លោក​ សម​ រង្ស៊ី​ ដក​​ពាក្យ​បណ្តឹង​​​នៅ​​តុលាការ​​សាលាឧទ្ធរណ៍​​ ក្នុង​​សំណុំរឿង​​ក្តី​​បរិហារ​​កេរ្តិ៍​​លោក​​ ​ហោ​​ ​ណាំហុង​​

ចៅក្រម​តុលាការ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ មីនានេះ បាន​សម្រេច​លុបចោល​ សវនាកា​កាត់ទោស​កំបាំងមុខ​លោក សម រង្ស៊ី ក្នុង​សំណុំ​រឿងក្តី​បរិហារកេរ្តិ៍​និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​លើ​លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង។ ការ​លុបចោល​សវនាកា​នោះ មក​ពី​មេធាវី​របស់​​លោក សម រង្ស៊ី បាន​ដក​ពាក្យបណ្តឹង​ឈប់​ប្តឹង​ជំទាស់​នឹង​សាលក្រមរបស់​តុលាការ​​ក្រុង​​ភ្នំពេញ ដែលបាន​ផ្តន្ទាទោស​កំបាំងមុខ​លោក សម រង្ស៊ី ដាក់ពន្ធនាគារ ២​ឆ្នាំ។ លោក សម រង្ស៊ី បាន​ចោទប្រកាន់​លោក ហោ ណាំហុង ថា​ជា​មេគុក​បឹងត្របែក ក្នុង​សម័យ​ខ្មែរ​ក្រហម។

ថ្ងៃ អង្គារ 12 មីនា 2013
ដោយ លី ម៉េងហួរ
RFI

លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី (Radio Australia)

សេចក្តីរាយការណ៍របស់​​ លី​ ម៉េងហួរ

(03:15)

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោកមេធាវី ជូង ជូងី ​បាន​ដក​ពាក្យ​បណ្តឹង​នៅ​​តុលាការ​សាលា​ឧទ្ធរណ៍ ឈប់​ប្តឹង​ជំទាស់​នឹង​សាលក្រមរបស់​តុលាការក្រុងភ្នំពេញ។ ការដកពាក្យបណ្តឹង​នោះ ធ្វើ​ឡើងតាមសំណើរបស់លោក សម រង្ស៊ី ដែលមិន​ចង់​មានរឿង​វែងឆ្ងាយ​ត​ទៅ​ទៀត។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ជូង ជូងី មេធាវី​ការពារ​ក្តី​លោក សម រង្ស៊ី។
 
លោក​មេធាវី ជូង ជូងី បាន​ប្រាប់​វិទ្យុ​បារាំង​ថា “ម្សិលមិញ ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ដក​បណ្តឹង​ឧទ្ធរណ៍​វិញ តាម​ការ​ប្រគល់សិទ្ធិ​របស់​ឯកឧត្តម សម រង្ស៊ី ដើម្បី​ឲ្យ​ខ្ញុំ​ដក​បណ្តឹង​ឧទ្ធរណ៍។ ឯកឧត្តម សម រង្ស៊ី មិន​ចង់​ឲ្យ​រឿង​វែងឆ្ងាយ។ ចង់​ឲ្យ​ឆាប់​ចប់”។
 
ក៏ប៉ុន្តែ​លោក​មេធាវី ជូង ជូងី បាន​បន្ថែម​ថា ការ​ដក​ពាក្យបណ្តឹង​ឈប់​ប្តឹងផ្តល់​នៅ​តុលាការ​សាលា​ឧទ្ធរណ៍នេះ មិនមែន​មាន​ន័យ​ថា​លោក សម រង្ស៊ី ទទួល​ស្គាល់​នូវ​សាលក្រម​របស់​តុលាការ​ក្រុងភ្នំពេញ ដែល​បាន​សម្រេច​ឲ្យ​លោក​ចាញ់ក្តី​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ឡើយ ពីព្រោះ​លោក​សម រង្ស៊ី​បាន​ឈ្នះ​ក្តី​ដូច​គ្នា នៅ​តុលាការ​កំពូល​ប្រទេស​បារាំង។ ប៉ុន្តែ​លោក សម រង្ស៊ី មិន​ចង់​ឲ្យ​មាន​រឿង​ស្មុគស្មាញ​វែងឆ្ងាយ ទើប​គាត់​ប្រគល់​សិទ្ធិ​ឲ្យ​លោក​មេធាវី​ដក​ពាក្យ​បណ្តឹង។
 
លោក​មេធាវី ជូង ជូងី ក៏​បាន​បញ្ជាក់​ថា សំណុំរឿង​មួយ​ផ្សេង​ទៀត​គឺ​ករណី​រឿង​ផែនទី​ក្លែងក្លាយ ក៏​ត្រូវ​បាន​លោក សម រង្ស៊ី សម្រេច​បញ្ចប់​ឈប់​តតាំង​ក្តី​នៅ​តុលាការ​ផងដែរ។
លោក ​សម ​រង្ស៊ី មកដល់​ពេលនេះ​ មានបណ្តឹង ៣ នៅ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា គឺ​ទី​១​បណ្តឹង​រឿង​ដក​តម្រុយ​ព្រំដែន​ កម្ពុជា-វៀតណាម ដែល​បាន​ចូល​ជា​ស្ថាពរ។
ទី​២-បណ្តឹង​រឿង​ផែនទី​ក្លែងក្លាយ នៅ​ក្នុង​ដៃ​តុលាការ​កំពូល និង​ទី​៣ សំណុំរឿង​បរិហារ​កេរ្តិ៍​លោក ហោ ណាំហុង ថា​​ជា​មេគុក​បឹងត្របែក ក្នុង​សម័យ​ខ្មែរក្រហម។
 
សំណុំរឿង​ក្តីបរិហារ​កេរ្តិ៍​លោក ហោ ណាំហុង កាលពី​ឆ្នាំ​២០០៨ ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោស​កំបាំង​​មុខ​​​​លោក ​សម ​រង្ស៊ី ដាក់​ពន្ធនាគារ ២​ឆ្នាំ។
ដោយសារ​តែ​ការ​ដក​ពាក្យបណ្តឹង ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា​នេះ តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​លុប​ចោល​សវនាកា។    
 
ដោយឡែក​ពី​ទីក្រុង​យ៉ាងហ្គូន ប្រទេស​ភូមា ក្នុង​ពេល​ជួប​លោកស្រី អ៊ុងសានស៊ូជី ​ប្រមុខ​ដឹកនាំ​​បក្ស​ប្រឆាំង​ភូមា លោក​សម រង្ស៊ី ក៏បាន​ប្រាប់​អ្នកកាសែត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច​មិន​​ហ៊ាន​ប្រកួត​ប្រជែង​ជាមួយ​លោក ហើយ​បាន​រារាំង​លោក​មិនឲ្យ​មក​ចូលរួម​ការបោះឆ្នោត នៅ​​ខែ​កក្កដា។
 
លោក សម រង្ស៊ី បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា​ ឥឡូវនេះ នៅ​កម្ពុជា មាន​ប៉ូលនយោបាយ​ប្រជែង​ការបោះឆ្នោត​ជាតិ​ នៅ​ខែ​កក្កដា តែ​ពីរ​ប៉ុណ្ណោះ។ គឺ​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា និង​មួយ​ទៀត​គឺគណបក្ស​​សង្គ្រោះជាតិ​របស់លោក។ ប៉ុន្តែ​លោក ​សម រង្ស៊ី ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច​មិន​ហ៊ាន​ប្រកួតប្រជែង​ជាមួយ​លោក​ឡើយ។ ដូច្នេះ​លោក​នាយក​រដ្ឋមន្ត្រី ក៏បាន​ប្រើប្រាស់តុលាការ​មិន​ឯករាជ្យ​ដើម្បី​ផ្តន្ទាទោស​រូប​លោក ដែល​នាំ​ឲ្យ​លោក​ត្រូវ​ភៀសខ្លួន​ទៅរស់នៅ​ក្រៅ​ប្រទេស។
 
ក៏ប៉ុន្តែ​មន្ត្រី​រាជរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី បាន​ច្រានចោល​នូវ​ការលើកឡើង​របស់​ប្រមុខ​គណបក្ស​ប្រឆាំង​ខាងលើ ហើយ​ថា​ករណី​លោក សម រង្ស៊ី ជា​បទល្មើស​រំលោភ​ច្បាប់ មិនទាក់ទង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ។
 
លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ថា “ខ្ញុំ​សោកស្តាយ​ពាក្យថ្លែង​របស់​ឯកឧត្តម សម រង្ស៊ី ដែល​លោក​ជា​ប្រធាន​គណបក្សពីរ គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សង្គ្រោះជាតិ ដែល​លោក មិន​គួរណា​ប្រើ​ពាក្យ ហើយ​និង​គំណិត​មនុស្ស​មិន​ទាន់​ពេញ​អាយុ​ឬ​មិន​ចំ​ទិសដៅ ដែល​ជា​ភាព​ថ្លៃថ្នូរ​របស់​អ្នក​នយោបាយ។ យើង​ដឹងហើយ​ថា កាតព្វកិច្ច​របស់​ឯកឧត្តម សម រង្ស៊ី គឺ​កាតព្វកិច្ច​យុត្តិធម៌ ឬ​ក៏ជា​កាតព្វកិច្ច​តុលាការ ដែល​វា​មិន​ពាក់ព័ន្ធ​នឹង​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន សុទ្ធសាធ។ គឺ​ជា​ការងារ​របស់​ខ្លួនគាត់​ផ្ទាល់​ជាមួយ​នឹង​អ្វី​ដែល​តុលាការ​យល់​ឃើញ​ថា ជា​ការ​រំលោភ​និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នោះ​ឯង”៕

—————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

2 Responses to "លោក​ សម​ រង្ស៊ី​ ដក​​ពាក្យ​បណ្តឹង​​​នៅ​​តុលាការ​​សាលាឧទ្ធរណ៍​​ ក្នុង​​សំណុំរឿង​​ក្តី​​បរិហារ​​កេរ្តិ៍​​លោក​​ ​ហោ​​ ​ណាំហុង​​"

  1. Former Hia lola says:

    Sam Rainsy trys to please the government in order to get a chance to come back for election. Sam Rainsy has already tried a lot of different tricks in order to come back home, but all of his tricks are failed. The samething, I don’t think he is going to be success this time again.

  2. True Khmer says:

    តុលាការស្រុកខ្មែរគឺជាតុលាការកម្មសិទ្ធផ្តាច់មុខរបស់បក្សប្រជាជនមិនមែនជាតុលាការឯករាជ្យ សម្រាប់ប្រជាជនទូទៅនៅស្រុកខ្មែរនោះទេ។​ ដូច្នេះបើទោះបីជាលោកសមរង្សីដកពាក្សបណ្តឹង ឬក៍ចង់បន្តរពាក្សបណ្តឹងលទ្ធផលគឺនៅតែចាញ់១០០%ដដែល។ ព្រោះបក្សប្រជាជនគេផ្តល់ចំលើយ ទៅតុលាការកាត់ក្តីជាស្រេចហើយ។ ដូច្នេះតុលាការពិតប្រាកដគ្រាន់តែជាទីមោងសម្រាប់បញ្ជារ ដោយបក្សពួកនៃបក្សប្រជាជនសម្រាប់ប្រើជាឧបករណ៍ដើម្បីធ្វើបាបគេតែមួយប៉ុណ្ណោះ។