បិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ធ្វើប្លង់ដី នៅឃុំសោម ខេត្តតាកែវ

តាកែវ: នៅ​វត្ត​សោម ឃុំ​សោម ស្រុក​គីរីវង់ ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៣ បាន​ប្រារព្ធ​ពិធី​ប្រជុំ​ស្តីពី កា​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ដែលមាន​លោក ស្រី បេន អភិបាល​នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​។

ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: វឌ្ឍនា
CEN

​លោក សុក សិត ប្រធាន​មន្ទីរ​រៀបចំ​ដេ​ន​ដី នគរូបនីយកម្ម និង​សំណង់ ខេត្តតាកែវ បានអោយដឹងថា នៅ​ឃុំ​សោម​ចាប់ផ្តើម​អនុវត្ត​វាស់វែង និង​ប្រមូល​ទិន្នន័យ​ចាប់ពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១២ ដល់​ថ្ងៃទី​៤ វិច្ឆិកា ២០១២ អនុវត្ត​ដោយ​ក្រុមបច្ចេកទេស​ទី​៣ និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ទី​៩៣ ដែល​ទទួលបាន​លទ្ធផល​ដោយ កំណត់​ព្រំ និង​វាស់វែង​ព្រំ​តំបន់​បាន ១៣៧​ចំណុច បំពេញ​សលាក​ប​ត្រ​បាន​ចំនួន ៨៨៩ សលាក​ប​ត្រ​វាស់វែង និង​គូរ​ក្បាលដី​បាន ៨៨៩ បំពេញ​ទម្រង់​បែបបទ​បាន ៨៨៩ បញ្ចូល​ទិន្នន័យ​បាន ៨៨៩ និង​គូរ​បាន​ផែនទី ១​ផ្ទាំង ដែលមាន ក្រឡា​ផ្ទៃ​សរុប​ក្នុង​តំបន់​មាន​ទំហំ ៦៥១,៩៤​ហិកតា ក្នុងនោះ​ដី​ប្រជាពលរដ្ឋ ៥៦៦​គ្រួសារ កាន់កាប់​ផ្ទៃដី​ទំហំ ៤៨១,២១ ហិកតា មាន ៨១៤​ក្បាលដី ក្នុងនោះ ៨០៩​ក្បាលដី ជា​ដី​កសិកម្ម និង ៥​ក្បាលដី ជា​ដី​លំនៅឋាន​។ ចំណែក​ដី​រដ្ឋ មាន​ផ្ទៃដី​សរុប​ទំហំ ១៧០,៧៣​ហិកតា មាន​៧៥​ក្បាលដី ក្នុងនោះ​មាន ដីព្រៃ​មាន ៧៤​ក្បាលដី មាន​ទំហំ ៦១,៧៦​ហិកតា ដី​អាងទឹក​មាន ១​ក្បាលដី ស្មើនឹង ៥,១៤​ហិកតា ក្រៅពីនេះ​ផ្ទៃដី​ទំហំ ១០៣,៨៣​ហិកតា ទៀត​ជា ផ្លូវ ប្រឡាយ អូរ​។

​លោក សុក សិត បាន​បន្តថា លទ្ធផល​ដែល​ទទួលបាន​ខាងលើ គឺ​បានមកពី​ការសហការ​គាំទ្រ ពី​សំណាក់​រាជរដ្ឋាភិបាល ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​អភិបាល អភិបាលរង​ខេត្ត គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត ក្រុមការងារ​ដើរ​ដ្ឋ ថ្នាក់ស្រុក អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្ត ពិសេស​ក្រុមការងារ​បច្ចេកទេស ប្អូនៗ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ នាយ​កល​រដ្ឋមន្ត្រី​។

​នៅក្នុង​ឱកាស​នោះ​លោក ស្រី បេន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ថ្ងៃនេះ​គឺជា​លើក​ទី ២ សម្រាប់​ស្រុក​គីរីវង់ ដែល​បាន​ប្រារព្ធ​ពិធី​ប្រជុំ​ប្រកា​សបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ក្នុង​ដំណើរការ​នៃ​ការអនុវត្ត​នូវ​បទបញ្ជា​លេខ ០១ ប​.​ប របស់​រាជរដ្ឋាភិបាល​ដ៏​មាន​សារៈសំខាន់ ។

​លោកស្រី បេន បាន​មានប្រសាសន៍​ទៀតថា យោងតាម​សេចក្តីណែនាំ​លេខ ១០៨ ស​ណន​/​កគដ ចុះ​ថ្ងៃទី ២០ កក្កដា ២០១២ ស្តីពី​ការធ្វើ​អត្តសញ្ញាណ​កម្ម​ដីធ្លី អត្តសញ្ញាណ​កម្ម​ប្រជាពលរដ្ឋ និង​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​។ នីតិវិធី​តម្រូវអោយធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ជា​ទិន្នន័យ​ដែល មន្ត្រី​បច្ចេកទេស​សម្របសម្រួល​បាន និង​រៀបចំ​គ្រប់​បែបបទ​មក​ដាក់​បិទ​ផ្សាយ​ជា​សាធារណៈ​ជូន​អ្នកពាក់ព័ន្ធ និង​អ្នកមាន​ប្រយោជន៍​ពិនិត្យ ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ថ្ងៃនេះ​រហូត ដល់​ថ្ងៃទី​១៣ ខែមីនា ២០១៣ ជា​ថ្ងៃ​បញ្ចប់​ការបិទ​ផ្សាយ​ជា​សាធារណៈ ហើយ​ឯកសារ​ដែល​បាន​បិទ​ផ្សាយ​នេះ​នឹង​ក្លាយជា​ផ្លូវការ​តាមច្បាប់​។ បន្ទាប់ពី​ចប់​ការបិទ​ផ្សាយ​ជា​សាធារណៈ​នេះ គណៈកម្មាធិការ​រដ្ឋបាល​នឹងធ្វើ​របាយការណ៍ នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​ជូន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត រួម​និង​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ គឺ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​។

​ដោយហេតុថា ការបិទ​ផ្សាយ​ជា​សាធារណៈ​ជា​ឱកាស​ចុងក្រោយ ដូច្នេះ​លោក​អភិបាលខេត្ត សូម​អំពាវ​នា​ទៅ​បងប្អូន​ជា​អ្នកមាន​ដី និង​គ្រប់​ស្ថាប័ន គ្រប់​អង្គភាព ដែលមាន​ជាប់​ពាក់ព័ន្ធ នឹង​ក្បាលដី​ទាំងអស់​ស្ថិតនៅ ក្នុង​តំបន់ ធ្វើការ​វិនិច្ឆ័យ នៃ​ភូមិ​ទួល​ពង្រ ភូមិ​ស្រែ​កែស ភូមិ​ព្រាល ភូមិ​ថ្មី ភូមិ​ពីងពង់ ភូមិ​សោម ភូមិ​ដើម​រំ​ដែល និង​ភូមិ​ដើម​អង្កោល ឃុំ​សោម ស្រុក​គីរីវង់ អញ្ជើញ​ចូលរួម​ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ របស់​ទិន្នន័យ​ផង និង​សិទ្ធិ ស្របច្បាប់​របស់ខ្លួន​ដែល​នឹង​ទទួលបាន​ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ អោយបាន​គ្រប់ៗ​គ្នា ក្នុង​រយៈពេល ៣០​ថ្ងៃ តាម​កាលបរិច្ឆេទ ដែល​បានកំណត់​ក្នុង​សេចក្តីជូនដំណឹង​។

​លោក ស្រី បេន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​ការងារ​ដីធ្លី​នេះ ព្រមទាំង​បាន​ខិតខំ​អនុវត្ត​នូវ​កម្មវិធី​ដែល​រួមមាន ការចុះបញ្ជី​ដីធ្លី និង​ការរៀបចំ​ស្ថាប័ន​ទាក់ទង នឹង​សុវត្ថិភាព នៃ​សិទ្ធិ​លើដី​ធ្លី សំដៅ​សម្រេច​នូវ​គោលដៅ​របស់​ជាតិ សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កាត់បន្ថយ​នូវ​ភាពក្រីក្រ អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព និង​សុខដុម​នីយកម្ម​៕

What Next?

Recent Articles