អាល្លឺម៉ង់​ផ្ដល់​ថវិកា​ជាង​១​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​បោស​សម្អាត​មីន

អនុប្រធាន​នៃ​អាជ្ញាធរ​ជាតិ​បោស​សម្អាត​មីន​កម្ពុជា លោក ប្រាក់ សុខុន និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​អាល្លឺម៉ង់ (Germany) ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក ហ្វូវហ្គែង ម៉ូសេ (Woftgang Morse) ទទួល​ជំនួយ​ចំនួន​ជាង ១លាន ១សែន​អឺរ៉ូ (euro) ស្មើ​នឹង​ជាង ១លាន ៤សែន​ដុល្លារ​អាមេរិក សម្រាប់​ចំណាយ​លើ​ការ​បោស​សម្អាត​មីន​នៅ​ឆ្នាំ​២០១៣ នេះ។

ដោយ សុខ សេរី
2013-02-13
​វិទ្យុ​អាស៊ីសេរី

អនុប្រធាន​នៃ​អាជ្ញាធរ​ជាតិ​បោស​សម្អាត​មីន​កម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​អាល្លឺម៉ង់ (Germany) ប្រចាំ​កម្ពុជា លោក ហ្វូវហ្គែង ម៉ូសេ (Woftgang Morse) [ឆ្វេង] កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ RFA/Sok Serey

ជំនួយ​ឥត​សំណង​នេះ គឺ​ផ្តល់​ជូន​អង្គការ​បោស​សម្អាត​គ្រាប់​មីន​កម្ពុជា (ស៊ីម៉ាក់ = CMAC) សម្រាប់​ចំណាយ​លើ​ការ​បោស​សម្អាត​គ្រាប់​មីន​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ គឺ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប ដែល​មាន​ផ្ទៃដី​ចម្ការ​មីន​ទំហំ​ជាង ៩២០​ហិកតារ។

ការ​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​នេះ នៅ​គ្រា​ដែល​ការ​សិក្សា​ស្រាវជ្រាវ​មួយ រយៈពេល ៣​ឆ្នាំ​កន្លង​មក បាន​រក​ឃើញ​ថា កម្ពុជា នៅ​មាន​ផ្ទៃដី​ចម្ការ​គ្រាប់​មីន​ចំនួន​ជាង ១.៤០០​គីឡូម៉ែត្រ​ក្រឡា​ទៀត។

នៅ​ក្នុង​ការ​បោស​សម្អាត​គ្រាប់​មីន​រយៈពេល ២០​ឆ្នាំ​កន្លង​មក​នោះ អង្គការ​ស៊ីម៉ាក់ បាន​បោស​សម្អាត​គ្រាប់​មីន​ជាច្រើន​លាន​គ្រាប់ នៅ​លើ​ផ្ទៃដី​ចំនួន​ជាង ៨០០​គីឡូម៉ែត្រ​ក្រឡា។

លោក ប្រាក់ សុខុន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ជំនួយ​នេះ​គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​រស់នៅ​ដោយ​សុវត្ថិភាព និង​ជួយ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​ខេត្ត​ចំនួន​២​នោះ៖ «ប្រជាជន​កម្ពុជា យើង​តែង​នឹក​ដឹង​គុណ​ជានិច្ច ពីព្រោះ​វា​ជា​ចំណែក​នៃ​ការ​លុប​បំបាត់​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​ផង និង​ការ​រំដោះ​ដី​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​បាន​បង្កបង្កើន​ផល​ផង។ ជាទូទៅ មាន​ប្រទេស​ច្រើន​ដែរ​ដែល​បន្ត​ជួយ​ជាប់​ជានិច្ច​ចំពោះ​វិស័យ​សកម្មភាព​មីន​នេះ ប៉ុន្តែ​ខាង​អាល្លឺម៉ង់ គាត់​ជួយ​ជាប់លាប់»

ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​ប្រទេស​អាល្លឺម៉ង់ នៅ​ប្រទេស​កម្ពុជា លោក ហ្វូវហ្គែង ម៉ូសេ បាន​មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស​ថា ជំនួយ​នេះ គឺ​នៅ​គ្រា​ដែល​គម្រោង​បោស​សម្អាត​គ្រាប់​មីន​កន្លង​មក​បាន​ទទួល​លទ្ធផល​គួរ​ឲ្យ​ពេញ​ចិត្ត។

លោក​បាន​បន្ត​ថា ការ​បោស​សម្អាត​គ្រាប់​មីន​កាល​ពី​ឆ្នាំ​២០១២ កន្លង​មក​នេះ គឺ​បាន​បោស​សម្អាត​គ្រាប់​មីន​ចំនួន​ជាង ៣.៦០០​គ្រាប់ នៅ​លើ​ផ្ទៃដី​ចំនួន​ជាង ៤៥០​ហិកតារ។ ក្រៅ​ពី​នេះ អង្គការ​ស៊ីម៉ាក់ បាន​បំផ្លាញ​ចោល​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង ២៣​ពាន់​គ្រាប់។

កម្ពុជា បាន​ក្លាយ​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​អូតាវ៉ា (Ottawa) ប្រទេស​កាណាដា (Canada) តាំង​ពី​ឆ្នាំ​១៩៩៧ កន្លង​មក ក្នុង​ការ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រាប់​មីន ផលិត​គ្រាប់​មីន និង​ស្តុក​គ្រាប់​មីន។ កម្ពុជា បាន​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​ជា​ច្រើន​លាន​គ្រាប់ តាំង​ពី​មាន​សង្គ្រាម​ទសវត្ស​ឆ្នាំ​១៩៧០ កន្លង​មក។

ប្រទេស​អាល្លឺម៉ង់ បាន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​ជាង ១៥​លាន​ដុល្លារ​អាមេរិក ហើយ ជូន​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៩ កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles