ស្ថានភាព​លោក ​ខេមរៈ សិរីមន្ត នៅ​មាន​អារម្មណ៍​តក់​ស្លន់​ភ័យ​ខ្លាច​នៅ​ឡើយ

តារា​ចម្រៀង​វ័យ​ក្មេង​អាយុ ២៥ ឆ្នាំ លោក ខេមរៈ សិរីមន្ត នៅមាន​អារម្មណ៍​ភ័យ​ខ្លាច​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ក្រុង​ព្រះ​សីហនុ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​រសៀល​នេះ។

Friday, 08 March 2013
ភ្នំពេញប៉ុស្តិ៍

កាលពីយប់ម្សិលមិញ យ៉ាង​ហោចណាស់​ មានមនុស្ស​៤​នាក់​ បាន​ស្លាប់​នៅ​នឹង​កន្លែង​ និង​ជា​ច្រើន​នាក់​ទៀត​​រង​របួ​ស​ នៅ​ក្នុង​ហេតុការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួ​យ​កាលពី​​​ម៉ោង​៨:៣០​នាទី​ យប់​មិញ​​ ដែល​បង្កឡើ​ង​ដោយ​រថយន្ត​កុង​តឺន័រ​និង​រថយន្ត​របស់​តារា​ចម្រៀង​ខេមរៈ សេរីមន្ត ដោយ​បើ​ក​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៤ នាក់​នោះ មានកូន​ប្រុស​ម្នាក់​របស់​អ្នក​កំប្លែង នាយ​កុយ និង​កូនប្រុស​ម្នាក់​របស់​អ្នក​ចម្រៀង​អា​យ៉ៃ លោក​ស្រី ណយ សំណាង​។

តារាចម្រៀង​ខេមរៈ សេរីមន្ត ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​បង្អែក​ក្រុង​ព្រះ​សីហនុ​ភា្លមៗ ប៉ុន្តែ​សំណាង​ល្អ លោក​ទទួល​រង​របួស​ស្រាល រលាត់​ជើង​បន្តិច នៅ​ផ្នែក​ខាងស្តាំ​ដៃ។ រូប​លោក​មាន​ស្ថានភាព​ធូរ​ស្រាល ប៉ុន្តែ​នៅ​មាន​អារម្មណ៍​ភ័យ​ខ្លាច​និង​រន្ធត់​នៅ​ឡើយ​ចំពោះ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​មិញ។

លោក​ខេមរៈ សិរីមន្ត អាច​នឹង​ត្រូវ​បាន​គេ​បញ្ជូន​ត្រលប់​មក​ភ្នំពេញ​វិញ ដើម្បី​ទទួល​ការ​សម្រាក​ព្យាបាល ដែល​នៅ​ជិត​នឹង​ក្រុម​គ្រួសារ។

ចំណែកឯ កូនប្រុស​របស់​នាយ​កុយ​និង​កូនប្រុស​របស់​យាយ​ណាង​ស្ថិត​ក្នុង​ចំណោម​មនុស្ស ​បួន​នាក់​ដែល​បាន​ស្លាប់​កាលពី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ ដោយសារ ការបុក​គ្នា​រវាង​រថយន្ត​របស់​ខេមរៈ សិរីមន្ត និង​រថយន្ត​កុង​តេន័រ​មួយ​គ្រឿង​នៅ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់ ក្រុង​ព្រះសីហនុ។

នាយ​កុយ​បាន​បាត់បង់​កូន​ប្រុស​ម្នាក់​ឈ្មោះ ជី វីរៈ អាយុ​១៩​ឆ្នាំ ជា​អ្នក​សិល្បៈ ហើយ​សព​កូន​ប្រុស​របស់​លោក បាន​ត្រូវ​បូជា កាលពី​វេលា ម៉ោង​១​រសៀល ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៣ ព្រោះ​សព​មិនអាច​ទុក​យូរ​បាន​ទេ ដោយសារតែ​សភាព​សព​ទទួលរង ខ្ទេច​មួយ​កំណាត់ ទៅ​ហើយ។ ចំណែក​យាយ​ណាង បាន​បាត់បង់​កូនប្រុស​ម្នាក់​ដែរ ដែល​មាន ឈ្មោះ អ៊ា​ច វណ្ណៈ ហៅ ដេវីត អាយុ ៣៣​ឆ្នាំ ជា​កូន​បង មានកូន​ម្នាក់​ក្នុង​បន្ទុក។ សព​កូន​យាយ​ណាង នឹងត្រូវ​បូជា​នៅ​ថ្ងៃស្អែក។

What Next?

Recent Articles