កម្មករ​នៅ​ខេត្ត​៣​ធ្វើ​បាតុកម្ម​ព្រម​គ្នា

កម្មករ​កម្មការិនី​នៅ​រោងចក្រ​ចំនួន ៣ នា​ខេត្ត​ផ្សេង​គ្នា បាន​ផ្ទុះ​បាតុកម្ម កូដកម្ម​ព្រមៗ​គ្នា នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ និង​ដំឡើង​ប្រាក់​ខែ​គោល រួម​ទាំង​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ដល់​ពួកគេ។

ដោយ ខែ សុណង
2013-03-12
RFA

ការ​តវ៉ា​នេះ គឺ​ស្រប​ពេល​ដែល​ដំណើរការ​នៃ​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល និង​លក្ខខ័ណ្ឌ​ការងារ ដោយ​គណៈកម្មការ​ទំនាក់ទំនង​វិជ្ជា​ជីវៈ ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទាន់​មាន​ការ​ព្រមព្រៀង​គ្នា​នៅ​ឡើយ។

ក្រុម​កម្មករ​កម្មការិនី​រោងចក្រ​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម កូដកម្ម រាប់​រយ​នាក់ ខ្លះ​មិន​ចូល​ធ្វើការ និង​ខ្លះ​បិទ​កំណាត់​ផ្លូវ​ជាតិ​នោះ មិន​ទាន់​ទទួល​បាន​លទ្ធផល​ពី​ថៅកែ​ក្រុមហ៊ុន​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ ចំពោះ​ការ​សុំ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ខែ​គោល និង​គោរព​លក្ខខណ្ឌ​ការងារ​ឲ្យ​ស្រប​នឹង​ច្បាប់​ការងារ​នោះ​ទេ។

កម្មករ​រោងចក្រ Complete Honor Cambodia ហៅ​កាត់​ថា ស៊ី.អេច្ឆ.ស៊ី (CHC) ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​នៅ​ភូមិ​ធ្លក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ជាង ៣០០​នាក់ បាន​នាំ​គ្នា​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ ៣ ចាប់​ពី​ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃ​ទី​១២ មីនា ដោយ​បោះតង់​លើ​កំណាត់​ផ្លូវ ចាក់​ធុងបាស់​រាំ បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍ ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​តាម​លក្ខខណ្ឌ​ការងារ​ជាង ២០​ចំណុច។

ប៉ុន្តែ​អធិការ​ស្រុក​គងពិសី លោក ឃឹម សុផាន់រ៉ា បាន​ថ្លែង​ថា ក្រុម​កម្មករ​បាន​ព្រម​បើក​ផ្លូវ​វិញ នៅ​ម៉ោង​ជិត ៤​ល្ងាច​ថ្ងៃ​ដដែល ដោយ​សារ​មាន​ការ​សម្របសម្រួល​ពី​ភាគី​រោងចក្រ៖ «គាត់​បាន​ឯកភាព​​គ្នា​ជាមួយ​ក្រុមហ៊ុន​អស់​ហើយ ជាមួយ​មន្ទីរ​ការងារ ក្រសួង​ការងារ​អី​អស់​ហើយ ចប់​សព្វ​គ្រប់​អស់​ហើយ»

នៅ​ថ្ងៃ​ដដែល កម្មករ​កម្មការិនី​ដេរ​សំលៀកបំពាក់​ជិត ១​ពាន់​នាក់​នៅ​រោងចក្រ ស៊ិកផ្លាស (Sixtplus) នៅ​ភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​អហិង្សា ដោយ​មិន​ចូល​ធ្វើការ ដើម្បី​សុំ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ខែ​គោល ១២០​ដុល្លារ ខណៈ​ប្រាក់​ខែ​គោល​បច្ចុប្បន្ន ៦១​ដុល្លារ​នោះ ពួកគេ​មិន​អាច​ដោះស្រាយ​ជីវភាព​បាន​ឡើយ។

កម្មការិនី ឃឹម សុភ័ណ្ឌ បន្ត​ថា ក្រៅ​អំពី​ការ​ទាមទារ​ប្រាក់​ខែ​គោល​នោះ ពួក​គាត់​សុំ​ឲ្យ​ថៅកែ​កែ​ទម្រង់​លក្ខខណ្ឌ​ការងារ​ចំនួន ១៩​ចំណុច​ដែល​ពួកគាត់​យល់​ថា គាបសង្កត់​មក​លើ​សិទ្ធិ​កម្មករ។

ស្រប​គ្នា​នេះ​ដែរ កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​ប្រមាណ ១​ពាន់​នាក់​ទៀត នៅ​រោងចក្រ អ៊ីចេង នៅ​ភូមិ​តាំងដូង ឃុំ​តាំងដូង ស្រុក​បាទី ខេត្ត​តាកែវ ក៏​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​ដែរ។ កម្មករ​ទាំង​នោះ​សុំ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ខែ​គោល​ពី ៦១​ដុល្លារ ទៅ ៨០​ដុល្លារ​ក្នុង​មួយ​ខែ និង​ឲ្យ​ថៅកែ​គោរព​តាម​លក្ខខណ្ឌ​ការងារ​ចំនួន ១១​ចំណុច។

ទីប្រឹក្សា​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេងហាក់ ដែល​បាន​ឃ្លាំមើល​ការ​តវ៉ា​របស់​កម្មករ​មាន​មតិ​ថា ការ​ផ្ទុះ​ការ​តវ៉ា​របស់​កម្មករ គឺ​ដោយសារ​តែ​ការ​អត់ទ្រាំ​លែង​បាន​ត​ទៅ​ចំពោះ​ភាព​យឺតយ៉ាវ​នៃ​ការ​គិត​គូរ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ពី​ភាគី​ពាក់ព័ន្ធ។

យ៉ាង​ណា​ក៏​ដោយ​ពាក់ព័ន្ធ​នឹង​ការ​គិត​គូរ​ដំឡើង​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ​នោះ គណៈកម្មការ​ទី​៨ ទំនាក់​ទំនង​វិជ្ជាជីវៈ ដែល​ដឹកនាំ​ដោយ​ក្រសួង​សង្គមកិច្ច ដែល​មាន​តំណាង​និយោជក តំណាង​សហជីព​កម្មករ និង​តំណាង​រដ្ឋាភិបាល បាន​បើក​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ តាំង​ពី​ខែ​មករា ឆ្នាំ​២០១៣ មិន​តិច​ជាង ៦​លើក​នោះ​ទេ មក​ដល់​ពេល​នេះ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា និង​ជា​សមាជិក​គណៈកម្មការ​ទី​៨ ទំនាក់​ទំនង​វិជ្ជាជីវៈ​នៃ​ក្រសួង​សង្គមកិច្ច លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​ប្រជុំ​ជា​ច្រើន​លើក​គឺ​បាន​លទ្ធផល​ជា​វិជ្ជមាន។ លោក​ថា តាម​រយៈ​ការ​ចរចា​ប្រាក់​ឈ្នួល​គោល​រហូត​មក​ដល់​ពេល​នេះ ដំឡើង​បាន ៩​ដុល្លារ មាន​ន័យ​ថា កម្មករ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​គោល ៧០​ដុល្លារ​ក្នុង​មួយ​ខែ។

លោក​ថា​ដំណើរ​ការ​នៃ​ការ​ចរចា​នេះ នៅ​មិន​ទាន់​ចប់​សព្វគ្រប់​នោះ​ទេ សហជីព​លៃ​យ៉ាង​ណា​នឹង​ឆាប់​បញ្ចប់​កិច្ច​ពិភាក្សា​នេះ​នៅ​ត្រឹម​ខែ​មីនា ដើម្បី​បាន​លទ្ធផល​និង​ពេល​អនុវត្ត​ជូន​កម្មករ​ដែល​កំពុង​ទន្ទឹង​រង់ចាំ​ដំណឹង។

នៅ​រយៈពេល ៣​ខែ ដើម​ឆ្នាំ​២០១៣ មាន​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ជិត ៣០​រោងចក្រ បាន​ធ្វើ​កូដកម្ម បាតុកម្ម ក្នុង​គោលដៅ​សំខាន់​តែ​១ គឺ​ទាមទារ​ប្រាក់ឈ្នួល​បន្ថែម ក្រៅ​អំពី​សុំ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ​ផ្សេងៗ​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles