ខេត្តស្វាយរៀង: កិច្ចប្រជុំចរចាដោះស្រាយកូដកម្មរបស់កម្មកររោងចក្រជិត ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង និងមេនហាតធេន នៅបាវិត ខេត្តស្វាយរៀង ដែលគ្រោងនឹងជួបប្រជុំដោះស្រាយនៅព្រឹកថ្ងៃទី១៤កុម្ភៈនេះ ត្រូវបានពន្យារពេលទៅធ្វើនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ។ មូលហេតុ មកពីភាគីពាក់ព័ន្ធមិនមានវត្តមានក្នុងកិច្ចប្រជុំចរចា ក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្ត និងក្រសួងការងារ។
ថ្ងៃទី 14 កុម្ភៈ 2013
ដោយ: លី សិលា
CEN
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដែលបានឃ្លាំមើលកូដកម្មរបស់កម្មករនៅបាវិត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៣ ថា ថៅកែរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ ក៏បានសម្រេចឲ្យកម្មករបន្តឈប់សម្រាក រហូតដល់ដើមសប្តាហ៍ក្រោយ ខណៈដែលការចរចាដោះស្រាយកូដកម្មនោះនឹងធ្វើឡើង នៅថ្ងៃចន្ទ។
មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា ក៏បានបន្ថែមឲ្យដឹងថា ដោយឡែកសម្រាប់ករណីកូដកម្មរបស់រោងចក្រ ឡុងប្រាយ ដែលផលិតអំពូលអគ្គិសនី ដែលបានកំណត់ថានឹងជួបប្រជុំចរចានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏បានពន្យារពេលលើកទៅធ្វើនៅថ្ងៃចន្ទផងដែរ។
សូមរម្លឹកថា កម្មករជិត ២ ម៉ឺននាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និង តាយសេង នៅទីក្រុងបាវិត បានផ្ទុះកូដកម្មទ្រង់ទ្រាយធំទាំងអស់គ្នា កាលពីថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៣។ ក្រុមកម្មករ នៅរោងចក្រកាត់ដេរ រោងចក្រផលិតកង់ ពូក និងផលិតគ្រឿងអគ្គិសនី នៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង និងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ដែលមានរោងចក្រសរុបជាង ៣០ រោងចក្រ បានធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែពី ១២០ ទៅ ១៥០ ដុល្លារ ព្រមទាំងលក្ខខណ្ឌការងារមួយចំនួន ដូចជា ធ្វើការថែមម៉ោង ត្រូវធ្វើដោយគោលការណ៍ស្ម័គ្រចិត្ត ជាដើម។
អាជ្ញាធរ បានកំណត់ថា នឹងប្រជុំស្វែងរកដោះស្រាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤កុម្ភៈ ឆ្នាំ២០១៣ ដោយមានការចូលរួមពីមន្ត្រីក្រសួងការងារ អាជ្ញាធរខេត្ត ខាងសមាគមរោងចក្រកាត់ដេរ តំណាងអភិបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។
កូដកម្មនោះ បានកើតឡើងជាបញ្ហាក្តៅគគុក រយៈពេល ៤ ទៅ ៥ ថ្ងៃហើយ ដែលមន្ត្រីមន្ទីរការងារ ក៏ដូចជាអាជ្ញាធរដែនដី ព្យាយាមសម្របសម្រួល តែមិនសះជា ដោយសារតែក្រុមកម្មករ ទាមទារហួសហេតុលើសច្បាប់ការងារ ដូចជា ប្រាក់ថែមម៉ោង រួមទាំងការដំឡើងប្រាក់ខែ។ រីឯថៅកែរោងចក្រ មានជំហររឹងត្អឹងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ S