ជប៉ុនផ្តល់ជំនួយ ឥតសំណង ៤១៥.៣៣៩ដុល្លារ អាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍បួន

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណង ចំនួន ៤១៥.៣៣៩ដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន៤ ជួយសម្រួលដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា។

វ.គីម
Thursday 28 March 2013
The Free Press Magazine

លោក គូម៉ាម៉ារ៉ូ យូជិ (Kumamaru Yuji)  ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បាន​មានប្រសាសន៏នៅក្នុង ពិធីចុះហត្ថលេខា នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជាថា «គម្រោងទំាងបួនដែលយើង បានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណងជួយសម្រួល ដល់វិស័យកសិកម្ម និងកែលម្អការគ្រប់គ្រង ទឹកជំនន់នៅតំបន់ជនបទ។ វិស័យកសិកម្ម និងការគ្រប់គ្រង ទឹកជំនន់ មានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់លើវិស័យទំាងនេះ សម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍»។

រដ្ឋា​ភិបាល​​ជប៉ុន​នឹង​ផ្តល់​ទឹក​ប្រាក់​ចំនួន​​៤១៥.៣៣៩​ដុល្លារអាមេរិក ដល់​ស្ថាប័ន​ទទួល​ជំនួយ​ចំនួន​៤​ក្រោម​​គម្រោង​​ការណ៍​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​ជំនួយ​ឥត​​សំណង​សម្រាប់​គម្រោង​ទ្រង់​ទ្រាយ​តូច​សន្តិ​សុខ​​មនុស្សជាតិ (ជំនួយ​គួសាណូណិ) ។

គម្រោងទាំងបូន ដែលរដ្ឋា​ភិបាលជប៉ុន ផ្តល់ជាជំនួយឥតសំណងបន្ថែមនោះរួមមាន៖

១ – គម្រោងសាងសង់មជ្ឈមណ្ឌលបណ្តុះ និងចែកចាយពូជដំឡូងមីខេត្ត បាត់ដំបង។
២ – គម្រោងអភិវឌ្ឍន៍ជនបទស្រុកសំបូរ ខេត្ត ក្រចេះ។
៣ – គម្រោងកែលម្អប្រព័ន្ធរំដោះទឹកក្នុងតំបន់ អូតាវ៉ៅ ខេត្ត ប៉ៃលិន។
៤ – គម្រោងកែលម្អប្រព័ន្ធរំដោះទឹកក្នុងក្រុង នៃខេត្ត ប៉ៃលិន៕

What Next?

Recent Articles