ភ្នំពេញ: អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០១៣ បានចេញសេចក្តីសម្រេចរបស់ខ្លួនលើបណ្តឹងសាទុក្ខភ្លាមៗរបស់សហព្រះរាជអាជ្ញា ប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលបានបដិសេធត្រង់ផ្នែកដែលពាក់ព័ន្ធនឹងការពន្លាត់វិសាលភាពនៃការជំនុំជម្រះក្តីទីមួយក្នុងសំណុំរឿង០០២។
ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: កូឡាប
CEN
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៣ បានលើកឡើងថា អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងខាងលើ ដោយហេតុថា ការបំបែកកិច្ចដំណើរការនីតិវិធីសំណុំរឿង ០០២ នៅអំឡុងខែកញ្ញា ឆ្នាំ២០១១ និងសេចក្តីសម្រេចជាបន្តបន្ទាប់ដែលពាក់ព័ន្ធ ខ្វះនូវភាពច្បាស់លាស់ និងខ្វះសំអាងហេតុគ្រប់គ្រាន់ និងដោយហេតុថា អង្គជំនុំជម្រះសាលាដំបូងបានបំបែកកិច្ចដំណើរការនីតិវិធីសំណុំរឿង ០០២/០១ ដោយមិនបានផ្តល់ឱកាសគ្រប់គ្រាន់ដល់ភាគីនានាក្នុងការចូលរួមដាក់សារណា។
ទោះបីជាយ៉ាងណាក៏ដោយ អង្គជំនុំជម្រះតុលាការកំពូល ទទួលស្គាល់នូវកត្តានានា ដែលទំនងជាញ៉ាំងឲ្យអង្គជំនុំជម្រះសាលាដំបូងសម្រេចបំបែកកិច្ចដំណើរការនីតិវិធី ដើម្បីធ្វើឲ្យការជំនុំជម្រះក្តីប្រព្រឹត្តទៅបានឆាប់រហ័ស និងងាយស្រួលគ្រប់គ្រងជាងមុន។ អង្គជំនុំជម្រះតុលាការកំពូលបានបញ្ជាក់បន្ថែមទៀតថា អង្គជំនុំជម្រះសាលាដំបូងនៅតែមានអំណាចក្នុងការវាយតម្លៃឡើងវិញនូវវិធីសាស្ត្រក្នុងការបំបែកសំណុំរឿង ០០២ ដោយអញ្ជើញភាគីនានាដាក់សារណា ហើយធ្វើការពិចារណាលើរាល់កត្តា និងផលប្រយោជន៍ស្របច្បាប់នានារបស់ភាគីពាក់ព័ន្ធ។ សេចក្តីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលកំណត់ត្រឹមតែការបំបែកកិច្ចដំណើរការនីតិវិធីសំណុំរឿង០០២ តែប៉ុណ្ណោះ ប៉ុន្តែមិនមានអានុភាពទៅលើសវនាការឬដំណើរការនីតិវិធីលើអង្គសេចក្តីក្នុងសំណុំរឿង ០០២ ដែលបានដំណើរការរហូតមកដល់បច្ចុប្បន្ននេះទេ៕