Tuesday, 12 February 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ពាក់ព័ន្ធនឹងបណ្តឹងដ៏ចម្រូងចម្រាសនៅតុលាការពីបទឆបោក ចេញសែកអត់ប្រាក់នោះ អតីតពិធីការិនីស៊ីធីអិន សាសា បានបញ្ជាក់ឲ្យដឹងនៅមុនពេលនាងឡើងយន្តហោះទៅកាន់ប្រទេសបារាំងថា នាងនឹងជម្រះបញ្ជីបុរសជាដើមបណ្តឹង ហ៊ុយ ច័ន្ទតារា នៅលើសង្វៀនតុលាការនៅក្រោយពេលនាងត្រឡប់មកពីប្រទេសបារាំងវិញ។
ការចេញទៅប្រទេសបារាំងក្នុងបំណងតែម្យ៉ាងគត់គឺទៅដើរលេងកម្សាន្តហើយក៏មិនចំណាយពេលនៅទីនោះយូរអង្វែងដែរនោះ សាសា បាននិយាយថា៖«ចា! ខ្ញុំមានមិត្តភក្តិនៅហ្នឹង(បារាំង) គេជួយធានា ខ្ញុំទៅប្រទេសបារាំងហ្នឹង ហើយខ្ញុំទៅទីនោះក៏មិនយូរដែរប្រហែលជាង១០ថ្ងៃទេ ព្រោះគ្រាន់តែទៅដើរលេងប៉ុណ្ណោះ»។
ជាមួយគ្នានោះ តារាដែលចូលចិត្តសម្ញែងដើមទ្រូងពើងធំមូលក្បំសិចស៊ី សាសា ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា បញ្ហាវិវាទរវាងនាង និង ហ៊ុយ ច័ន្ទតារា នៅតុលាការក៏មិនទាន់បញ្ចប់ដែរពោលគឺរឿងក្តីកំពុងបន្តដំណើរការ។
នាងនិយាយថា៖«ខ្ញុំសូមបញ្ជាក់ថា រឿងនេះមិនទាន់បានបញ្ចប់ ឬដោះស្រាយគ្នាស្ងាត់ៗទេ ហើយទស្សនិកជនកុំស្អប់ខ្ពើមខ្ញុំ ព្រោះសែកនោះខ្ញុំមិនបានចេញឲ្យ ហ៊ុយ ច័ន្ទតារាទេហើយខ្ញុំក៏មិនបានលួងអ្នកណា បោកអ្នកណាយកឡានទៅបញ្ចាំដែរខ្ញុំគ្មានចេតនាណាទៅឲ្យកើតមានរឿងដ៏ថោកបែបហ្នឹងដែរ។ រឿងអ្វីក៏ដោយវាមានរឿងពីក្រោយរបស់វា ប៉ុន្តែគ្រាន់តែខ្ញុំអត់ទាន់និយាយទេ ព្រោះរឿងកំពុងដោះស្រាយ ធ្វើអីក៏ដោយប្រទេសយើងមានច្បាប់»។
កាលពីចុងឆ្នាំ២០១២ លោក ហ៊ុយ តារា ជាម្ចាស់រថយន្តបានឲ្យដឹងថា លោកបានដាក់ពាក្យប្តឹងនាង សាសា អតីតពិធីការិនីទូរទស្សន៍ CTN ពីបទ ឆបោក ចេញសែកអត់សាច់ប្រាក់ហើយពាក្យបណ្តឹងនេះលោកបានដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ម៉្លេះ។ លោក ហ៊ុយ តារា ក៏បានប្រាប់ឲ្យដឹងផងដែរថាមូលហេតុដែលនាំឲ្យកើតរឿងរ៉ាវចម្រូងចម្រាសដល់ថ្នាក់ប្តឹងប្តល់នេះ គឺដោយសារតែនាង សាសា នេះបានខ្ចីឡានរបស់លោកយកទៅបញ្ចាំលេងល្បែង ហើយគេចវេះមិនព្រមដោះស្រាយឬសងឡើយ ហើយនៅពេលចេញសែកឲ្យលោក បែរជាអត់មានប្រាក់នោះ។
ការលើកឡើងរបស់លោក ហ៊ុយ ច័ន្ទតារា នេះបានធ្វើឲ្យសាសា ក្តៅក្រហាយមិនតិចទេ ហើយនាងបានបញ្ជាក់នៅមុនពេលចេញទៅដើរកម្សាន្តនៅប្រទេសបារាំងថា នាងមិនបានចេញសែកមួយសន្លឹកណាឲ្យ ហ៊ុយ ច័ន្ទតារា ឡើយ សែកដែលគេបង្ហាញនោះគឺនាងចេញឲ្យអ្នកផ្សេងតែប៉ុណ្ណោះ មិនមែន ហ៊ុយ ច័ន្ទតារាទេ ហើយកាលដែលគេយកសែកនោះទៅបង្ហាញគេគឺជាការរំលោភសិទ្ធិទៅលើរូបនាង។
នាងបាននិយាយថា៖«សែកដែលគេផ្តល់បង្ហាញគេឯងមុនហ្នឹង គួរតែច្បាស់ថា តើសែកហ្នឹងខ្ញុំចេញឲ្យម្នាក់[ហ៊ុយ តារា]ហ្នឹងមែនអត់? ចុះបើគេមានគំនិតអាក្រក់យកសែកនោះទៅគ្រាន់តែបង្ហាញ តើសែកនោះខ្ញុំចេញឲ្យហ៊ុយ ច័ន្ទតារា ហ្នឹងអី? ហេតុអីគាត់ [ហ៊ុយ ច័ន្ទតារា] ហ្វូតូសែកនោះដាក់លើកាសែត ខណៈដែលសែកនោះ ខ្ញុំចេញឲ្យអ្នកផ្សេងសោះ។ អាហ្នឹងវាដូចជារំលោភសិទ្ធិខ្ញុំពេកហើយ»។
ជាមួយនឹងការប្រកែកដាច់អហង្កាបែបនេះ សាសា ក៏បានបញ្ជាក់ផងដែរថា នាងនឹងមិនបណ្តោយឲ្យអ្នកណាជាន់ឈ្លីកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់នាងទេ ហើយនាងក៏មិនគេចវេះពីផ្លូវច្បាស់នោះដែរ។ នាងនឹងជម្រះបញ្ជីឲ្យបានច្បាស់ជាមួយនឹងលោក ហ៊ុយ ច័ន្ទតារា។
តារាលេងដើមទ្រូងរូបនេះបានបញ្ជាក់ថា៖«ខ្ញុំឥឡូវអត់ទាន់មានពេល ចាំខ្ញុំមកពីបារាំងវិញខ្ញុំនឹងដោះស្រាយរឿងហ្នឹងទាំងអស់ ចំពោះរឿងខ្ញុំខុសត្រូវតុលាការកាត់ក្តី បើខ្ញុំអត់ចូលខ្លួនដោះស្រាយរឿងហ្នឹងទេ ខ្ញុំគេចវេះអាហ្នឹងចាំវាយប្រហារខ្ញុំចុះ តែឥឡូវខ្ញុំកំពុងដោះស្រាយ។ ខ្ញុំត្រូវចូលទៅដោះស្រាយខាងផ្លូវច្បាប់ បើខ្ញុំខុសអ្នកឯងធ្វើអីធ្វើទៅ ប៉ុន្តែខ្ញុំមិនបានហ្វូតូឬក៏ចេញសែកឲ្យបុរសម្នាក់ហ្នឹងទេ»។
លោក ហ៊ុយ ច័ន្ទតារា បានដាក់ពាក្យបណ្តឹងប្តឹង សាសា ដើម្បីឲ្យនាងសងប្រាក់ តែសាសា បានបញ្ជាក់ថា នាងក៏មិនទាន់ដឹងថា នាងត្រូវសងឬយ៉ាងណានោះទេ ខណៈផ្លូវច្បាប់កំពុងបន្តនីតិវិធី។ នាងបាននិយាយថា៖ «ខ្ញុំអត់និយាយរឿង[សងលុយ]ហ្នឹងទេ រឿងកំពុងដោះស្រាយ ខុសត្រូវខ្ញុំអត់និយាយ ខ្ញុំសងឬក៏មិនសងក៏ខ្ញុំអត់ហ៊ាននិយាយដែរ ព្រោះអីរឿងរបស់យើងអត់ទាន់បានចប់។ ខ្ញុំនឹងឈរចំពោះមុខច្បាប់ខ្ញុំអត់គេចទេ ហើយខ្ញុំក៏មិនបានទៅឆក់ទៅប្លន់គេដែរ។ ភាសាមួយទៀតដែលថា «លួងយកឡានបញ្ចាំ» ភាសាហ្នឹងក៏អត់ត្រូវដែរ ខ្ញុំក៏បានធ្វើការលើផ្លូវច្បាប់ចំពោះរឿងនេះដែរ អ៊ីចឹងពេលណាទទួលជោគជ័យ និងបរាជ័យ ខ្ញុំនឹងប្រាប់នៅពេលក្រោយ ក្នុងអំឡុងពេល២ខែទៀត ទើបរួចរាល់»។
ទោះបីជាយ៉ាងណាតារារូបនេះបានសម្តែងនូវការហួសចិត្តចំពោះ ហ៊ុយ ច័ន្ទតារា ថា៖ «ក្នុងជីវិតរបស់ខ្ញុំមិនដែលបានជួបមនុស្សប្រភេទហ្នឹងទេ ហើយក៏មិនឲ្យរឿងនេះកើតឡើងជាលើកទី២លើខ្ញុំដែរប៉ុន្តែរវាងស្នេហាអូនបងអីគឺគ្មានទេ គ្រាន់តែថា វិវាទនេះ ខ្ញុំនឹងប្រាប់នៅពីរខែក្រោយ»៕

