សៀមរាបៈ ជាមួយនឹងសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាលមានភ្នំជាច្រើនបន្តបន្ទាប់គ្នា មានព្រៃព្រឹក្សាលតាវល្លិ សត្វព្រៃ និងទឹកជ្រោះធម្មជាតិហូរកាត់តាមជ្រលងភ្នំដ៏ត្រជាក់ ដោយបូករួមជាមួយនឹងកំណប់ប្រវត្តិសាស្ត្រ សាសនា ប្រាសាទបុរាណជាច្រើនកន្លែង រូបចម្លាក់បុរាណ និងបង្កប់ដោយជំនឿខ្មែរដ៏ខ្លាំងក្លានោះ នៅពេលនេះ ភ្នំគូលែនដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញស្ថិតក្នុងខេត្តសៀមរាប កំពុងត្រូវបានមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធដុតដៃដុតជើងដើម្បីជំរុញឲ្យតំបន់ភ្នំគូលែនមួយនេះក្លាយជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។
Thursday, 28 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៣ មន្រ្តីជាន់ខ្ពស់របស់អាជ្ញាធរអប្សរា បានធ្វើការអំពាវនាវដល់បណ្តាក្រុម និងភាគីពាក់ព័ន្ធទាំងឡាយឲ្យចូលរួមសហការគ្នាដើម្បីជំរុញឲ្យដំណើរការនៃដាក់បញ្ចូលឧទ្យានជាតិ គូលែនចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលអង្គការយូណេស្កូ បានធ្វើការទាមទារឲ្យកម្ពុជារៀបចំលក្ខណសម្បត្តិឲ្យបានប្រសើរជាមុន។
បើតាមអគ្គនាយកអាជ្ញាធរអប្សរាលោក ប៊ុន ណារិទ្ធ បានឲ្យដឹងថា ការដាក់បញ្ចូលតំបន់ឧទ្យានជាតិគូលែនដែលជាកេរដំណែលប្រវត្តិសាស្រ្ត ជាង១ពាន់ឆ្នាំ និងប្រកបដោយភាពស័ក្តិសិទិ្ធនៅក្នុងអបិយជំនឿខ្មែរ ត្រូវបានអង្គការយូណេស្កូកំណត់លក្ខខណ្ឌជាទូទៅថា លុះត្រាតែតំបន់នោះ មានប្រាសាទ ហើយមានសម្បត្តិធម្មជាតិដ៏ស្រស់ប្រិមប្រិយ ព្រមទាំងមានការអភិរក្សបានយ៉ាងល្អប្រសើរ ជាមួយនឹងផែនការច្បាស់លាស់ផងដែរ។
លោក ប៊ុន ណារិទ្ធ បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ ពីលក្ខណពិសេសរបស់ ភ្នំគូលែនដែលគ្រោងនឹងបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថា៖ «តំបន់ភ្នំគូលែនមានលក្ខណពិសេសជាសាកល ជាស្នាដៃឯកផ្នែកសិល្បៈ ដោយគេវាយតម្លៃលើ១០ចំណុច ភ្នំគូលែនហ្នឹងជាកេរមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ខ្មែរ ជាកន្លែងកំណើតទីក្រុងអង្គរព្រះមហាក្សត្រខ្មែរដែលមកក្រុងអង្គរដំបូងគឺនៅភ្នំគូលែនហ្នឹងឯង ហើយមានជំនឿសាសនា ដូចជាគេឆ្លាក់លិង្គមួយពាន់នៅក្នុងទឹកអ៊ីចឹង គេយល់ថា វាជាទឹកអម្រឹតសម្រាប់ធ្វើពិធីសាសនាផ្សេងៗដូចជាក្សត្រឡើងគ្រងរាជ្យជាដើម ទី៣ដែលជាបញ្ហាចម្បងនោះ គឺភ្នំគូលែនជាប្រភពទឹក ដ៏សំខាន់របស់ខេត្តសៀមរាប ជាអាងទឹកដ៏ធំសម្រាប់តំបន់អង្គរ»។
ទោះជាយ៉ាងណា ការដាក់បញ្ចូលឧទ្យានជាតិ គូលែន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកំពុងស្ថិតក្នុងដំណើរការយឺតយ៉ាវនៅឡើយ ដោយលោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា ឲ្យដឹងថា ភាពយឺតយ៉ាវនៃការចុះបញ្ជីនោះដោយសារតែបញ្ហាបរិស្ថានជុំវិញនៅមិនទាន់រៀបចំបានរួចរាល់ដូចជាសំណង់ធ្វើពីស៊ីម៉ងត៍ នៅតែបន្តការសាងសង់ទាំងមានច្បាប់ និងអត់ច្បាប់ ការកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់និងការដុតព្រៃនៅតែបន្តមិនទាន់អាចរាំងខ្ទប់ដោយប្រសិទ្ធភាពនោះ។ អ្វីដែលជាបញ្ហាចម្បងមួយផ្សេងទៀត ដែលធ្វើឲ្យមានភាពរាំងស្ទះនៃការចុះបញ្ជីនេះ គឺបញ្ហាមីនកប់នៅក្នុងដីដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាម។
អគ្គនាយកអាជ្ញាធរអប្សរា មានប្រសាសន៍ថា៖«នៅឧទ្យានជាតិ គូលែន យើងមានប្រាសាទប្រមាណជាង៤០ប្រាសាទដែលកប់ជ្រៅនៅក្នុងព្រៃ។ ប៉ុន្តែយើងធ្វើ[ការថែរក្សា និងអភិរក្ស] បានតែ ៤-១០ប៉ុណ្ណោះ ក្រៅពីនោះយើងមិនទាន់ធ្វើអ្វីបាននៅឡើយទេ ដោយសារតែតំបន់នោះមានមីនច្រើនពេក»។
គម្រោងដាក់បញ្ចូលឧទ្យានជាតិភ្នំគូលែននេះ ត្រូវបានលោកអគ្គនាយកអប្សរាបញ្ជាក់ថា កម្ពុជាអាចសម្រេចបាននូវការខិតខំប្រឹងប្រែងយ៉ាងណានោះគឺអាស្រ័យលើប្រជាជនកម្ពុជា ដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា និងត្រូវមានការចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធ។ លោកបានលើកជាឧទាហរណ៍ថា ដូចជាបញ្ហាកាប់ឬក៏ដុតព្រៃឈើជាដើមនោះជាបម្រាមមួយរបស់អង្គការយូណេស្កូ តែអាជ្ញាធរអប្សរាមិនអាចទៅទប់ស្កាត់បានទេ ព្រោះបញ្ហានោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីព្រៃឈើ។ លោកបានបញ្ជាក់ថា នោះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ ប៉ុន្តែឧបសគ្គនៅមានច្រើនបន្តទៀត ដូច្នេះដើម្បីសម្រេចគោលបំណងនេះបាន លុះត្រាតែគ្រប់ផ្នែកទាំងអស់មានការរួមសហការគ្នា។
លោកបញ្ជាក់ថា៖«ទោះជាយ៉ាងណា យើងសង្ឃឹមថា គោលបំណងនេះនឹងបានសម្រេចនៅពេលខាងមុខ ព្រោះតែយើងកំពុងធ្វើការច្រើនបន្តបន្ទាប់»។
គួរបញ្ជាក់ថា កន្លងមក ប្រាសាទអង្គរវត្តរបស់កម្ពុជាដ៏ល្បីល្បាញនៅក្នុងពិភពលោកបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ ហើយនៅក្នុងឆ្នាំ២០០៨ ប្រាសាទព្រះវិហារខ្មែរក៏បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ៕


<


ចម្លាក់លិង្គដ៏គួរឲ្យកោតសរសើរ!
កាប់ព្រៃ នឹងដុតព្រៃជាបញ្ហារាំងស្ទះ?? វាមនិដូចមាត់ថា តើប្រាសាទមានប៉ុន្មានលើភ្នំគូលែន យើងរុករកអភិរក្សបានប៉ុន្មាន និយាយប្រហែល៤ ទៅ១០ វាពិបាកស្តាប់ណាស់ បើប្រៀបធៀប
សកម្មភាពបង្រ្កាបប្រជាពលរដ្ឋមិនឲ្យជួសជុលដំបូលផ្ទះដែលធ្លុះធ្លាយបាននៅ នោះប្រហែល
ជាមិនមានបញ្ហាដូចលើកខាងលើទេម់លទៅ ? ( សម្បត្តិវប្បធម៏ដ៏មានតម្លៃមួយ គឺមនុស្ស ពួក
លោកបែជាបំផ្លាញដើម្បីភាពល្អមើលដែលយូនីស្កូចង់បាន ឯសម្បត្តិធម្មជាតិជាប់ប្រវត្តិវប្បធម៏
លោកមិនថែរក្សាបានទៅវិញ ) ??? តាំងនិយាយមករកការទម្លាក់កំហុសដាក់គ្នា ។