សង្គម​ស៊ីវិល​សម្តែង​ការ​បារម្ភ​លើ​សេចក្តី​ព្រាង​ច្បាប់ សង់​ទំនប់​សេសាន្ត២

Thursday, 14 February 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ប្រជាពលរដ្ឋ ធ្វើដំណើរតាមទូកនៅលើទន្លេសេសានក្នុងខេត្តស្តឹងត្រែង។រូបថតភ្នំពេញប៉ុស្តិ៍

ប្រជាពលរដ្ឋ ធ្វើដំណើរតាមទូក នៅលើទន្លេសេសាន ក្នុងខេត្តស្តឹងត្រែង។ រូបថត ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​បង្ហាញ​ការ​មន្ទិល​សង្ស័យ និង​ទុក្ខ​កង្វល់​យ៉ាងខ្លាំង លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុនហា​ដ្រូ ផៅ​វ័​រឡូ​វើ​រ សេ​សាន្ត​២ ដែល​រដ្ឋសភា នឹង​ប្រជុំ​អនុម័ត នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ ឆ្នាំ​២០១៣ ថា​នឹង​មាន​ផល​ប៉ះ​ពាល់​ខ្លាំង ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ឲ្យបាន​ទូលំទូលាយ​ជា​សាធារណៈ។​

សេចក្តីថ្លែងការណ៍​របស់​សង្គម​ស៊ីវិល ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១៤កុម្ភៈ ឆ្នាំ​២០១៣ បង្ហាញថា “​យើងខ្ញុំ​ទាំងអស់គ្នា ក៏​មាន​កង្វល់ ទៅលើ​ភាពខុសគ្នា​រវាង​តួលេខ នៃ​ចំនួន​ភូមិ និង​គ្រួសារ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​សេ​សាន្ត និង​ស្រែ​ពក ដែល​នឹងរង​ផលប៉ះពាល់ ដោយ​ផ្ទាល់​ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២”​។

ក្រៅពី​បារម្ភ​ចំពោះ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី សេ​សាន្ត​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​រួមមាន​អង្គការ​សមាជិក​សម្ព័ន្ធ​ទន្លេ​កម្ពុជា វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា និង​បណ្តាញ​សិទ្ធិ​ដីធ្លី និង​លំនៅឋាន ក៏​បាន​ស្នើសុំ​ឲ្យ​រដ្ឋសភា ពន្យារ​ពេល​អនុម័ត​សេចក្តីព្រាងច្បាប់នេះដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៤ របស់​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា របាយ​ការណ៍​ពី​ផល​ប៉ះ​ពាល់​របស់​រាជរដ្ឋាភិបាល គឺ​ខុស​ពី​របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​របស់​ក្រុម​ហ៊ុន ដូចជា ចំនួន​ភូមិ និង​ចំនួន​ប្រជាជន ដែល​រង​ផល​ប៉ះ​ពាល់ ជា​ដើម។

ផ្អែក​តាម​សេចក្តីថ្លែងហេតុ បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​មាន​ចំនួន ៦ ភូមិ ត្រូវជា ៥១៥ គ្រួសារ នៅ​ឆ្នាំ​២០១០ ហើយ​នឹង​កើនឡើង​ដល់ ៧៩៧ គ្រួសារ នៅ​ឆ្នាំ​២០១៤​។ ផ្ទុយទៅវិញ របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ពេញលេញ ដែល​រៀបរៀង​ដោយ​ក្រុមហ៊ុន ឃី ខន​សា​លធេន ( ខេ​ម​បូឌា ) ( Key Consultant Cambodia ) និង​ទទួលស្គាល់ ដោយ​ក្រសួង​បរិស្ថាន និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៩ បានបង្ហាញ​ថា គម្រោង​នេះ នឹង​បណ្តាលឲ្យ​មាន​ផលប៉ះពាល់​ចំនួន ៨ ភូមិ ស្ថិតក្នុង ៤ ឃុំ ក្នុងស្រុក​សេ​សាន្ត ដែល​មាន​ប្រជាជន​សរុប ១.០២៥ គ្រួសារ នៅ​ឆ្នាំ​២០០៨ និង​អាច​កើនឡើង រហូតដល់ ១.៥២៩ គ្រួសារ នៅ​ឆ្នាំ​២០១២​។

What Next?

Recent Articles