ពេជ្រ សេរីរ័ត្ន វិល​មក​កាន់​អាជីព​ចាស់ តែ​ប្តូរ​ឆ្នាំង​ថ្មី

ភ្នំពេញៈ ក្រោម​វត្ត​មាន​លឹបល​ក្នុង​ពិភព​សិល្បៈ​ជិត​២ឆ្នាំ​​ ជាមួយ​រឿង​រ៉ាវ​អាស្រូវ​​ពី​មួយ​ទៅ​មួយ​គ្មាន​ថ្ងៃ​ស្រាក​ស្រាន្ត ​អតី​ត​ពិធី​ការិនី​កម្មវិធីដែល​អស់​តំណែង​ពី​ស្ថានីយ​ទូរទស្សន៍​បាយ័ន នាង​ពេជ្រ សេរីរ័ត្ន ស្រាប់​តែ​ធ្វើ​ឲ្យ​​ទស្សនិកជន​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ ខណៈ​ដែល​នាង​បាន​បង្ហាញ​ខ្លួន​​នៅ​លើ​ឆាក​ប្រគំ​តន្រ្តី​ធំ​មួយ​របស់​ទូរ​ ទស្សន៍​ហង្ស​មាស ក្នុង​ឋានៈ​ជា​ពិធីការិនី​ ជាមួយ​ពិធីករ​លោក​ ភោ សុផានិត។

Wednesday, 27 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

ពិធី​ការិនី​នាង ពេជ្រ សេរី​រ័ត្ន បាន​វិល​មក​កាន់​អាជីព​ចាស់​។ រូប​ថត សេត គឹមសឿន

ពិធី​ការិនី​នាង ពេជ្រ សេរី​រ័ត្ន បាន​វិល​មក​កាន់​អាជីព​ចាស់​។ រូប​ថត សេត គឹមសឿន

គួរ​រំឭក​ដែរ​ថា កន្លង​មក​ជា​មួយ​ការ​ចេញ​មុខ​បក​ស្រាយ​រឿង​អាស្រូវ​ដ៏​ចម្រូង​ចម្រាសនៃ​ ជីវិត​ឯកជន​នោះ អតីត​ពិធី​ការិនី​ញញឹម​ស្រស់ វោហា​មិន​រីង​ស្ងួត​ក្នុង​កម្ម​វិធី​«រាត្រី​ពណ៌​ស្វាយ​»របស់​ស្ថានីយ ទូរទស្សន៍​បាយ័ន នាង​ពេជ្រ សេរីរ័ត្ន ក៏​ធ្លាប់​បាន​អះអាង​ផង​ដែរ​ថា នាង​នឹង​មិន​វិល​រក​អាជីព​ចាស់​វិញ​ទេ បើ​ទោះ​បី​មាន​ខាង​ទូរទស្សន៍​ទាក់​ទង​ហៅ​ជា​ហូរហែ​ក៏ដោយ ព្រោះ​ថា​នាង​ជាប់​រវល់​នឹង​ការងារ​រក​ស៊ី​រក​តែ​ពេល​សម្រាក​មិន​បាន​ផង​នោះ។

ទោះយ៉ាងណា នៅ​ក្រោយ​ការ​តាំង​ខ្លួន​ជាមួយ​ការ​គេច​មុខ​ពី​រឿង​អាស្រូវ​គ្មាន​ពេល​ ស្រាកស្រាន្ត​នោះ នៅ​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មីនា ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​ស្រាបៀរ​អង្គរ ដែល​រៀប​ចំឡើង និង​ផ្សាយ​ផ្ទាល់​ដោយ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​នោះ ស្រាប់​តែ​លេច​វត្តមាន ពេជ សេរីរ័ត្ន ក្នុង​តំណែង​ជា​ពិធីការិនី​កាន់​ក្បាល​មេក្រូ​អត្ថាធិប្បាយ​ ជា​មួយ​លោក ភោ សុផានិត។

ការ​លេច​មុខ​ក្នុង​អាជីព​ចាស់​របស់​ សេរីរ័ត្ន នេះ ត្រូវ​បាន​ទស្សនិកជន​លើក​ឡើង​ដែរ​ថា បណ្តាល​​មក​ពី​ការងារ​រកស៊ី​របស់​នាង​មួយ​ចំនួន​បរាជ័យ​​។ មាន​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​ចូល​មក​ជ្រក​ក្រោម​ដំបូល​របស់​ហង្ស​មាស​យ៉ាង​ដូច្នេះ?

ទោះជា ​យ៉ាង​ណា ចម្ងល់​របស់​មហាជន​នេះ​ មិន​ត្រូវ​បក​ស្រាយ​ឲ្យ​អស់​សង្ស័យ​ឡើយ​ ខណៈ​ពិធី​ការិនី​រូប​នេះ បែរ​ជា​សំណូមពរ​ទៅ​វិញ​ និង​ស្នើ​ឲ្យ​មហាជន​រង់ចាំ​ទស្សនា​វគ្គ​បន្ត​បន្ទាប់​ទៀត។

នាង​និយាយ​ថា៖​«​ខ្ញុំ​សុំ​មិន​និយាយ​ឬ​ក៏​បក​ស្រាយ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ​ទេ ​គឺ​ចង់​ឲ្យ​ទស្សនិកជន​រង់​ចាំ​ទស្សនា​ វគ្គ​បន្ត​ ព្រោះ​នៅ​មាន​ច្រើន​ទៀត»​។ បន្ថែម​លើ​ចម្លើយ​បែប​លាក់​បាំង​នោះ ​នាង ពេជ្រ សេរីរ័ត្ន បាន​លើក​ឡើង​បែប​ជា​ចម្ងល់​ខ្លួន​ឯង​ដែរ​ថា៖ ​«​កន្លង​មក​នេះ ​​មាន​​ខ្យល់​ព្យុះ ភ្លៀង បោក​បក់​មក​លើ​ខ្ញុំ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទាល់​តែ​សោះ ពិសេស​រឿង​ជីវិត​របស់​ខ្ញុំ​។ មាន​អ្នក​ខ្លះ​និយាយ​ថា ​វាចូល​សិល្បៈ​វិញ ដោយ​សារ​តែ ​អត់​អី​ស៊ី..​បាន​ចូល​ធ្វើ​ការ​ ប្តី​បោះបង់​ចោល​ លែង​ចិញ្ចឹម​ បើមិន​អ៊ី​ចឹង​ទេ គឺ​អស់​ផ្លូវ​ដើរ​ រលាយ​មុខ​ជំនួញ ទើប​វិល​រក​ឆ្នាំង​ចាស់​វិញ»​។

ប៉ុន្តែ​នាង​បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ទាក់ទង​រឿង​នេះ​ទេ​ ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ថា ​មិន​ចាំ​បាច់​ទាល់​តែ​ក្រ​បានចូ​លធ្វើ​ការ​វិញ​នោះទេ​ ពេល​ខ្លះ​ធ្វើ​ការ​ ក៏​ដើម្បី​ភាព​សប្បាយ​ក៏​ថាបា​ន»៕

What Next?

Recent Articles