្ងៃសែន ថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ ២ នាក់ និងរបួស ១៥ នាក់។ មូលហេតុធំៗ នៃគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ មកពីបើកបរក្នុងល្បឿនលឿន និងស្រវឹង៕