ប្រជាពលរដ្ឋស្រុកកណ្ដាលស្ទឹង បានសម្ដែងប្រតិកម្មក្ដៅក្រហាយរឿង រណ្ដៅបូមខ្សាច់របស់ឈ្មោះ ច្រាយ សំបូរ ដែលបានធ្វើឲ្យបាក់ដីស្រែ និង បំផ្លាញផ្លូវភូមិដ្ឋាន របស់ពួកគាត់ ។
ក.សំណាង
Tuesday 19 February 2013
The Free Press Magazine
ក្រុមប្រជាពលរដ្ឋបាននិយាយថា នៅក្នុងស្រុកកណ្ដាលស្ទឹងមានការដ្ឋាន បូមខ្សាច់ជាច្រើនកន្លែង តែ រណ្ដៅបូមខ្សាច់របស់លោក ច្រាប សំបូរ ស្ថិតនៅក្នុងភូមិ ក្រសាំង ឃុំ ជើងកើប មានជម្រៅជ្រៅជាងគេ ។ ដោយសារតែរណ្ដៅនេះ បានធ្វើឲ្យបាក់ដីស្រែ របស់ពួកគាត់ ធ្វើឲ្យប៉ះពាល់ ប្រភពទឹក នៅក្នុងភូមិ ដូចជាខះអណ្ដូង ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវក្នុងភូមិក៏ត្រូវបានបំផ្លាញខ្ទេចខ្ទី ដោយសារតែទម្ងន់រថយន្តដឹកខ្សាច់ខ្នាតយក្ស នោះផងដែរ ។
ចំពោះបញ្ហានេះប្រជាពលរដ្ឋបាននិយាយថា កន្លងទៅពួកគាត់បានប្ដឹងទៅអាជ្ញាស្រុកដែរ តែពុំមានដំណោះស្រាយអ្វីឡើយ ។បើតាមប្រជាពលរដ្ឋឲ្យដឹងថា ការដ្ឋានបូមខ្សាច់មួយ នេះ ពុំទាន់មានច្បាប់ទម្លាប់អ្វីទេ គឺគ្រាន់តែត្រូវរ៉ូវគ្នា ជាមួយមន្ត្រីជំនាញ និង អាជ្ញាធរតែប៉ុណ្ណោះ ។ដើម្បីស្រោចស្រង់ជីវភាព ជាអ្នកស្រែចំការពួកគាត់ បានអំពាវនាវឲ្យក្រុមមន្ត្រីពាក់ព័ន្ធចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់សកម្មភាព បូមខ្សាច់បែបអនាធិបតេយ្យនេះ ៕
