បុគ្គលិក​​​តុលាការ​​​ខ្មែរក្រហម​​​​ផ្នែក​​​​ប្រតិ​​ចារិក​​​ ធ្វើ​​​កូដកម្ម​​​ដែរ​​

បុគ្គលិក​សាលាក្តី​ខ្មែរក្រហម​ផ្នែក​ប្រតិចារិក ​ចំនួន​ ៧​នាក់ បាន​ប្រកាស​ជា​ផ្លូវ​ការ ​កាល​ពី​ថ្ងៃ​ចន្ទ​១១ ​មិនា​ម្សិលមិញ​ អំពី​ការ​ធ្វើ​ពហិការ​មិន​បំពេញការងារ​របស់​ពួកគេ​ដូច​ក្រុម​បកប្រែ​ដែរ ដើម្បី​ទាមទារ​ប្រាក់​បៀវត្សរ៍។ នេះ​បើ​យោងតាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ លោក ​នេត ភក្ត្រា​ នៅ​ថ្ងៃអង្គារ​នេះ។ រហូត​ដល់​ពេល​នេះ នៅតែ​គ្មាន​ដំណឹង​អំពី​ការ​ទទួល​ប្រាក់​បៀវត្សរ៍​សម្រាប់បុគ្គលិក​ជាតិ​ឡើយ ខណៈ​សវនកា​​ថ្មី​ត្រូវបាន​គ្រោង​បើក​ នៅ​ថ្ងៃ​ទី​២៥ ​មិនា ​ខាង​មុខ​នេះ។

ថ្ងៃ អង្គារ 12 មីនា 2013
ដោយ លាង ដឺលុច
RFI

ច្រក​ចូល​ទៅ​កាន់​សាលាក្តី​ខ្មែរ​ក្រហម © ដឺលុច/rfi

សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច

(02:11)

បុគ្គលិក​ផ្នែក​ប្រតិចារិក​នៅ​សាលាក្តី​ខ្មែរ​ក្រហម ចំនួន ​៧​នាក់ ​​បាន​ប្រកាស​ជា​ផ្លូវការ​​ធ្វើ​កូដកម្ម​មិន​ធ្វើការ ​នៅ​ថ្ងៃ​ទី​១១​មិនា ​ម្សិលមិញ។ នេះ​បើតាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​លោក នេត ភក្ត្រា។ លោក ​នេត ភក្ត្រា ​​បញ្ជាក់​ថា បុគ្គលិក​ផ្នែក​ប្រតិចារិក​ដែល​ជា​អ្នក​សរសេរ​ដំណើរការ​សវនាកា​​នោះ ក៏​ទាមទារ​ប្រាក់​បៀវត្សរ៍​ដែល​ពួកគេ​មិន​បាន​ទទួល​៣​ខែ​មក​ហើយ​នោះ​ ដូច​ក្រុម​អ្នក​បកប្រែ​ភាសា​ដែរ។

ការ​ប្រកាស​ធ្វើ​ពហិការ​​មិន​បំពេញ​ការងារ​របស់​បុគ្គលិក​ផ្នែក​ប្រតិចារិក​នេះ ធ្វើ​អោយ​ចំនួន​អ្នក​ប្រកាស​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការងារ​ទាំងអស់​ ឡើងដល់​ជាង​៣០​នាក់​ ជា​ផ្លូវការ។ ប៉ុន្តែ កូដកម្ម​នេះ​បាន​ទទួល​ការ​គាំទ្រ​ដោយ​ស្ងាត់ស្ងៀម ​ជារួម​ពី​បុគ្គលិក​ជាតិ​ទាំងអស់​​នៅ​ផ្នែក​ផ្សេងៗ​ទៀត​ដែរ។
 
បើតាម​ការ​រៀបរាប់​របស់​អ្នកនាំពាក្យ វិបត្តិ​ថវិកា​ពេល​នេះ គឺ​ជា​វិបត្តិ​ដែល​មាន​រយៈពេល​យូរ​ជាង​ពេល​មុនៗ​ទាំងអស់​ បើគិត​ចាប់​ពីមានដំណើរការ​សាលាក្តី​ពិសេស​នេះ​មក។ បុគ្គលិកជាតិ​ទាំងអស់​មាន​ចំនួន ​២៨៧​នាក់។ ប៉ុន្តែ​មានតែ​បុគ្គលិក​ជាតិ​ចំនួន​ ១៧​នាក់​ប៉ុណ្ណោះ​ ដែល​ធ្វើការ​នៅ​ក្នុង​អង្គភាព​ជន​រងគ្រោះ​​ដែល​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​មិន​មាន​វិបត្ត​ប្រាក់​បៀ​វត្សរ៍។ គឺ​បុគ្គលិក​ជាតិ ​២៧០​នាក់​ផ្សេងទៀត​ឯណេះ​ទេ ​ដែល​កំពុង​ស្រែក​ទាមទារ​ប្រាក់​បៀវត្សរ៍​​នោះ។
 
លោក ​នេត ភក្ត្រា ​បាន​បញ្ជាក់​ឡើង​វិញ​ថា សាលាក្តី​ខ្មែរក្រហម​​នៅ​តែ​រង់ចាំ​ថវិកា​របស់​សហភាព​អឺរ៉ុប​ដែល​បាន​សន្យា​ផ្តល់​ជំនួយ ​៣​សែន​ដុល្លារ​ ដល់​ភាគី​ជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​ថវិការនេះ។ ហើយ​ថា​ចាប់​តាំង​ពី​មាន​ការ​ប្រកាស​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ​របស់​បុគ្គលិក​សាលាក្តី​មក ក៏​នៅ​មិន​ទាន់​មាន​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​​ណា​បាន​ប្រកាស​សន្យា​ផ្តល់​ជំនួយ​មក​សាលាក្តី​ពិសេស​នេះ​ដែរ។
 
ប្រសិន​បើ​នៅ​មាន​ស្ថានភាពដូច​នេះ តើ​សវនាកា​​ថ្មី​ដែល​គ្រោង​បើ​ក​នៅ​ថ្ងៃ​ទី​២៥ ​មិនា ​ខាង​មុខនេះ អាច​ប្រព្រឹត្តិ​ទៅ​បាន​ដែរ​ឬទេ?
 
រហូតដល់ពេល​នេះ វិបត្តិ​ថវិកា​មិន​មាន​ភាព​ប្រសើរឡើយ​ រីឯ​សុខភាព​របស់ជនជាប់ចោទ អៀង សារី​ក៏​គ្មាន​ភាព​ប្រសើរដូចគ្នា​​ដែរ។ សហមេធាវី​ជាតិ លោក​ អាង ឧត្តម បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​ទៅ​សួរ​សុខទុក្ខ​កូនក្តី​របស់​លោក​ជារៀង​រាល់​ថ្ងៃ ហើយ​ថា លោក​នៅ​តែសង្កេត​ឃើញ​ស្ថានភាព​សុខភាព​កូនក្តី​លោក​នៅ​តែ​ធ្ងន់ធ្ងរ​ដដែល។ លោក​សហមេធាវី​ បន្ត​ថា​ លោក​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​ជំងឺ​របស់​លោក ​អៀង សារី​ ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៩​ថ្ងៃ​មក​ហើយ​នោះ៕

—————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles