នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ងនេះ ក្រុមប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ មានក្មេង មានចាស់ ដៃលើកបដា និង រូបថតអ្នកស្រី យ៉ោម បុប្ផា ផងប្រមាណ ៥០ នាក់ បានលើកគ្នាធ្វើការតវ៉ាជាថ្មីទៀត ឈរពីមុខក្រសួង យុត្តិធម៌ ទាមទារឲ្យដោះលែង សកម្មជនដីធ្លី្ស្រី យ៉ោម បុប្ផា ដែលកំពុងត្រូវបានឃុំខ្លួន។
គីម
Tuesday 19 February 2013
The Free Press Magazine
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បានថ្លែងប្រាប់ ទស្សនាវដ្ដីសារព័ត៌មានសេរី ថា «អ្នកទោសដែលប្លន់ អ្នកទោសដែលសម្លាប់មនុស្ស អ្នកទោសដែលជួញដូរគ្រឿងញៀន បែរជាមានឱកាស ត្រូវក្រសួងយុត្តិធម៌ ស្រង់ឈ្មោះ លើកលែងទោសនៅពេលបុណ្យព្រះបរមសពសម្តេចឪទៅវិញ តែចំពោះអ្នកស្រី យ៉ោម បុប្ផា គឺអត់មាន គឺវាអយុត្តិធម៌បំផុត សម្រាប់ពួកខ្ញុំទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋរងគ្រោះជាពិសេសអយុត្តិធម៌បំផុត សម្រាប់អ្នកស្រី យ៉ោម បុប្ផា»។
អ្នកស្រី ទេព វន្នីបន្ត ថា នៅម៉ោងប្រហែលជា ៤រសៀលនេះ ពួកគេនឹងដាក់ញត្តិមួយ ទៅកាន់ស្ថានទូតអាមេរិក សុំមន្ត្រីជាន់ខ្ពស់ នៃប្រទេសមហាអំណាចរូបនោះ ជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាដោះលែង អ្នកស្រី យ៉ោម បុប្ផា ពីពន្ធនាគារ។
អ្នកស្រី យ៉ោម បុប្ផា ដែលចាប់ខ្លួនកាលពីខែ កញ្ញា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីខែ តុលា ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ពីបទប្រើប្រាស់អំពើហិង្សា ទៅលើបុរសអ្នករត់ម៉ូតូឌុប២នាក់ ។ ជាញយដងអ្នកបឹងកក់បានទាមទារឲ្យដោះលែងស្រ្តីរូបនេះ ដោយចោទថា ការចាប់ខ្លួននិងផ្ដន្ទាទោស ធ្វើឡើងក្នុងបំណងបំបាក់ស្មារតី អ្នកភូមិ ដែលកំពុងមានវិបត្តិដីធ្លីជាមួយអ្នកមាន លុយ និង មាន អំណាច៕
