ក្នុងពេលទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ជិតផុតអាណត្តិ នៅព្រឹកថ្ងៃទី២៦ មីនានេះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងថា ការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដាខាងមុខ នៅតែប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រជាធិបតេយ្យ បើទោះបីជាមិនមានវត្តមានរបស់មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចូលរួមក៏ដោយ។ តាមលោក ហោ ណាំហុង ករណីលោក សម រង្ស៊ី មិនមែនជាករណីនយោបាយទេ ហើយគណបក្សប្រឆាំងក៏បានត្រៀមខ្លួនដើម្បីចូលរួមការបោះឆ្នោតផងដែរ។
ថ្ងៃ អង្គារ 26 មីនា 2013
ដោយ លី ម៉េងហួរ
RFI

លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា (RFI/Siv Channa)
ការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខត្រូវបានលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី Penny Richards ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាជិតផុតអាណត្តិ បានលើកឡើងក្នុងកិច្ចប្រជុំដោយបិទទ្វារនៅព្រឹកមិញ។ លោកប្រមុខការទូត ហោ ណាំហុង បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលីថា ការបោះឆ្នោត នាខែកក្កដាខាងមុខនេះ រដ្ឋាភិបាលសង្ឃឹមថា ការបោះឆ្នោតនោះនឹងប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ និងប្រជាធិបតេយ្យ ដូចការបោះឆ្នោតមុនៗដែរ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស។
លោក កុយ គួង បានគូសបញ្ជាក់ថា "ឯកឧត្តមបានបញ្ជាក់ហើយថា កម្ពុជាមានការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ ដែលមានអ្នកសង្កេតការណ៍បរទេសជាច្រើន និងមានអ្នកសង្កេតការណ៍ជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសង្កេតការណ៍តំណាងគណបក្សរាប់ពាន់នាក់ គឺថាទាំងអស់គ្នាបានឯកភាពថា ការបោះឆ្នោតនោះ ប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌"។ លោក កុយ គួង បានគូសបញ្ជាក់ថា "ហេតុដូច្នេះហើយ រឿងការបោះឆ្នោតនៅពេលខាងមុខនេះ ថ្វីត្បិតតែបើទោះជាគ្មានលោកសមរង្ស៊ីចូលរួម ក៏គណបក្សលោក សម រង្ស៊ី គណបក្សរបស់គាត់ ក៏បន្តដំណើរការការងារនយោបាយ ហើយចូលរួមក្នុងការបោះឆ្នោតជាដដែល។ ដូច្នេះហើយ ជាបុគ្គល គឺសមរង្ស៊ីស្ថិតក្នុងផ្លូវច្បាប់ មិនមែនស្ថិតក្នុងផ្នែកនយោបាយទេ។ ដូច្នេះហើយ វាអត់ពាក់ព័ន្ធថា ការបោះឆ្នោតនឹងថា ប្រព្រឹត្តិទៅយ៉ាងណានោះ ពីព្រោះការបោះឆ្នោតជាសេរី សំខាន់គណបក្សគ្រប់និន្នាការនយោបាយ ចូលរួមបោះឆ្នោត មិនមែនផ្តោតទៅលើតែបុគ្គល ដែលជាទណ្ឌិតនោះទេ"។
ក៏ប៉ុន្តែ លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ីបានលើកយកអនុសាសន៍របស់សហភាពអឺរ៉ុប និងអ្នករាយការណ៍ពិសេស លោក ស៊ូប៊ែឌី ដែលលោកថា ការបោះឆ្នោតនៅកម្ពុជា មិនទាន់សេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ហើយស្នើឲ្យមានការកែទម្រង់ គ.ជ.ប.។ តាមលោក គង់ គាំ វត្តមានរបស់លោកសមរង្ស៊ីសម្រាប់ចូលរួមដោយផ្ទាល់ក្នុងការបោះឆ្នោត ជាការសំខាន់។ លោក គង់ គាំ បានបញ្ជាក់ថា “លោកប្រធានសមរង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ ហើយបើគ្មានប្រធានគណបក្សប្រឆាំង ដើម្បីប្រកួតប្រជែងមួយទល់នឹងមួយជាមួយគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ននេះ មិនបានចូលរួមការបោះឆ្នោតទេ នោះការបោះឆ្នោត នឹងមិនត្រឹមត្រូវ សេរី និងយុត្តិធម៌ទេ”។
ចំណែកលោក ហង្ស ពុទ្ធា ប្រធានអង្គការឃ្លាំមើលការបោះឆ្នោត នីកហ្វិច បានលើកឡើងថា នៅពេលនេះ គេមិនទាន់អាចវាយតម្លៃលើភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតជាតិ នាខែកក្កដានៅឡើយទេ។ លោកថា បើសិនជាមានការអនុញ្ញាតឲ្យលោកសមរង្ស៊ី មកចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត គឺកាន់តែប្រសើរ។ លោក ហង្ស ពុទ្ធា បានលើកឡើងថា “ទោះបីជាអវត្តមានរបស់មេគណបក្សជំទាស់មួយ យើងក៏នៅឃើញថា មានសកម្មជនរបស់គណបក្សជំទាស់នេះ បានប្រឹងប្រែងធ្វើសកម្មភាពជាច្រើន ដើម្បីទាក់ទាញការគាំទ្ររបស់ប្រជាពលរដ្ឋដែរ។ អីចឹង ការបោះឆ្នោតនៅតែដំណើរការទៅមុខ។ ប៉ុន្តែប្រសិនបើអនុញ្ញាតឲ្យមេបក្សប្រឆាំងចូលមកប្រកួតប្រជែងដែរ ខ្ញុំគិតថា នេះកាន់តែប្រសើរជាងអ្វីដែលបានគិតតទៅទៀត”។
សូមបន្ថែមថា ក្នុងកិច្ចប្រជុំជាមួយនឹងឯកអគ្គរដ្ឋទូតអូស្ត្រាលី នៅព្រឹកមិញ លោកប្រមុខការទូតកម្ពុជា ហោ ណាំហុង ក៏បានជំរុញឲ្យសាលាក្តីខ្មែរក្រហម ដំណើរការឲ្យបានលឿន ដើម្បីកុំឲ្យបញ្ចប់ទៅ ដោយគ្មានអ្នកទោស មកឈរកាត់ក្តីបន្តទៅទៀត។ រីឯអ្នកស្រី Penny Richards បានលើកឡើងថា អូស្ត្រាលីនឹងពិចារណាបន្តផ្តល់ជំនួយបន្ថែមទៀតដល់សាលាក្តីខ្មែរក្រហម ខណៈដែលសាលាក្តីសព្វថ្ងៃ កំពុងប្រឈមនឹងវិបត្តិថវិកា និងវ័យចាស់ជរារបស់ជនជាប់ចោទក្នុងសំណុំរឿង ០០២៕



ជួយ បញ្ជូនហោណាំហួយនេះទៅឆ្លុះខួក្បាលផង ។