កម្មកររោងចក្រ នៅក្រុងបាវិត ធ្វើកូដកម្មទាមទារប្រាក់ឈ្នួល

ស្វាយរៀង: ​រយៈពេល​២​ថ្ងៃ​មកហើយ មាន​កម្មករ កម្មការិនី ប្រមាណ​ជា​៥​ពាន់​នាក់ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មហា​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេ​ន ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង តាំងពី​ថ្ងៃទី​១១ ដល់​ព្រឹក​ទី​១២ ខែកុម្ភៈ​នេះ បានធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​អត្ថប្រយោជន៍​ការងារ​មួយចំនួនពី​បណ្តា​ថៅកែ​រោងចក្រ​។​

ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: ចន្រ្ទា
CEN

ក្រុមកម្មករ​បានធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​អត្ថប្រយោជន៍​ការងារ​ដូចជា ៖ ទី​១ ប្រាក់ខែ​គោល​ពី​១២០​ដុល្លារ​ទៅ​១៥០​ដុល្លារ ប៉ុន្តែ​កន្លងមក​ខាង​ក្រុមហ៊ុន​បាន​ឲ្យ​ប្រាក់ខែ​គោល​កម្ម​ករពី​៥៩​ដុល្លារ​ទៅ​៦៤​ដុល្លារ​តែប៉ុណ្ណោះ​។ ទី​២ លុយ​ជំនាញ​ពេញ​ច្បាប់​៣០​ដុល្លារ​។ ទី​៣ ទាមទារ​លុយ​ថ្លៃ​រថយន្តឈ្នួល​ចំនួន​១៥​ដុល្លារ ក្នុង​កម្មករ​ម្នាក់​រយៈពេល​១​ខែ​។ ទី​៤ ករណី​សុំច្បាប់ ក្រុមហ៊ុន​បាន​ឲ្យ​ភ្លាមៗនាពេល​កន្លងមក ក្រុមហ៊ុន​ឲ្យ​សុំច្បាប់​រយៈពេល​៣​ថ្ងៃមុន ហើយ​បន្ត​មកទៀត​ឲ្យ​ខាង​រដ្ឋបាល ឬ​ក្រុមហ៊ុន​កុំ​ឲ្យ​បាត់​ប្រាក់ខែ​កម្មករ​ច្រើនពេក​។ ទី​៥ សុំ​ឲ្យ​ខាង​រដ្ឋបាល​កុំ​ឲ្យ​កាត់លុយ​ពន្ធ​ច្រើនពេក​។​

​មក​ទល់ពេល​គេ​ពុំ​ដឹងថា​ការទាមទារ​របស់​ក្រុមកម្មករ នៅតាម​បណ្តា​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មហា​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេ​ន សម្រេចបាន​លទ្ធផល​យ៉ាងណា​នោះទេ​។
​មកដល់​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ដដែល​នេះ ក្រុមកម្មករ​បាន​បញ្ឈ​ប់​ធ្វើការ​ទាមទារ​នៅមុខ​រោងចក្រ ហើយ​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​អស់ហើយ ដោយ​ពុំបាន​លទ្ធផល​អ្វី​ទាំងអស់​។ ចំណែក​ខាង​សហជីព​នៅក្នុង​រោងចក្រ​ទាំងនោះ កំពុងតែ​ប្រជុំគ្នា​ដើម្បី​រក​ដំណោះស្រាយ ្ជាមួយ​ថៅកែ​រោងចក្រ​។​

​ចំណែក​ឯខាង​រោងចក្រ​បាន​និយាយថា ការទាមទារ​ប្រាក់ខែ​នោះ គឺ​ទាល់តែ​មានការ​សម្រេច​ពី​រាជរដ្ឋាភិបាល មិនទាន់​សម្រេច​ថា​យ៉ាងណា​នោះទេ ទាល់តែ​ដល់​ចុងខែ​កុម្ភៈ​ទើបបាន​ដឹង​លទ្ធផល​៕

What Next?

Recent Articles