នៅថ្ងៃទី២៦ មីនា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនយោបាយមួយរំលឹកថា ប្រទេសកម្ពុជា បើគ្មានការដឹកនាំការរបស់លោកទេនោះ លោកមិនធានាថា កម្ពុជា មានស្ថិរភាពនយោបាយនោះទេ។ តែការលើកឡើងនេះ ត្រូវបានក្រុមសិទ្ធិមនុស្ស ពន្យល់ថា កម្ពុជា គ្មានសង្គ្រាមកើតឡើងវិញទេ បើទោះបីជាគណបក្សផ្សេងជាប់ឆ្នោតក្ដី។
ប្រមុខរដ្ឋាភិបាល បានអះអាងថា ប្រទេសកម្ពុជា បានឆ្លងផុតសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងទទួលបានឯករាជ្យ សន្តិភាពនេះ បានកើតឡើង គឺដោយសារតែការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន។
ដោយ ខែ សុណង
2013-03-26
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលរក្សាបាននូវស្ថិរភាពនយោបាយបានរហូតដល់សព្វថ្ងៃ ដែលមានរយៈពេលប្រមាណ ៣៤ឆ្នាំមកនេះ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារវត្តឧត្ដមមុនីវង្ស ហៅវត្តទួលសូភី នៅស្រុកអូររាំងឪ ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ថា បើកម្ពុជា មិនមានសន្តិភាពទេ ក៏មិនអាចអភិវឌ្ឍន៍បានដែរ។ លោកបានលើកឧទាហរណ៍ប្រទេសមួយចំនួន ដែលអស្ថិរភាពនោះ ដូចជា នៅអ៊ីរ៉ាក់ (Iraq) ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) ប្រទេសស៊ីរី (Syria) និងថៃភាគខាងត្បូង ថា ដោយសារតែមិនមានស្ថិរភាពនយោបាយ និងសន្តិភាព ព្រោះតែមានការវាយប្រហារជាប់ឥតដាច់។
លោក ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូលក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានអនុវត្តន៍ដោយលោកផ្ទាល់នូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញដល់សព្វថ្ងៃ៖ «គណបក្សប្រជាជន បានដើរតួនាទីស្នូលនៃការផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការទប់ស្កាត់នៃការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការនាំមកនូវការបង្រួបបង្រួមជាតិ និងសន្តិភាពតាមនយោបាយឈ្នះៗ បើគ្មានតួអង្គគណបក្សប្រជាជន ហើយខ្ញុំករុណាខ្ញុំបានដាក់ចេញនូវនយោបាយឈ្នះៗ និងដឹកនាំដោយផ្ទាល់នូវនយោបាយឈ្នះៗនេះ គ្មាននរណាហ៊ានដណ្ដើមពីខ្ញុំករុណាខ្ញុំលើបញ្ហានេះទេ ព្រោះគេមិនអាចធ្វើបានទេ»។
អ្នកឃ្លាំមើលបញ្ហាសង្គម បានហៅការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាសារនយោបាយមួយដែលបំភិតបំភ័យម្ចាស់ឆ្នោត។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ បានថ្លែងថា បើសិនជាគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ហើយសុខចិត្តផ្ទេរតំណែងតាមច្បាប់នោះ ប្រទេសកម្ពុជា នឹងមានស្ថិរភាពយូរអង្វែង៖ «មូលហេតុដោយសារប្រទេសដែលគាត់លើកឡើងហ្នឹង គឺជាប្រទេសមួយដែលអ្នកដែលកាន់អំណាចហ្នឹង គាត់ក្រាញពេក មនុស្សឈឺចាប់ គាត់ចង់ដូរ គាត់ឈឺចាប់មិនដឹងធ្វើម៉េច។ ហើយវាខុសគ្នានឹងប្រទេសកម្ពុជា ព្រោះប្រទេសកម្ពុជា មានការបោះឆ្នោតទៀងទាត់។ ខ្ញុំមើលទៅការវិភាគហ្នឹង វាអត់ត្រឹមត្រូវទេ លោក ហ៊ុន សែន គួរតែលើកពីប្រទេសដែលគេបោះឆ្នោតទៀងទាត់ ហើយគេដូរនាយករដ្ឋមន្ត្រីទៀងទាត់ ដូចជា ប្រទេសអូស្ត្រាលី ប្រទេសអាមេរិក ប្រទេសដែលជឿនលឿនក្នុងពិភពលោកច្រើន សុទ្ធតែជាប្រទេសប្រជាធិបតេយ្យ។ ប្រទេសដែលលោកលើកឡើងទាំងអស់ហ្នឹង គឺសុទ្ធតែប្រទេសផ្ដាច់ការ»។
លោក ហ៊ុន សែន បានអះអាងទៀតថា លោកនៅតែបន្តដឹកនាំប្រទេសទៅទៀត ប្រសិនបើប្រជាជននៅតែគាំទ្រលោក។ លោកថា បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿជាក់លើ ហ៊ុន សែន ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ អ្នកឃ្លាំមើលសង្គមយល់ថា គឺជាសារមួយដែលអ្នកនយោបាយឆ្លៀតឱកាសក្នុងការឃោសនារកសំឡេងឆ្នោត។ ការបោះឆ្នោតជាតិ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ បានថ្លែងថា បើសិនជាគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ហើយសុខចិត្តផ្ទេរតំណែងតាមច្បាប់នោះ ប្រទេសកម្ពុជា នឹងមានស្ថិរភាពយូរអង្វែង៖ «មូលហេតុដោយសារប្រទេសដែលគាត់លើកឡើងហ្នឹង គឺជាប្រទេសមួយដែលអ្នកដែលកាន់អំណាចហ្នឹង គាត់ក្រាញពេក មនុស្សឈឺចាប់ គាត់ចង់ដូរ គាត់ឈឺចាប់មិនដឹងធ្វើម៉េច។ ហើយវាខុសគ្នានឹងប្រទេសកម្ពុជា ព្រោះប្រទេសកម្ពុជា មានការបោះឆ្នោតទៀងទាត់។ ខ្ញុំមើលទៅការវិភាគហ្នឹង វាអត់ត្រឹមត្រូវទេ លោក ហ៊ុន សែន គួរតែលើកពីប្រទេសដែលគេបោះឆ្នោតទៀងទាត់ ហើយគេដូរនាយករដ្ឋមន្ត្រីទៀងទាត់ ដូចជា ប្រទេសអូស្ត្រាលី ប្រទេសអាមេរិក ប្រទេសដែលជឿនលឿនក្នុងពិភពលោកច្រើន សុទ្ធតែជាប្រទេសប្រជាធិបតេយ្យ។ ប្រទេសដែលលោកលើកឡើងទាំងអស់ហ្នឹង គឺសុទ្ធតែប្រទេសផ្ដាច់ការ»