រដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យឈប់ប្រថុយជីវិតឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ បន្តទៅទៀត។ ការអំពាវនាវនេះ ធ្វើឡើងនៅពេលដែលមានរបាយការណ៍ថា កងទាហានថៃ បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនកាន់តែច្រើនឡើង។
ដោយ វោហារ ជាតិ
2013-03-26
RFA

ក្រុមអ្នកកាសែតថតរូបរថយន្តដែលដឹកពលករខ្មែរ ២១នាក់ បញ្ជូនមកពីប្រទេសថៃ មកដល់ទឹកដីខ្មែរនៅជាប់គល់ស្ពានមិត្តភាពកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០។ RFA/Soun Sophalmony
ដើម្បីជៀសវាងគ្រោះថ្នាក់ទាំងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុនស្របច្បាប់វិញទើបមានសុវត្ថិភាពជាង។
បណ្ដាញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ មីនា នេះ ជំរុញឲ្យប្រជាពលរដ្ឋខ្មែរដែលចង់ស្វែងរកការងារធ្វើនៅប្រទេសថៃ ចុះឈ្មោះធ្វើការតាមរយៈក្រុមហ៊ុនរើសពលករចំនួនជាង៣០ ដែលមានទីតាំងនៅតាមខេត្ត ក្រុងនានាទូទាំងប្រទេសស្រាប់។
លោក ហ៊ូ វុឌ្ឍី អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា មានប្រសាសន៍ថា ការផ្សព្វផ្សាយសេចក្ដីប្រកាសនោះ គឺដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ពលករខ្មែរ ពីការបាញ់សម្លាប់របស់ទាហានថៃ និងដើម្បីការពារការជួញដូរមនុស្ស ដែលលោកថា ពេលនេះការជួញដូរមនុស្សទៅកាន់ប្រទេសឥណ្ឌា មានចរន្តថ្មីមួយគួរឲ្យព្រួយបារម្ភ៖ «ដាស់តឿនប្រជាពលរដ្ឋឲ្យដឹងថា បើចង់ទៅក្រៅកុំទៅខុសច្បាប់ ព្រោះបន្តិចឮថៃ បាញ់ បន្តិចគេយកទៅលក់ធ្លាក់ដល់ប្រទេសឥណ្ឌា អីនោះ អាដែងទៅខុសច្បាប់។ អ៊ីចឹងយើងឃើញ អ៊ីចឹងយើងផ្សាយទៅឲ្យគាត់ដឹងថា បើចង់ទៅក្រៅ កុំទៅខុសច្បាប់»។
លោក ហ៊ូ វុឌ្ឍី ឲ្យដឹងថា មានពលករខ្មែរប្រហែល ៤សែននាក់ កំពុងធ្វើការស្របច្បាប់នៅប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង។ លោកថា ក្រុមហ៊ុនរើសពលករជាង៣០ ដែលបានបង្កើតយូរមកហើយនោះ អាចធានាសុវត្ថិភាពជូនពលករខ្មែរបាន។
ក៏ប៉ុន្តែ លោក ចាន់ សុវ៉េត មន្ត្រីអង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc) ជំទាស់ថា ពលករខ្មែរទៅធ្វើការស្របច្បាប់តាមរយៈក្រុមហ៊ុន ក៏មិនមានសុវត្ថិភាពដែរ ព្រោះកន្លងមកមានពលករខ្មែរជាច្រើនត្រូវក្រុមហ៊ុនបំបរបង់ចោល ឲ្យប្រឈមនឹងការរំលោភសិទ្ធិវាយធ្វើបាប តែក្រុមហ៊ុនហាក់មិនទទួលខុសត្រូវ៖ «ក្រុមហ៊ុនមួយចំនួនទៀត គាត់គ្រាន់យកមនុស្សយកទៅដាក់ ហើយគាត់អត់ទទួលខុសត្រូវសព្វបែបយ៉ាង។ ឧទាហរណ៍ថា បាត់រយៈពេល ២ឆ្នាំ គ្រួសារទៅរក ហើយរកមិនឃើញ គ្មានឈ្មោះគ្មានអ្នកទទួលខុសត្រូវ»។
ទោះយ៉ាងណា លោក ហ៊ូ វុឌ្ឍី អះអាងថា បញ្ហាទំនាស់នានាដែលកើតឡើងលើពលករធ្វើការនៅបរទេស តាមរយៈក្រុមហ៊ុនមានចំនួនតិចបំផុត។ លោកថា ករណីរំលោភ និងទំនាស់ផ្សេងៗលើពលករក្នុងឆ្នាំ២០១១-២០១២ ស្ថិតក្នុងកម្រិតទាបប្រហែល ០,១% ក្នុងចំណោមពលករធ្វើការនៅក្រៅប្រទេសសរុបប្រហែល ៤សែននាក់។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីទាហានថៃ បាញ់អ្នកឆ្លងដែនខ្មែរស្លាប់ជាបន្តបន្ទាប់។ របាយការណ៍អង្គការសិទ្ធិមនុស្សអាដហុក បង្ហាញថា នៅឆ្នាំ២០០១ ទាហានថៃ បាញ់លើអ្នកឆ្លងដែនខ្មែរ ៧ករណី បណ្ដាលឲ្យខ្មែរ ១៣នាក់ស្លាប់។ នៅឆ្នាំ២០១២ ទាហានថៃ បានបាញ់ប្រជាពលរដ្ឋខ្មែរជាង ២២ករណី បណ្ដាលឲ្យខ្មែរ ២៩ស្លាប់ ហើយនៅបីខែដើមឆ្នាំ២០១៣ មាន ៤ករណី បណ្ដាលឲ្យខ្មែរ ៣នាក់ទៀតស្លាប់។
រឿងពលករខ្មែរខុសច្បាប់ធ្វើការនៅប្រទេសថៃ បានចាប់ផ្ដើមឡើងច្រើនក្រោយពេលកម្ពុជា ចប់សង្គ្រាមក្នុងទសវត្សឆ្នាំ១៩៩០ ដោយសារប្រជាពលរដ្ឋខ្មែរក្រផង ដោយសារតម្រូវការទីផ្សារពលកម្មនៅប្រទេសថៃ មានច្រើនផង។
ឯកសារស្រាវជ្រាវអំពីពលករខ្មែរធ្វើការនៅប្រទេសថៃ របស់សកលវិទ្យាល័យស៊ីណាវ៉ាត្រ (Shinawatra) ប្រទេសថៃ នៅខែធ្នូ ឆ្នាំ២០១០ បង្ហាញថា គឺដោយសារពលករខ្មែរទាំងនោះមានជីវភាពក្រីក្រ ពិបាករកការងារធ្វើនៅកម្ពុជា ប្រាក់ថ្លៃឈ្នួលពលកម្មនៅស្រុកខ្មែរទាប។ ចំណែកពលករខ្មែរខ្លះទៀតនៅក្បែរព្រំដែន នាំគ្នាឆ្លៀតឱកាសពេលទំនេរពីរដូវដកស្ទូង ច្រូតកាត់ ទៅរកការងារនៅស្រុកថៃ ដើម្បីរកប្រាក់ចំណូលបន្ថែម។ ពលករខ្មែរភាគច្រើនធ្វើការនៅជាយក្រុងបាងកក និងតាមខេត្តនានាប្រទេសថៃ ច្រើនធ្វើការងារធ្ងន់ គេបង្ខំឲ្យធ្វើការលើសម៉ោង តាមកសិដ្ឋាន ធ្វើកសិកម្ម ចុះទូកនេសាទ កម្មករសំណង់ កម្មកររោងចក្រ។ ពលករខ្មែរអាចរកប្រាក់កម្រៃចាប់ពី ១៧០បាត ទៅ ១៩០បាតក្នុងមួយថ្ងៃ ស្មើប្រហែល ១ម៉ឺន ៧ពាន់ ទៅ ១ម៉ឺន ៩ពាន់រៀលលុយខ្មែរ ក្នុងពេលពលករខ្លះទៀតអាចបានប្រាក់កម្រៃប្រហែល ៤ពាន់ ទៅ ៧ពាន់បាតក្នុងមួយខែ ស្មើ ៤សែន ទៅ ៧សែនរៀល។ ក៏ប៉ុន្តែ ឯកសារស្រាវជ្រាវបញ្ជាក់ថា ពលករខ្មែរប្រឈមគ្រោះថ្នាក់ចម្បងៗជាច្រើន ដូចជា ការប្រឈមច្បាប់ការងារ ដោយសារពលករខ្មែរចំនួន ៥៩នាក់ មានតែ ១៤នាក់ប៉ុណ្ណោះមានឯកសារធ្វើការស្របច្បាប់។
ក្រៅពីនេះ ថ្លៃឈ្នួលពួកគេត្រូវថៅកែថៃ កាត់ថ្លៃឯកសារបំពេញការងារ សម្រាប់សេវាព្យាបាល ដែលប្រាក់កាត់ទាំងនោះស្រេចតែថៅកែកំណត់ ហើយជួនកាលពលករខ្មែរខ្លះធ្វើការមិនសល់ប្រាក់ នៅតែជំពាក់ថៅកែរហូត ហើយមិនហ៊ានតវ៉ា។
យ៉ាងនេះក្ដី អង្គការសិទ្ធិមនុស្ស និងពលករខ្មែរជាច្រើន បានអះអាងថា ពលករខ្មែរភាគច្រើននៅតែចូលចិត្តផ្សងព្រេងរកការងារធ្វើនៅប្រទេសថៃ ខុសច្បាប់ ទោះបីប្រឈមគ្រោះថ្នាក់យ៉ាងណាក្ដី។ ទាំងនេះ ដោយសារហេតុផលមួយចំនួន ដូចជា ពួកគេមានសេរីភាពជ្រើសរើសការងារ មានសេរីភាពវិលជួបជុំគ្រួសារនៅស្រុកខ្មែរពេលណាក៏បាន ប្រាក់ឈ្នួលពលកម្មមិនត្រូវគេកាត់ ឬកំណត់ដូចធ្វើការឲ្យក្រុមហ៊ុន មិនចាំបាច់បង់ប្រាក់ថ្លៃឯកសារឆ្លងដែនច្រើន ដូចដែលក្រុមហ៊ុនតម្រូវមានចំនួនប្រហែល ៧០០ដុល្លារ ដែលប្រាក់នេះប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការជាច្រើនមិនអាចរកបាន។
ពលករម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ អះអាងថា ខ្លួនមិនចូលចិត្តធ្វើការតាមរយៈក្រុមហ៊ុនទេ ដោយសារបញ្ហាដែលបានលើកឡើងមកនេះ។ គាត់បានចំណាយប្រាក់បន្តិចបន្តួចក្រៅផ្លូវការ តែអាចចេញចូលរកការងារធ្វើនៅស្រុកថៃ ដោយមិនមានលក្ខខណ្ឌច្រើនដូចក្រុមហ៊ុន ហើយគាត់មានសេរីភាពអាចឈប់ធ្វើការពេលណាក៏បាន។
ចំពោះបញ្ហានេះ លោក ចាន់ សុវ៉េត បានទទួលស្គាល់ថា ជាមូលហេតុចម្បងដែលបណ្ដាលឲ្យចរន្តពលករខ្មែរសម្រុកទៅធ្វើការនៅប្រទេសថៃ ដោយខ្លួនឯង មិនតាមរយៈក្រុមហ៊ុន។ លោកសុំឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនពិចារណាឡើងវិញ បន្ធូរលក្ខខណ្ឌការងារដល់ពលករខ្មែរ ដើម្បីរួមចំណែកកាត់បន្ថយពលករខុសច្បាប់ឲ្យមានប្រសិទ្ធភាព។
ដើម្បីទប់ស្កាត់ពលករខ្មែរខុសច្បាប់នៅប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសថៃ បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរើសពលករខ្មែរ ធ្វើការនៅប្រទេសថៃ នៅឆ្នាំ២០០៣។ បន្ទាប់មក នៅឆ្នាំ២០០៦ ភាគីកម្ពុជា បានចាប់ផ្ដើមរើសពលករខ្មែរទៅធ្វើការនៅប្រទេសថៃ។ ពេលនោះ មានពលករខ្មែរខុសច្បាប់ជិត ២សែននាក់ស្រេចទៅហើយ កំពុងធ្វើការនៅប្រទេសថៃ។ ក្រោមកិច្ចព្រមព្រៀងនៃអនុសារណៈនៃប្រទេសទាំងពីរ បានជំរុញឲ្យមានពលករខ្មែរប្រហែល ១សែន ១ម៉ឺននាក់ បានចុះបញ្ជីអនុញ្ញាតធ្វើការស្របច្បាប់នៅប្រទេសថៃ។
ក៏ប៉ុន្តែ ចំនួនពលករខ្មែរទៅធ្វើការខុសច្បាប់នៅថៃ នៅតែកើនឡើងខ្ពស់ជាលំដាប់។ ជារឿយៗ គេសង្កេតឃើញមានពលករខ្មែរជាច្រើន ត្រូវប៉ូលិសថៃ ចាប់ដាក់ឡានដឹកមកចាក់ចោលនៅច្រកព្រំដែនប៉ោយប៉ែត រៀងរាល់សប្ដាហ៍ ដែលសកម្មភាពនេះ ភាគីថៃ បានអនុវត្តន៍អស់ជាច្រើនឆ្នាំមកហើយ។ ក៏ប៉ុន្តែ ការដឹកជញ្ជូនពលករខ្មែរខុសច្បាប់នោះ ហាក់ដូចជាវែកចក ជួនកាលគេឃើញមុខពលករខ្មែរដដែលៗ ដែលប៉ូលិសថៃ ដឹកជញ្ជូនត្រឡប់មកស្រុកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ទោះបីជាប្រឹងប្រែងទប់ស្កាត់ក៏គ្មានប្រយោជន៏អ្វីដែរ ។ កន្លែងណាដែលគេសង្ឃឹមថាអាចរស់បានគឺគេទៅកន្លែងហ្នឹងហើយ ជាជាងដេកចាំស្លាប់ដោយគ្មានការធ្វើ ឬ រកចំណូលបានមិនគ្រប់គ្រាន់ ។ សាកគឹតទៅមើលមើល គ្រាន់តែសហជីពគ្នាទាមទារប្រាក់ឈ្នូលអតិបរិមាចំនួន ១០០ដុល្លា ក៏រដ្ធាភិបាលអសម្ថភាពរកដំណោះស្រាយជូនពួកគាត់បានដែរ ។ ចុះ ទម្រាំដឺងថា នៅស្រុកថៃគេត្រូវការអោយកំលាំងពលករ ដោយអោយ ប្រាក់ឈ្នួល ចាប់ ពី ៣០០ ទៅ ៥០០បាត ក្នុងមួយថ្ងៃនោះ តើ អ្នកណាគេមិនគឹតពីបញ្ហានេះនោះ ។