Wednesday, 03 April 2013
ភ្នំពេញប៉ុស្ត៍
តើអាចប្រើទឹកមាត់ជាសារធាតុរំអិលពេលរួមភេទ?
លោក ផាទី ប្រីតថុន អ្នកឯកទេសផ្នែកសិចសាស្រ្តនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាអ្នកនិពន្ធនៃព្រឹត្តិបត្រផ្សាយ ASCបានពន្យល់បកស្រាយថា៖ «វាជាការប្រសើរនិងមានសុវត្ថិភាពល្អណាស់ដោយយើងបានប្រើវា[ទឹកមាត់] ជាសារធាតុរំអិលនោះ ដោយសារជាសារធាតុធម្មជាតិ»។ តាមពិតទៅទឹកមាត់ទំនងជាសារធាតុរំអិលដែលគេប្រើនៅពេលរួមភេទតាំងពីបុរាណកាលម៉្លេះ។ តែវាមានករណីលើកលែងនៅពេលដែលលោកអ្នកមានជំងឺនៅផ្នែកក្រអូមមាត់ឬត្រង់មាត់ដូចជាជំងឺរលាកអញ្ចាញធ្មេញ ឈឺបំពងក ឬ ជំងឺដំបៅមាត់ជាដើម។ ជំងឺទាំងនេះអាចបង្កភាពងាយស្រួលទៅនឹងការឆ្លងតាមរយៈទឹកមាត់នេះឯងទៅនឹងសរីរាង្គភេទ។
តើការប្រើច្រាសដុសធ្មេញដើរដោយថាមពលថ្មដើម្បីបង្កើនសម្រើបផ្លូវភេទរបស់ស្ត្រី មានសុវត្ថិភាពដែរឬទេ?
អ្នកស្រី លីហ្សា ម៉ាស្ទើសុន អ្នកជំនាញសុខភាពផ្លូវភេទមកពីទីក្រុងឡូសអេនជឺឡេសបាននិយាយថា៖ «តាមពិតគ្រឿងទាំងនោះមិនត្រូវគេបង្កើតវាឡើងដើម្បីប្រតិបត្តិការសិចឡើយ។ ដូច្នេះវាអាចបង្កការប្រឈមមុខទៅនឹងជំងឺឆ្លងតាមទ្វារមាស»។ ក្រៅពីនេះឧបករណ៍ម៉ាស្សាប៊ិក ប្រើចរន្តអគ្គិសនីនិងគ្រឿងប្រើប្រាស់ផ្សេងទៀតមានរាងទ្រវែងដូចលិង្គនោះសុទ្ធតែជាវត្ថុរឹងដែលវាអាចបង្កឲ្យមានការឆ្លងមេរោគបានដោយងាយ។ សូម្បីតែការប្រើរបស់ទាំងនោះនៅក្បែរ ឬដាក់ចូលទៅក្នុងរន្ធយោនីក្តីក៏វាបានបង្កគ្រោះថ្នាក់ប៉ះពាល់ដែរ។ ពេលខ្លះវត្ថុទាំងនោះអាចមុតរលាត់ទ្វារមាសរបស់ស្រ្តីផងដែរ។ ដូច្នេះសុំប្រើតែឧបករណ៍ដែលគេបានច្នៃវាសម្រាប់ជំនួយសិចតែប៉ុណ្ណោះហើយគួរតែមានលាងវានឹងសាប៊ូនិងទឹកជាប្រចាំទើបជាការល្អ។
តើអាចរួមភេទបានទេពេលមានជំងឺផ្សិតនៅត្រង់ទ្វារមាស?
អ្នកត្រូវតែសម្រាកមួយរយៈចំពោះការរួមភេទខណៈពេលវាមានកើតចេញនូវរោគដុះផ្សិតឡើង នេះបើយោងតាមវេជ្ជបណ្ឌិត រ៉ដនី ហ្វ្រង់សេ អ្នកជំនាញខាងរោគស្រ្តីមកពីក្រុងសាន់តា ម៉ូនីកា។ អ្នកជំនាញនេះបន្តថា ពេលមានជំងឺនេះទ្វារមាសឡើងក្តៅរោលរាល។ ដូច្នេះការប្រតិបត្តិការសិចនាពេលនេះគួរតែកាត់បន្ថយនិងរង់ចាំឲ្យជាសះស្បើយសិនចុះ។ ម្យ៉ាងទៀតជំងឺក៏អាចឲ្យបុរសជាដៃគូឆ្លងពីអ្នកនិងឆ្លងទៅអ្នកវិញផងដែរ។ ការសម្រាកបីថ្ងៃបន្ទាប់ពីជំងឺនេះសះស្បើយទើបល្អប្រសើរសម្រាប់ប្រតិបត្តិការសិច។
តើអាចប្រតិបត្តិការសិចបានទេនៅរាត្រីមុនថ្ងៃពិនិត្យអាងត្រគាកស្រ្តី?
ជាទូទៅអ្នកមិនគួរប្រញាប់ប្រញាល់ពេកនោះទេនាពេលមួយរាត្រីមុនថ្ងៃដែលស្រ្តីទៅពិនិត្យអាងត្រគាកនោះ។ នេះបើយោងតាមលោក អាឡេន វ៉ាកមែន សាស្រ្តាចារ្យផ្នែករោគស្រ្តីមកពីសាកលវិទ្យាល័យញូវម៉ិកស៊ីកូបានអះអាងបញ្ជាក់។ និយាយរួមទៅការប្រតិបត្តិការសិចនាពេលនោះវាអាចបង្កឲ្យមានការរលាកកស្បូនរបស់ស្រ្តី។ តែប្រសិនបើអ្នកពិតជាចង់ប្រតិបត្តិវានោះ ក៏ពុំមានបញ្ហាអ្វីចោទខ្លាំងដែរ។ វេជ្ជបណ្ឌិតរូបនេះបន្ថែមថា៖ «ខណៈពេលនេះវាដូចជាមិនមានអ្វីប៉ះពាល់ឡើយសម្រាប់សម្ព័ន្ធភាពសិចនៅមុនមួយថ្ងៃនៃការពិនិត្យអាងត្រគាកស្រ្តីនោះ។ វាក៏មិនប្រឈមនឹងគ្រោះថ្នាក់អ្វីឲ្យពិតប្រាកដដល់សុខភាពផងដែរ»។
តើស្ត្រីដែលខានរួមភេទមួយរយៈវែង មានបញ្ហាអ្វីចោទចំពោះយោនីទេ?
ការខានរួមភេទមួយរយៈធំ អាចធ្វើឲ្យសាច់ដុំទ្វារមាសមិនសូវកម្រើក ហើយទឹករំអិលរបស់ស្ត្រីក៏ស្ងួតដែរ ដូច្នេះហើយការស៊កបញ្ចូលលិង្គអាចបង្កឲ្យមានការឈឺចាប់។ ដូច្នេះហើយបានជាមានស្រ្តីមួយចំនួនបានរអ៊ូរទាំថាមានអារម្មណ៍មិនស្រណុកដោយសារពេលរួមភេទមានការឈឺចាប់ត្រង់ទ្វារមាសនេះ។ ការបន្ថែមសារធាតុរំអិលនោះវាជាការប្រសើរមុនចូលសមរភូមិសិចនេះម្តងទៀត។ លោក អាដែលឡេត ណាដុន អ្នកប្រឹក្សាផ្នែកសុខភាពស្ត្រីនៅមណ្ឌលសុខភាពវ៉ាហ្គីស៊ីលថា បើទោះជាស្ត្រីខានរួមភេទយូរមានទ្វារមាសស្ងួត ហើយរួមបន្តិចក៏ពិតមែន ប៉ុន្តែក្រោយពីរួមភេទមួយរយៈរន្ធនេះនឹងចាប់ផ្ដើមរីក និងបញ្ចេញទឹករំអិលសម្របទៅតាមអារម្មណ៍ស្រើបស្រាលដដែល។
តើល្អទេសម្រាប់ស្ត្រីបើរួមភេទច្រើនដងក្នុងមួយថ្ងៃនោះ?
ជាទូទៅការបើកសមរភូមិប្រយុទ្ធលើគ្រែញឹកញាប់ដូចជាមិនមានអ្វីចោទជាបញ្ហាឡើយ ប្រការសំខាន់នោះស្ថិតនៅលើគូស្នេហ៍ទាំងពីរមានក្តីរីករាយនិងមានពេលវេលាគ្រប់គ្រាន់សម្រាប់ជីវិតសិចបែបនេះឬអត់? អ្នកដែលឡើងឋានសួគ៌មិនលស់ថ្ងៃក្នុងមួយសប្តាហ៍ពេញនោះ ត្រូវគេចាត់ទុកថាជាគូស្នេហ៍ដែលរក្សាកម្ដៅភ្លើងតណ្ហាបានងំល្អ។ ពោលគឺរួមភេទច្រើនដងក្នុង១ថ្ងៃគ្មានបញ្ហាអ្វីចោទទេ ដរាបណាការរួមភេទនោះមិនបង្កឲ្យមានការឈឺចាប់ដល់ប្រដាប់ភេទ ឬសុខភាពដៃគូ៕ PR




