សង្គម​ស៊ីវិល ស្នើឲ្យ​រដ្ឋសភា ពន្យារ​ពេល​អនុម័ត​ច្បាប់ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល ធានា​ដល់​ក្រុមហ៊ុន ក្នុង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី សេ​សានក្រោម​២

ភ្នំពេញ: ក្រៅពី​បារម្ភ​ចំពោះ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី សេ​សានក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​រួមមាន​អង្គការ​សមាជិក​សម្ព័ន្ធ​ទន្លេ​កម្ពុជា វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា និង​បណ្តាញ​សិទ្ធិ​ដីធ្លី និង​លំនៅឋាន ក៏​បាន​ស្នើសុំ​ឲ្យ​រដ្ឋសភា ពន្យារ​ពេល​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់​ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន​ ហា​យដ្រូ ផៅ​វ័​រឡូ​វើ​រ សេ​សាន២ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៤ របស់​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។

ថ្ងៃទី 14 កុម្ភៈ 2013, ម៉ោង 09:33:AM
ដោយ: លី សិលា
CEN

លោក មៀច មាន អ្នកសម្របសម្រួល បណ្តាញការពារទន្លេ៣ បង្ហាញពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ នៅខេត្តស្ទឹងត្រែង

​សេចក្តី​ព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល និង​សហគមន៍​នៅ​តំបន់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ត្រូវបាន​លើកឡើងក្នុង​សន្និសីទកាសែត នៅ​អង្គការ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។​

​ជាមួយគ្នា​នោះ ខាង​សហគមន៍​ដែល​រង​ផលប៉ះពាល់ ក៏​បាន​បែងចែក​ជា​ពីរ​ក្រុម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​កុម្ភៈ ឆ្នាំ​២០១៣ ដើម្បី​ដាក់​ញត្តិ ២ ដាច់ដោយឡែក​ពីគ្នា ទៅកាន់​ស្ថានទូត​ចិន និង​ទៅ​កាន់​រដ្ឋសភា​។ ក៏ប៉ុន្តែ​សម្រាប់​ស្ថានទូត​ចិន គឺ​គេ​មិន​ទាន់​ចូល​ធ្វើការ ដូច្នេះ​សន្តិសុខមិន​បាន​ទទួលយក​ញត្តិ​របស់​សហគមន៍​ឡើយ​។ រី​ឯ​រដ្ឋសភា ក៏​ស្ទាក់ស្ទើរមិន​ព្រម​ទទួល​ញត្តិ​របស់​សហគម​ន៍​អ្នក​រង​ផល​ប៉ះពាល់​ទេ​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​បង្ហាញ​ការមន្ទិលសង្ស័យ និង​ទុក្ខ​កង្វល់​យ៉ាងខ្លាំង លើ​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុនហាយ​ដ្រូ ផៅ​វ័​រឡូ​វើ​រ សេ​សាន២ ដែល​រដ្ឋសភា នឹង​ប្រជុំ​អនុម័តនៅ​ថ្ងៃ​ទី​១៥​កុម្ភៈ ឆ្នាំ​២០១៣ មិន​បាន​ពិគ្រោះ​យោបល់ ឲ្យបាន​ទូលំទូលាយ​ជា​សាធារណៈ ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល និង​សង្គម​ស៊ីវិល​។​

សន្និសីទកាសែត បង្ហាញពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៣

​សេចក្តីថ្លែងការណ៍​របស់​សង្គម​ស៊ីវិល ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១៤កុម្ភៈ ឆ្នាំ​២០១៣ បង្ហាញថា “​យើងខ្ញុំ​ទាំងអស់គ្នា ក៏​មាន​កង្វល់ទៅលើ​ភាពខុសគ្នា​រវាង​តួលេខនៃ​ចំនួន​ភូមិ និង​គ្រួសារ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​សេ​សាន និង​ស្រែ​ពក ដែល​នឹងរង​ផលប៉ះពាល់ដោយ​ផ្ទាល់​ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២”​។

លោក ឈិត សំអាត នាយកប្រតិបត្តិ នៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានលើកឡើងថា របាយការណ៍ពីផលប៉ះពាល់របស់រដ្ឋាភិបាល គឺខុសពីរបាយ​ការណ៍​វាយតម្លៃផលប៉ះពាល់របស់ក្រុមហ៊ុន ដូចជា ចំនួនភូមិ
និងចំនួនប្រជាជន ដែលរងផលប៉ះពាល់ ជាដើម។

​លោក ឈិត សំអាត បានបន្ថែមថា ផ្អែក​តាម​សេចក្តីថ្លែងហេតុ បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​មាន​ចំនួន ៦ ភូមិ ត្រូវជា ៥១៥ គ្រួសារ នៅ​ឆ្នាំ​២០១០ ហើយ​នឹង​កើនឡើង​ដល់ ៧៩៧ គ្រួសារ នៅ​ឆ្នាំ​២០១៤​។ ផ្ទុយទៅវិញ របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ពេញលេញ ដែល​រៀបរៀង​ដោយ​ក្រុមហ៊ុន ឃី ខន​សា​លធេន (ខេ​ម​បូឌា) (Key  Consultant Cambodia) និង​ទទួលស្គាល់ ដោយ​ក្រសួង​បរិស្ថាន និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៩ បានបង្ហាញ​ថា គម្រោង​នេះ នឹង​បណ្តាលឲ្យ​មាន​ផលប៉ះពាល់​ចំនួន ៨ ភូមិ ស្ថិតក្នុង ៤ ឃុំ ក្នុងស្រុក​សេ​សាន ដែល​មាន​ប្រជាជន​សរុប ១.០២៥ គ្រួសារ នៅ​ឆ្នាំ​២០០៨ និង​អាច​កើនឡើងរហូតដល់ ១.៥២៩ គ្រួសារ នៅ​ឆ្នាំ​២០១២​។​

ចំណែកលោក មៀច មាន អ្នកសម្របសម្រួលបណ្តាញការពារទន្លេ៣ ក៏បានលើក​ឡើង​ថា រាជរដ្ឋាភិបាល មិនបានពិភាក្សាជាមួយនឹងប្រជាសហគមន៍ ដែលរង​ផល​ប៉ះពាល់ក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ នៅស្រុកសេសាន​នោះ​ឡើយ។ រីឯសំណង ក៏មិនដឹងជារាជរដ្ឋាភិបាលត្រូវគិតគូរដូចម្តេច ជាពិសេស​លើ​ដំណាំ​ហូប​ផ្លែ ដូចជា ដើមដូង ជាដើម។

លោក មៀច មាន ក៏បានឲ្យដឹងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ ក៏នឹងនាំឲ្យប៉ះពាល់ដល់ធនធានត្រីផងដែរ។

​សូម​រម្លឹកថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើរ សេ​សាន​២ មាន ៣ មាត្រា បាន​កំណត់​ពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា ឲ្យ​ក្រុមហ៊ុន ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើរ សេ​សាន២ ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​អនុវត្ត​ន៍គម្រោង រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើរ សេ​សាន២ និង​កិច្ចព្រមព្រៀង​ទិញ​ថាមពល​អគ្គិសនី រវាង​អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើរ សេ​សាន២ ដែល​បាន​ចុះហត្ថលេខានៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២​។

​ក្នុង​សេចក្តីព្រាងច្បាប់ ដែលមាន ៣ មាត្រា​នោះ ក៏​បាន​កំណត់​ថា រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បន្ត​រាល់​នីតិវិធី ដើម្បី​អនុវត្ត​ន៍លិខិតធានា​ទូទាត់​នេះ​។ ច្បាប់​នេះ ត្រូវ​ប្រកាស​ជា​ការប្រញាប់​។​
​    ​
​លិខិតធានា​របស់​រាជ​រដ្ឋាភិបាល លើ​ការទូទាត់ សម្រាប់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី សេ​សាន​២ ចំនួន ៦ ទំព័រ ត្រូវបាន​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២ សរសេរ​ជូន​លោក​ប្រធាន​ក្រុមហ៊ុន ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើរ សេ​សាន២ (Hydro Power Lower Sesan 2 Co., Ltd.) ដែល​ជា​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​។​
​    ​
​ក្នុង​សេចក្តីថ្លែងហេតុ នៃ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើរ សេ​សាន២ ចុះហត្ថលេខា​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៣ បង្ហាញថា សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១២ បានអនុម័ត​ជា​ឯកច្ឆន្ទ លើ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី សេ​សានក្រោម​ទី​២ អនុភាព​ដំឡើង ៤០០ មេហ្គា​វ៉ាត់ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​អនុវត្ត​ន៍ដោយ​ក្រុមហ៊ុន ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើរ សេ​សាន២​។​
​    ​
​សេចក្តីថ្លែងហេតុ បង្ហាញថា អនុលោម​តាម​លក្ខខណ្ឌនៃ​កិច្ចព្រមព្រៀង​អនុវត្ត​ន៍គម្រោង​ខាងលើ តម្រូវឲ្យ​រាជរដ្ឋាភិបាលផ្តល់​ការធានា​ពីរ​ប្រភេទ គឺ​៖ ទី​១-​ការធានា​លើ​ការទូទាត់​ថ្លៃ​ទិញ​ថាមពល​អគ្គិសនី ក្នុងករណី​អគ្គិសនី​កម្ពុជាមិន​ធ្វើ​ការទូទាត់ និង​ទី​២-​ការធានា​លើ​ការទូទាត់​ថ្លៃ​ទិញ​មធ្យោបាយ​គម្រោង ក្នុងករណី​ដែល​ក្រុមហ៊ុន មិន​អាច​អនុវត្ត​ន៍គម្រោង​បាន ដែល​បណ្តាល​មកពី​ព្រឹត្តិការណ៍​ប្រធាន​សក្តិ​ផ្នែក​នយោបាយ​។​
​    ​
​កន្លងមក រដ្ឋសភា ក៏​ធ្លាប់​បាន​អនុម័ត​យល់ព្រម​ឲ្យ​រាជរដ្ឋាភិបាល ផ្តល់​ការធានា​លើ​ការទូទាត់ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​ជា​ច្រើន​រួចមកហើយ រួមមាន គម្រោង​សាងសង់​វា​រី​អគ្គិសនី គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម និង​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​។​
​    ​
​សេចក្តីថ្លែងហេតុ​ដដែល បង្ហាញថា ថ្លៃ​គម្រោង​វា​រី​អគ្គិសនី​សេ​សានក្រោម​២ សរុប​ចំនួន ៧៨១,៥២ លាន​ដុល្លារ ដោយ​វិនិយោគ​ក្រោមរូបភាព សាងសង់​-​អាជីវកម្ម​-​ផ្ទេរ ( Build-Operate-Transfer BOT ) រយៈពេល​សម្បទាន ៤៥ ឆ្នាំ ( សាងសង់ ៥ ឆ្នាំ និង​ធ្វើ​អាជីវកម្ម ៤០ ឆ្នាំ )​។ ក្នុងនោះ ថ្លៃ​សំណង់ ចំនួន ២៤៦,៤៧ លាន​ដុល្លារ និង​គ្រឿង​ម៉ាស៊ីន ឧបករណ៍ បរិក្ខារ ចំនួន ២៣២,៦៣ លាន​ដុល្លារ​។ ទុន​ផ្ទាល់​របស់​ក្រុមហ៊ុន ៣០% ស្មើនឹង ២៣៤,៤៦ លាន​ដុល្លារ និង​កម្ចី​ពី​ធនាគារ ៧០% ស្មើនឹង ៥៤៧,០៦ លាន​ដុល្លារ ជាមួយ​អត្រា​ការប្រាក់ ៦,៥% ក្នុង​មួយ​ឆ្នាំ និង​រយៈពេល​សងបំណុល ១៥ ឆ្នាំ​។​
​    ​
​ក្នុង​សេចក្តីថ្លែងហេតុ​ដដែល ក៏​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​គម្រោង​ទំនប់​វា​រី​អគ្គិសនី សេ​សានក្រោម​២ ដោយ​កម្ពុជានឹង​ទទួលបាន​ប្រភព​ថាមពល​ដ៏​ធំ ដែល​មិន​ធ្លាប់មាន រួមចំណែក​ឯករាជ្យភាព និង​សន្តិសុខ​ថាមពល បង្កើត​ឱកាស​ការងារ​រាប់ពាន់ ដល់​ពលករ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជា​សហគមន៍ក្នុង​តំបន់​ដោយ​ប្រយោល ជាដើម​។​    ​
​    ​
​ក្រៅពីនោះ ក្រុមហ៊ុន ត្រូវ​ឧបត្ថម្ភ​ដល់​អគ្គិសនី​កម្ពុជា នូវ​ទឹកប្រាក់​ចំនួន ៥០០ ពាន់​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ឬ​សរុប​រួម ២០ លាន​ដុល្លារ ក្នុង​រយៈពេល​សម្បទាន ៤០ ឆ្នាំ សម្រាប់​ការបណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស​។
​ចំណែក​ចំណូល​ពន្ធ​ចូល​ថវិកា​រដ្ឋ​ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​នេះ ជា​មធ្យម ២៩,៥៨៩ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ឬ​សរុប​រួម ១.១៨៣,៥៥ លាន​ដុល្លារ ក្នុង​រយៈពេល​សម្បទាន ៤០ ឆ្នាំ ដោយ​មិន​គិត​ចំណូល​អាករ​លើ​តម្លៃ​បន្ថែម ( VAT ) ពន្ធ​លើ​បៀវត្សរ៍ និង​ចំណូល​ពន្ធ​ដទៃទៀត​។​
​    ​
​យ៉ាងណាក៏ដោយ សេចក្តីថ្លែងហេតុ ក៏​បាន​បង្ហាញថា ក្រុមហ៊ុន ត្រូវ​ចំណាយ ៣៨,៧១ លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់ ប៉ះប៉ូវ​គោលនយោបាយសាងសង់​លំនៅដ្ឋាន​ថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា នៅ​តំបន់​តាំង​ពី​លំនៅ​ថ្មី​។ គម្រោង​នេះ មាន​ប្រជាជន​រង​ផលប៉ះពាល់សរុប​ចំនួន ៧៩៧ គ្រួសារ នៅក្នុង​ឃុំ​៣ គឺ​ឃុំ​ក្បាល​រមាស ចំនួន ៣​ភូមិ រួមមាន​៖ ភូមិ​ក្បាល​រមាស ភូមិ​ស្រែ​ស្រណុក និង​ភូមិ​ច្រប់​។ ឃុំ​ស្រែគរ ចំនួន ២ ភូមិ គឺ​ភូមិ​ស្រែគរ​១ និង​ភូមិ​ស្រែគរ​២​។ ឃុំ​ភ្លុក ចំនួន ១ ភូមិ គឺ​ភូមិ​ភ្លុក ក្នុងស្រុក​សេ​សាន។​
​    ​
​ក្រុមហ៊ុន ត្រូវ​សាងសង់​លំនៅដ្ឋាន​ថ្មី ចំនួន ៧៩៧ ខ្នង គឺ​មួយ​ខ្នង សម្រាប់​គ្រួសារ​មួយ ដែល​អាច​រស់នៅ​បាន ៨ នាក់ មាន​ទំហំ ៨០ ម៉ែត្រក្រឡា សង់​លើ​ផ្ទៃដី ១.០០០ ម៉ែត្រក្រឡា ក្នុងនោះសម្រាប់​សង់​លំនៅឋាន ៤០០ ម៉ែត្រ និង ៦០០ ម៉ែត្រក្រឡា សម្រាប់​ច្បារ​ដំណាំ ព្រមទាំង​ផ្តល់​ដីស្រែ​ចម្ការ ៥ ហិកតា ក្នុង​មួយ​គ្រួសារ ដោយ​មាន​ការ​ឈូសឆាយ សម្អាត​ជូន​។​
​    ​
​តាម​សេចក្តីថ្លែងហេតុ ក្រុមហ៊ុន​ក៏​ត្រូវ​ផ្តល់​ការឧបត្ថម្ភ​ថវិកា​មួយចំនួន និង​អង្ករ ដល់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ៧៩៧ គ្រួសារ សម្រាប់​រយៈពេល ១២ ខែ​ដំបូង ព្រមទាំង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចាំបាច់​មួយ​ចំនួន ដើម្បី​អាច​សម្របសម្រួល​តាម​ជីវភាព​ថ្មី​។
​    ​
​ក្នុងនោះ ក្រុមហ៊ុន ក៏​ត្រូវ​សាងសង់​សំណង់​សាធារណៈ សម្រាប់​ឃុំ​នី​មួយៗ ដែល​ប៉ះពាល់ រួមមាន​៖ ផ្លូវថ្នល់ សាលាឃុំ​មួយ​ខ្នង ស្ថានីយ​ប៉ូលិស​មួយ​ខ្នង វត្ត​មួយ មណ្ឌល​សុខភាព​មួយ​ខ្នង សាលា​មត្តេយ្យ​មួយ​ខ្នង សាលាបឋមសិក្សា​មួយ​ខ្នង អនុវិទ្យាល័យ​មួយ​ខ្នង អណ្តូង​ទឹកស្អាត​១ សម្រាប់ ៥ គ្រួសារ សួនច្បារ​សាធារណៈ ទីលាន​កីឡា និង​ប្រព័ន្ធ​ធារាសាស្ត្រ​។ ក្រុមហ៊ុនក៏​ត្រូវ​សាងសង់​ផ្លូវ ២៤ គីឡូម៉ែត្រ អ៊ុត​បេទី​មឺ​ន័រ ពី​ការដ្ឋាន ទៅ​កាន់​ទី​រួម​ខេត្ត​ស្ទឹងត្រែង​។
​    ​
​ក្នុង​សេចក្តីថ្លែងហេតុ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ទៅ​កាន់​រដ្ឋសភា ថា ផលប៉ះពាល់​លើ​ផ្នែក​បរិស្ថាន​ធម្មជាតិ សង្គម វប្បធម៌ ស្ថិតក្នុង​កម្រិត​អាច​ស្តារ និង​ដោះស្រាយ​បាន​។ រីឯ​ផលប្រយោជន៍ ទទួលបាន​ពី​គម្រោង មាន​ទំហំ​ធំធេង ដែល​អាច​រួមចំណែក​អនុវត្ត​ន៍គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​៕​ S

What Next?

Recent Articles