Wednesday, 03 April 2013
ភ្នំពេញប៉ុស្តិ៍
ស្ដាប់ចម្រៀងឮៗអាចធ្វើត្រចៀកប្រឈមនឹងបញ្ហា
ក្រុងញូវយ៉ក : ក្នុងចំណោមអ្នកនិយមស្ដាប់ចម្រៀងឮៗ មាន២ភាគ៣ហើយដែលប្រឈមនឹងបញ្ហាធ្ងន់ត្រចៀក។ ប្រសិនជាអ្នកដទៃអង្គុយក្បែរអ្នកអាចស្ដាប់ឮចម្រៀងដែលអ្នកកំពុងស្តាប់ចេញពីកាស នាពេលដែលអ្នកឋិតនៅក្នុងបន្ទប់ជណ្តើរយន្ត ឡានក្រុងនោះ មានន័យថា អ្នកគួរតែបន្ថយសំឡេងហើយ។
សំឡេងចម្រៀងដែលសមស្របមិនប៉ះពាល់ដល់ត្រចៀករបស់អ្នកនោះគឺ ស្ថិត នៅក្នុងកម្រិតសំឡេងដែលឮជាងការសន្ទនាធម្មតាបន្តិចប៉ុណ្ណោះ។ ដើម្បីការពារត្រចៀក អ្នក មិនគួរស្ដាប់ចម្រៀងដោយប្រើកាសត្រចៀកលើសពី១ម៉ោងក្នុងមួយថ្ងៃទេ។ ប្រសិនជាអ្នកប្រើកាសត្រចៀកញ៉ុក គួរប្រុងប្រយ័ត្នបន្ថែម ព្រោះកម្រិតរំញ័រនៃសំឡេងវាខ្ពស់ជាងការស្ដាប់កាសគ្របលើត្រចៀក៕
ញ៉ាំទឹកតែឆុងចាស់ជាប្រចាំប៉ះពាល់ដល់ធ្មេញនិងឆ្អឹង
ក្រុងញូវយ៉ក : ការសិក្សាថ្មីបានប្រទះករណីស្ត្រីដែលញ៉ាំទឹកតែចត់ដែលឆុងចាស់ជាប្រចាំ ប្រឈមនឹងបញ្ហាធ្មេញពុកផុយ និងបញ្ហាឆ្អឹង។ ជាតិហ្វ្លរ៉ៃនៅក្នុងទឹកតែមានមុខងារយ៉ាងសំខាន់សម្រាប់ការពារធ្មេញពុកផុយរបស់កុមារ និងមនុស្សពេញវ័យ។ ទន្ទឹមនឹងនោះ ជាតិហ្វ្លរ៉ៃនេះក៏មានមុខងារជាអ្នកផ្លាស់ប្តូរស្រទាប់ឆ្អឹងចាស់និងឆ្អឹងថ្មី។
យ៉ាងណាមិញ សម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់ ដំណើរដុះលូតលាស់នៃឆ្អឹងមានភាពយឺតជាងកុមារ ដូច្នេះហើយប្រសិនបើពួកគេទទួលហ្វ្លរ៉ៃពីទឹកតែច្រើនពេក នោះវានឹងធ្វើឲ្យការជម្រុះស្រទាប់ឆ្អឹងលឿន ខណៈដែលឆ្អឹងមិនអាចដុះលូតលាស់មកបំពេញទាន់ពេលវេលា ធ្វើឲ្យវាងាយឈានទៅរកការសឹកនិងពុកផុយ៕ PR
ការសិក្សារកឃើញថា ញ៉ាំត្រីច្រើនអាចធ្វើឲ្យអាយុវែង
ក្រុងញូវយ៉ក : ឆ្លងតាមការសិក្សាស្រាវជ្រាវមួយទៅលើក្រុមមនុស្សចាស់ចំនួន២៦០០នាក់នោះបង្ហាញថា ជាតិខ្លាញ់ដែលមាននៅក្នុងត្រីសមុទ្រសាល់ម៉ុន ត្រីសាឌីន ត្រីធូណាជាដើមនោះ អាចមានគុណប្រយោជន៍ជួយក្នុងការពន្យារអាយុ។
វេជ្ជបណ្ឌិត ដារីស ម៉ូហ្សាហ្វារៀន មកពីសាកលវិទ្យាល័យផ្នែកសុខភាពសាធារណៈហាវើត នៅក្នុងទីក្រុងបូស្តុនបញ្ជាក់ថា អ្នកទទួលទានខ្លាញ់ omega-3 ខ្ពស់បានពីការញាំត្រីសមុទ្រខាងលើនោះអាចជួយពន្យារពេលអាយុវែងបានប្រមាណជា២៧ភាគរយបើប្រៀបទៅនឹងអ្នកមានជាតិខ្លាញ់ទាប។ ម្យ៉ាងទៀតពួកគេមានអត្រាទាបត្រឹម៣៥ភាគរយប៉ុណ្ណោះប្រឈមនឹងការស្លាប់ដោយជំងឺគាំងបេះដូង៕ PR
ភាពធុញថប់នៅកន្លែងធ្វើការបង្កើនអត្រាជំងឺបេះដូង
ក្រុងញូវយ៉កៈ ក្រុមអ្នកស្រាវជ្រាវអាមេរិកបានឲ្យដឹងកាលពីថ្មីៗនេះថា ភាពតានតឹងនៅកន្លែងធ្វើការ អាចរួមចំណែកធ្វើឲ្យសុខភាពអវយវៈបេះដូងមានគ្រោះថ្នាក់។ ពួកគេបានវិភាគទិន្នន័យមនុស្ស២០ម៉ឺននាក់ និងរកឃើញថា ភាពធុញថប់ក្នុងអាជីពការងារ អាចនាំហានិភ័យ និងបង្កជាជំងឺបេះដូងក្នុងទម្រង់ផ្សេងៗ។ មិនតែប៉ុណ្ណោះ ភាពតានតឹងនៅកន្លែងធ្វើការ ក៏អាចបង្កើនអត្រាស្លាប់ដោយសារជំងឺនេះដល់ទៅ២៣ភាគរយដែរ។
ទោះជាយ៉ាងណា អត្រាប្រឈមនឹងជំងឺបេះដូងដោយសារសម្ពាធការងារនៅទាបជាងឥទ្ធិពលអវិជ្ជមានពីការជក់បារី និងកង្វះលំហាត់ប្រាណ។ អ្នកជំនាញបានណែនាំថា កង្វល់នៅកន្លែងធ្វើការដែលប៉ះពាល់ដល់សុខភាពបេះដូង អាចបន្ធូរបន្ថយបានតាមរយៈការហាត់ប្រាណទៀងទាត់៕ Reuters / PR