ភ្នំពេញៈ អ្នកវិនិយោគជនជាតិអង់គ្លេសល្បីឈ្មោះម្នាក់ ត្រូវអង្គភាពប្រឆាំអំពើពុករលួយចាប់ខ្លូនជាមួយជនជាតិ កម្ពុជាបីនាក់ ក្នុងនោះមានព្រះរាជអាជ្ញារងតុលាការយោធាម្នាក់ និងកូនប្រុសម្នាក់ផងកាលពីថ្ងៃសៅរ៍ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយត្រូវបញ្ជូនទៅពន្ធនាគារ ព្រៃស កាលពីថ្ងៃអាទិត្យ បន្ទាប់ពីគាត់ត្រូវចោទប្រកាន់ជាផ្លូវការ ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ។
Tuesday, 26 March 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
លោក ផាន់ វណ្ណារតន៍ ប្រធាន អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានថ្លែងកាលពីម្សិលមិញថា លោក Gregg Fryett អាយុ ៥៥ ឆ្នាំ អតីតប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sustainable Growth Group Ltd និងជានាយកក្រុមហ៊ុន Green Energy ត្រូវចោទប្រកាន់និងផ្ទេរពីខេត្តបន្ទាយមានជ័យ ទៅពន្ធនាគារព្រៃស ពីរសៀលថ្ងៃទី២៤ ខែមីនា។
លោកប្រាប់ដែរថា៖ «គាត់ត្រូវចោទប្រកាន់ពីរករណី គឺបទក្លែងលិខិតសាធារណៈនិងប្រើប្រាស់លិខិតក្លែងក្លាយ។ ចៅក្រមស៊ើបអង្កេតបានសម្រេចផ្ទេរលោកទៅពន្ធនាគារនៅរាជធានីភ្នំពេញ»។
លោកបន្ថែមថា លោក Gregg Fryett ត្រូវចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ ផ្អែកតាមដីកាចាប់ខ្លួនរបស់តុលាការខេត្តបន្ទាយមានជ័យ តាមពាក្យបណ្តឹងរបស់រដ្ឋបាលព្រៃឈើ នៅតំបន់ខាងជើងបឹងទន្លេសាប ដែលចោទប្រកាន់ពីបទឈូសឆាយដីព្រៃរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ ២០១២។
លោកបន្តថា៖ «គាត់ត្រូវរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ប្តឹងពីបទឈូសឆាយដីព្រៃរដ្ឋទំហំជាង ១៨០០ ហិកតា ក្នុងស្រុកស្វាយចេក។ គាត់បានក្លែងឯកសារដើម្បីកាន់កាប់ដីរដ្ឋ»។
លោក សង្កត់ធ្ងន់ថា ករណីដដែលនេះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ បុរសកម្ពុជាពីរនាក់ ឈ្មោះ អ៊ុំ សំអាង អាយុ ៤៩ឆ្នាំ ជាអភិបាលក្រុមហ៊ុន International Green Energy និងអ្នកគ្រប់គ្រងឈ្មោះ សឿម ស៊ីដែន អាយុ៤៣ឆ្នាំ ក៏ត្រូវចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ ពីបទឆបោកនិងក្លែង ឯកសាធារណៈ។ អ្នកទាំងពីរនៅជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ។