ភ្នំពេញៈ តារាចម្រៀង និងសម្តែងលំដាប់អន្តរជាតិល្បីល្បាញជាច្រើនរូបបានមកដល់ប្រទេសកម្ពុជាគួរឲ្យភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍មុន ដើម្បីរំលេចវត្តមានរបស់ពួកគេរួមគ្នាជាមួយនឹងតារាសម្តែង និងចម្រៀងរបស់កម្ពុជានៅក្នុងព្រឹត្តិការណ៍គម្រប់ខួប១០ឆ្នាំរបស់បណ្តាញស្ថានីយទូរទស្សន៍ស៊ីធីអិន ដែលវត្តមានរបស់តារាអន្តរជាតិទាំងនោះបានញាំងឲ្យកម្មវិធីរបស់ស៊ីធីអិនកាន់តែទទួលបានការគាំទ្រ។
Monday, 11 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារាសម្តែងបរទេសល្បីៗថតរូបអនុស្សាវរីយ៍ជាមួយនឹងបុគ្គលិករបស់ទូរទស្សន៍ស៊ីធីអិន។ រូបថត សេត គឹមសឿន
នៅរាត្រីថ្ងៃទី៨ មីនា ឆ្នាំ២០១៣ ដែលជាថ្ងៃនៃទិវាសិទ្ធិនារីអន្តរជាតិនិងជាថ្ងៃនៃការចាប់ផ្តើមដំណើរការការផ្សាយរបស់បណ្តាញស្ថានីយទូរទស្សន៍ស៊ីធីអិន នោះ កម្មវិធីកម្សាន្តជាច្រើនត្រូវបានលើកយកមកបង្ហាញនៅលើឆាកតន្ត្រីនិងបានធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន My TV និង CNC។ ក្នុងនោះក្រៅពីការច្រៀងរាំ និងសម្តែងរបស់សិល្បករ សិល្បការិនីរបស់កម្ពុជាភាពភ្ញាក់ផ្អើលនៃការលេចវត្តមានរបស់តារាសម្តែងល្បីៗរបស់បរទេសលំដាប់អន្តរជាតិក៏បានមកដល់។ ថ្វីដ្បិតថា ពួកគេរស់នៅប្រទេសក្រៅ ក៏ប៉ុន្តែតារាសម្តែងទាំងនោះ ក៏មានក្រុមអ្នកគាំទ្រជាជនជាតិកម្ពុជាជាច្រើនបានស្គាល់ និងបានទៅគាំទ្រពួកគេដោយផ្ទាល់នៅកន្លែងប្រគំតន្ត្រីតែម្តង។
បន្ទាប់ពីការបង្ហើរសំនៀងរបស់តារាចម្រៀងកម្ពុជាល្បីៗ ដូចជា លោក ឆាយ វីរៈយុទ្ធ មាស សុខសោភា អ៊ីវ៉ា ទស្សនិកជនដ៏ច្រើនកកកុញក៏បានមើលឃើញដោយផ្ទាល់ពីភាពស្រស់ស្អាត និងស្រស់សង្ហារបស់តារាសម្តែងសិង្ហបុរីលោក Elvin Ng ដែលជនកម្ពុជាបានស្គាល់លោកតាមរយៈរឿង «ល្បែងជីវិតចុងក្រោយ» តារាសម្តែងហ្វីលីពីនលោក Jericho ដែលប្រជាជនកម្ពុជាស្គាល់ឈ្មោះតាមរយៈរឿង «សន្យាស្នេហ៍» ថា «អេនជីឡូ» និងតារាសម្តែងសិង្ហបុរីនាង Jeanette ដែលគេហៅនាងថា «ណូយ៉ា» ក្រោយពេលនាងសម្តែងរឿង «ជីវិតនាងណូយ៉ា»។ ក្រៅពីនោះគេសង្កេតឃើញមានវត្តមានតារាសម្តែងល្បីៗមួយចំនួនទៀត ។
លោក Jericho ហៅអេនជីឡូ និយាយថា៖«នេះជាលើកទី១ ដែលខ្ញុំបានមកដល់ប្រទេសកម្ពុជាទាំងមិននឹកស្មានពីការអញ្ជើញរបស់ទូរទស្សន៍ស៊ីធីអិន»។ លោកបន្តថា៖«ខ្ញុំបានទៅដល់ប្រទេសជាច្រើននៅអាស៊ី ហើយខ្ញុំបានដឹងពីការគាំទ្ររបស់ពួកគេ តែខ្ញុំមិននឹកស្មានថា ខ្ញុំទទួលការគាំទ្រយ៉ាងពេញទំហឹងនៅប្រទេសកម្ពុជាយ៉ាងច្រើនបែបនេះទេ»។
ជាមួយគ្នានោះ តារាសម្តែងរបស់សិង្ហបុរីលោក Elvin Ng បាននិយាយថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលជាមួយនឹងការគាំទ្ររបស់ប្រជាជនកម្ពុជាចំពោះរូបខ្ញុំ ខ្ញុំមិនដឹងថា ខ្លួនឯងមានប្រជាជនកម្ពុជាច្រើនបែបនេះស្គាល់នោះទេ។ តាមរយៈស្នាដៃរបស់ខ្ញុំ និងការគាំទ្រនេះ ខ្ញុំនឹងមកប្រទេសកម្ពុជាម្តងទៀត ព្រោះលើកនេះ ខ្ញុំមានពេលខ្លីពេកហើយខ្ញុំមកលើកក្រោយនឹងចំណាយពេលដើរកម្សាន្តនៅប្រទេសនេះ ពិសេសនៅអង្គរវត្ត»។
ជាមួយនឹងហ្វូងមនុស្សឈរគាំទ្រដោយផ្ទាល់នៅមុខឆាក និងសំឡេងហ៊ោកញ្ជ្រៀវនោះ តារាសម្តែងរបស់សិង្ហបុរីនាង Jeanette ដែលគេហៅថា «ណូយ៉ា» និយាយថា៖«នេះជាកិត្តិយសរបស់រូបខ្ញុំដែលទទួលបានការផ្តល់ឱកាសពីស្ថានីយទូរទស្សន៍ស៊ីធីអិន ចូលរួមខួប១០ឆ្នាំហើយនេះជាលើកទី១ដែលខ្ញុំបានស្គាល់ប្រទេសកម្ពុជាហើយខ្ញុំនឹងមកកម្សាន្តនៅកម្ពុជាម្តងទៀតនៅពេលខាងមុខដោយចំណាយពេលយ៉ាងយូរទៅទស្សនាប្រាសាទអង្គរវត្ត»។
នាងបានសម្តែងភាពភ្ញាក់ផ្អើលថា៖«នៅពេលខ្ញុំមកដល់ប្រទេសកម្ពុជាភ្លាមពេលចុះពីយន្តហោះ ខ្ញុំរំភើបមែនទែន នៅពេលខ្ញុំឃើញមានក្រុមអ្នកគាំទ្រជាច្រើនបានមកទទួលខ្ញុំ ស្វាគមន៍ខ្ញុំ ហើយពួកគេម្នាក់ៗពាក់អាវយឺតមានរូបនាងខ្ញុំ ខ្ញុំមិនស្មានថា ខ្ញុំមានអ្នកគាំទ្រច្រើនបែបនេះឡើយនៅកម្ពុជា»។
នៅក្នុងព្រឹត្តិការណ៍ដែលរង់ចាំអស់រយៈពេល១០ឆ្នាំនេះ លោក Bernard Anthony អគ្គនាយកក្រុមហ៊ុន Cambodia Broadcasting Service (CBS) និងជាអ្នកគ្រប់គ្រងទូរទស្សន៍ស៊ីធីអិន បានឲ្យដឹងថា ជាមួយនឹងការគាំទ្រអស់រយៈពេល១០ឆ្នាំមកលើទូរទស្សន៍ស៊ីធីអិន ស៊ីធីអិន នឹងខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងបន្ថែមទៀត ក្នុងការផលិតកម្មវិធីថ្មីៗក៏ដូចជានាំមកនូវខ្សែភាពយន្តភាគល្បីៗ ដើម្បីបម្រើដល់ការកម្សាន្តរបស់ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស។
លោកបានបញ្ជាក់ថា ស៊ីធីអិន នៅតែជាជម្រើសទី១ សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕
