ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ថ្មី ដល់​វិស័យ​ថាមពល សុខាភិបាល និង​អប់រំ​កម្ពុជា

ភ្នំពេញៈ រាជ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ នឹង​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​ឥត​សំណង​ថ្មី​ដល់​វិស័យ​ថាមពល សុខាភិ​បាល និង​អប់រំ នៅ​ប្រទេស​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​សរុប ចំនួន​បីពាន់​មួយ​រយ​ម្ភៃ​បី​លាន​យ៉េន (3,123,000,000 Yen) ប្រហាក់​ប្រហែល​នឹង ៣៤ លាន​ដុល្លារ​អាមេរិក។

Thursday, 28 March 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ពិធីចុះហត្ថលេខាផ្តល់ជំនួយខ្នាតតូចរបស់ជប៉ុន កាលពីម្សិលមិញ ។ រូបថតហេង ជីវ័ន

ពិធីចុះហត្ថលេខាផ្តល់ជំនួយខ្នាតតូចរបស់ជប៉ុន កាលពីម្សិលមិញ ។ រូបថតហេង ជីវ័ន

ពិធី​ចុះ​ហត្ថលេខា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទី​២៨ មីនា​នេះ នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ដោយ​លោក គាត​ ឈុន ឧបនាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋមន្រ្តី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​លោក Izaki Hiroshi ប្រធាន​តំណាង​ការិយា​ល័យ JICA កម្ពុជា។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​ជំនួយ​ឥត​សំណង​ចំនួន​បី រួម​មាន៖

គម្រោង​សាងសង់ និងស្តារ​ឡើង​វិញ​នូវ​វារី​អគ្គិសនី​ខ្នាត​តូច​ក្នុង​ខេត្ត​រតនគីរី ដែល​មាន​ទឹក​ប្រាក់​ចំនួន មួយ​ពាន់​ពីរ​រយ​ប្រាំ​មួយ​លាន​យ៉េន (1,206,000,000 Yen) ប្រមាណ​ជា ១៣.១ លាន​ដុល្លារ​អាមេរិក ។ គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ​របស់​អគ្គិសនី​ខេត្ត​សម្រាប់​ប្រជាជន​ជាង​ ៨០.០០០​នាក់ ដែល​រស់​នៅ​ក្នុង​ទីក្រុង​បាន​លុង និង​ស្រុកជិតៗ​នោះ​ដែល​មាន​ចំនួន​ប្រជាជន​ស្មើរ​នឹង​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ខេត្ត​រតនគីរី។

សកម្មភាព​របស់​គម្រោង​នេះ​បូក​រួម​ទាំង​ការ​សាង​សង់​វារី​អគ្គិសនី​ខ្នាត​តូច​ទំនប់​អូរជុំ​១ ការ​ជួស​ជុល​សំណង់​នានា​ដែល​មាន​ស្រាប់​រួម​ទាំង​សំណង់​ស្ទាក់​ទឹក និង​ប្រឡាយ​នៅ​ទំនប់​អូរ​ជុំ១ ការ​សាង​សង់​បណ្តាញ​ចែក​ចាយ​អគ្គិសនី​ចាប់​ពី​រោង​ចក្រ​វារី​អគ្គិសនី​ទំនប់​អូរជុំ​១​ថ្មី ការ​ផ្លាស់​ប្តូ​រោងចក្រ​ដែល​មាន​ស្រាប់​រួម​ទាំង​ម៉ាស៊ីន​ភ្លើង​នៅ​ទំន​ប់អូរ​ជុំ​២ ការ​ជួស​ជុល​ផ្លូវ​រដ្ឋបាល​នៅ​តំបន់​ទំនប់​អូរជុំ២ ស្ថានីយ​អគ្គិសនី​និង​ជំនួយ​បច្ចេក​ទេស​សម្រាប់​ប្រតិបត្តិ​ការ​សកម្មភាព​ទាំង​នេះ។

គម្រោង​កែលំ​អ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ ដែល​មាន​ទឹក​ប្រាក់​ចំនួន មួយ​ពាន់​បី​រយ​ម្ភៃ​មួយ​លាន​យ៉េន (1,321,000,000 Yen) ប្រមាណ​ជា ១៤.៣៥​លាន​ដុល្លារ​អាមេរិក ។ គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​សេវា​ថែ​ទាំ​វេជ្ជ​សាស្រ្ត និង​ប្រព័ន្ធ​មន្ទីរ​ពេទ្យ​បង្អែក​តាម​រយៈ​ការ​សាង​សង់​អគារ​ថ្មី​ចំនួន​៥ រួម​មាន​អគារ​សង្រ្គោះ​បន្ទាន់ អគារ​វះ​កាត់ អគារ​រដ្ឋបាល អគារ​ព្យាបាល​ជំងឺ​កុមារ ។ល។

គម្រោង​សាងសង់គារ​មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត និង​បំពាក់បរិក្ខារមន្ទីរ​ពិសោធន៍​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ក្នុង​ទឹក​ប្រាក់​ចំនួន ប្រាំ​រយ​កៅ​សិប​ប្រាំ​មួយ​លាន​យ៉េន (596,000,000 Yen)​ ប្រហាក់​ប្រហែល​នឹង ៦.៤លាន​ដុល្លារ​អាមេរិក ។ គម្រោង​នេះ​នឹង​សាង​សង់​អគារ​ពិសោធន៍​និង​បំពាក់​សំភារៈ​ពិសោធន៍​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ដើម្បី​រៀប​ចំ​បើក​ថ្នាក់​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់​នៅ​គ្រប់​ដេប៉ា​តឺម៉ង់​ទាំង​អស់​ក្នុង​ឆ្នាំ​សិក្សា ២០១៤-២០១៥ និង​គម្រោង​បើក​ថ្នាក់​បណ្ឌិត​វិស្វកម្ម​នៅ​តាម​ដេប៉ា​តឺម៉ង់​ជំនាញ​មួយ​ចំនួន​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦។

គម្រោង​នេះ​រួម​ជាមួយ​គម្រោង​សហ​ប្រតិបត្តិ​ការ​បច្ចេក​ទេស​របស់​ជប៉ុន​ដែល​កំពុង​អនុវត្ត​សព្វ​ថ្ងៃ​នេះ​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ក៏​រំពឹង​ផង​ដែរ​ថា​នឹង​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរ​ឡើង។

សូម​បញ្ជាក់​ថា ជប៉ុន​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្តល់​ជំនួយ​ឥត​សំណង​ធំៗ​ទាំង​អស់​នៅ​កម្ពុជា​ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ២.២៣​លាន​កោដិ​ដុល្លារ​អាមេរិក គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក ហើយ​ចំនួន​ទឹក​ប្រាក់​ជំនួយ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំថ្មីៗ​នេះ​មាន​ចំនួន​ជាង ១២០​លាន​ដុល្លារ​អាមេរិក។

What Next?

Recent Articles