ភិន សុដាលីស បង្គាប់​ថ្លៃ​ទឹក​ដោះ​ពី តុលា $៤​ម៉ឺន

Tuesday, 02 April 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្តែង ប៉ែន តុលា និង ភិន សុដាលីស។ រូបថត សេត គឹមសឿន

តារា​សម្តែង ប៉ែន តុលា និង ភិន សុដាលីស។ រូបថត សេត គឹមសឿន

ភ្នំពេញៈ បន្ទាប់​ពី​ធ្លាប់​លេច​វត្តមាន​តារា​សម្តែង ប៉ែន តុលា ចេញ​ចូល​ផ្ទះ​តារា​សម្តែង​ឈរ​តំណែង​តួ​ឯក​ស្ទើរ​គ្រប់​រឿង​នាង ភិន សុដាលីស ជា​ញឹក​ញាប់​មក​នៅ​ពេល​នេះ បែរ​ជា​ពិធី​ភ្ជាប់​ពាក្យ​ដ៏​អធិក​អធម​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ពួក​គេ​ទាំង​ពីរ​គឺ​កូន​ស្រី ភិន សុដាលីស និង​កូន​ប្រុស ប៉ែន តុលា ។ តារា​សម្តែង ប៉ែន តុលា ដែល​ស្រវា​ចាប់​ស្រី​ស្អាត​កូន​អ្នក​មាន​ទ្រព្យ​ភិន សុដាលីស ធ្វើ​ជា​គូ​គ្រង​បាន​បង្ហើប​ឲ្យ​ដឹង​ថា កូន​ស្រី​បង្គាប់​ថ្លៃ​ទឹក​ដោះ​ចំនួន​៤​ម៉ឺន​ដុល្លារ​។

ដោយ​សារ​ឪពុក​បង្កើត​របស់​ខ្លួន​ជា​ម្ចាស់​ផលិតកម្ម​មហា​ហង្ស ស្រាប់ និង​តែង​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ឈរ​តំណែង​ជា​តួ​ឯក​គ្រប់​រឿង​នោះ ភិន សុដាលីស ក៏​បាន​ឡើង​កូដ​ខ្លាំង​ជាង​មុន​បន្តិច​នៅ​ក្នុង​ឆ្នាំ​២០១២ និង​ត្រូវ​បាន​មហាជន​ស្គាល់​យ៉ាង​ច្រើន។ ប៉ុន្តែ​ស្រប​ពេល​ដែល​ការ​ស្ទុះ​ឡើង​នូវ​ប្រជាប្រិយ​ភាព​ដោយ​ឪពុក​ជួយ​ជំរុញ​នេះ​មិន​បាន​ប៉ុន្មាន​ផង ភិន សុដាលីស ក៏​ត្រូវ​ធ្លាក់​ក្នុង​រណ្តៅ​ស្នេហា​ទាំង​វ័យ​ក្មេង និង​បាន​សម្រេច​ភ្ជាប់​ពាក្យ​ជា​ផ្លូវ​ការ​ជាមួយ​នឹង​តារា​សម្តែង​វ័យ​ក្មេង ស្រករ​ក្រោយ ក្រោម​ដំបូល​សិល្បៈ​តែ​មួយ​នា​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៣​។

ក្រោម​កម្មវិធី​ដ៏​អធិក​អធម​នៅ​ផ្ទះ​វីឡា​ដ៏​ធំ​ខ្ពស់​ស្កឹម​ស្កៃ​ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ដោយ​មាន​ជំនូន​ដាក់​លើ​ពាន​ចំនួន​៣៦០​គូ តារា​សម្តែង​ស្រករ​ក្រោយ​វ័យ​ក្មេង ប៉ែន តុលា បាន​ឲ្យ​ដឹង​ថា ទម្រាំ​តែ​ស្នេហា​របស់​ពួក​គេ​ឈាន​ដល់​ថ្ងៃ​រៀប​ចំ​កម្មវិធី​ភ្ជាប់​ពាក្យ​ដ៏​ធំ​ដុំ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៣ កន្លង​មក​នេះ ពួក​គេ​បាន​ចាប់​ផ្តើម​សាង​ទំនាក់​ទំនង​មួយ​នេះ​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ ពោល​គឺ​តាំង​ពី​ពេល​ដែល​រូប​គេ​បាន​ឈាន​ជើង​ចូល​ថត​ឲ្យ​ផលិតកម្ម​មហា​ហង្ស​ដំបូង​មក​ម៉្លេះ។




តុលា បាន​និយាយ​ថា៖​«​ខ្ញុំ​បាន​ស្គាល់​គ្នា​តាំង​ពី​២​ឆ្នាំ​មុន​មក​ម៉្លេះ គឺ​ដំបូង​ឡើយ​វា​អ៊ីចេះ ខ្ញុំ​បាន​មក​ថត​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​មហា​ហង្ស ហើយ​ក៏​បាន​ស្គាល់​គ្នា​ជាមួយ​នឹង​គូ​ដណ្តឹង​ខ្ញុំ​ហ្នឹង ហើយ​ក៏​ចេះ​តែ​រាប់​អាន​គ្នា​រហូត​ដល់​ក្លាយ​ជា​ស្នេហា​តែ​ម្តង។ម្យ៉ាង​មក​ពី​ពេល​ស្គាល់​គ្នា​នោះ លោក​ឪពុក​ក្មេក​ខ្ញុំ គាត់​ក៏​បាន​ទទួល​ខ្ញុំ​ជា​កូន​ធម៌​របស់​លោក​ហើយ​ដោយ​សារ​ពួក​ខ្ញុំ​មាន​ចិត្ត​លើ​គ្នា ដូច្នេះ​ចាស់​ទុំ​ទាំង​សង​ខាង​ក៏​បាន​ពិភាក្សា​គ្នា​អំពី​រឿង​ភ្ជាប់​ពាក្យ នេះ​តែ​ម្តង​»។

ជាមួយ​នឹង​ការ​តុប​តែង​ពិធី​យ៉ាង​ល្អ​ប្រណីត និង​មាន​ជំនូន​រាប់​រយ​ថាស​បែប​នេះ គេ​បាន​ដឹង​ថា នោះ​ជា​សញ្ញា​បង្ហាញ​ពី​ភាព​ស្តុក​ស្តម្ភ​របស់​គ្រួសារ​ទាំង​ពីរ​។ យ៉ាង​ណា​មិញ​គេ​បាន​ដឹង​ថា ថ្វី​ដ្បិត​ថា ភិន សុដាលីស និង ប៉ែន តុលា ជា​តារា​សម្តែង​ដូច​គ្នា តែ​គេ​បាន​ដឹង​ថា អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​គ្រួសារ​ស្ដុក​ស្តម្ភ​ដូច​គ្នា​ដែល​មាន​លោក​ឪពុក​អ្នក​ម្តាយ​ជា​អ្នក​ជំនួញ​។ បើ​គេ​ក្រឡេក​មើល​គ្រួសារ​របស់ ភិន សុដាលីស ដែល​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​វីឡា​ដ៏​ស្តុក​ស្តម្ភ​និង​មាន​ក្រុមហ៊ុន​ជា​ច្រើន​កន្លែង​នោះ ប្រាកដ​ណាស់​ថា តារា​សម្តែង ប៉ែន តុលា ត្រូវ​បោះ​ទុន​ថ្លៃ​ទឹក​ដោះ​មិន​តិច​ម៉ឺន​ដុល្លារ​នោះ​ទេ​ទម្រាំ​តែ​អាច​ឆក់​យក​បាន​បេះដូង​ក្រមុំ​កូន​អ្នក​មាន​ទ្រព្យ​នាង ភិន សុដាលីស។ នៅ​ពេល​និយាយ​ដល់​ចំណុច​នេះ ប៉ែន តុលា បាន​បង្ហើប​ឲ្យ​ដឹង​ថា ថ្លៃ​ទឹក​ដោះ​របស់ ភិន សុដាលីស មាន​ចំនួន​៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

តារា​សម្តែង​ដែល​ជាប់​អន្ទាក់​ស្នេហា​នឹង​គ្រោង​រៀបការ​នៅ​ពេល​ឆាប់ៗ​រូប​នេះ​បាន​និយាយ​ថា៖​« សម្រាប់​ថ្លៃ​ទឹក​ដោះ​នោះ​គឺ​មាន​ចំនួន​៤​ម៉ឺន​ដុល្លារ ហើយ​យើង​នៅ​ត្រូវ​រ៉ាប់​រង​អ្វីៗ​ផ្សេងៗ​ទៀត អា​នេះ​ខ្ញុំ​បាន​ដឹង​ពី​ចាស់ៗ​គាត់​បាន​និយាយ​គ្នា​»។

ពាក្យ​ចាស់​លោក​ពោល​ថា «ធ្វើ​ស្រែ​ទាន់​ក្តៅ​ដី ស្រឡាញ់​ស្រី​ទាន់​ក្តៅ​ចិត្ត» ដូច្នេះ​ហើយ​បុរស​រូប​សង្ហា ប៉ែន តុលា ក៏​មិន​បង្អង់​យូរ​នាំ​ឲ្យ​ជូរ​ផ្អូម​ដែរ ពោល​គឺ​បន្ទាប់​ពី​ការ​ភ្ជាប់​ពាក្យ​ដ៏​ធំ​ដុំ​នេះ រូប​គេ​នឹង​ដឹក​ដៃ​តារា​ស្រី​ស្រឡាញ់​ពេញ​បេះដូង​របស់​គេ​គឺ​នាង ភិន សុដាលីស នឹង​ចូល​រោង​ការ​ក្រាប​ថ្វាយ​ផ្ទឹម​ក្បាល​ដល់​កន្ទេល​នៅ​ចុង​ឆ្នាំ​២០១៣ នេះ​តែ​ម្តង​។

តុលា និយាយ​ថា៖​«​ពួក​ខ្ញុំ​នឹង​ចូល​រោងការ​នៅ​ចុង​ឆ្នាំ​នេះ ពួក​យើង​និង​ចាស់​ទុំ​បាន​រៀប​ចំ​គ្រោង​ទុក​រួច​រាល់​ហើយ​»៕


What Next?

Recent Articles