លី ម៉ារីណា មិន​បារម្ភ​ពី​ការ​គំរាម​របស់​ជំទាវ

កណ្តាលៈ ជុំវិញ​រឿង​អាស្រូវ​ស្នេហា​ត្រី​កោណ​របស់​តារា​សម្តែង​រូប​ស្រស់ លី ម៉ារីណា ដែល​បែក​ធ្លាយ​ថា នាង​មាន​ជម្លោះ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ជំទាវ​ជា​ប្រពន្ធ​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មា​ហើយ​ត្រូវ​ជំទាវ​នោះ​គំរាម​ដល់​អាយុ​ជីវិត​នោះ កន្លង​មក​នាង​មិន​បាន​ចេញ​មុខ​បញ្ជាក់​ឡើយ ទើប​តែ​នៅ​ពេល​នេះ លី ម៉ារីណា បាន​ចេញ​មុខ​មក​លាត​ត្រដាង​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ដោយ​នាង​បាន​បញ្ជាក់​ថា នាង​មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គំរាម​អាយុ​ជីវិត​របស់​ជំទាវ​ណា​ឡើយ​។ ខាង​ក្រោម​នេះ​ជា​ការ​បក​ស្រាយ​ចំពោះ​បញ្ហា​ទាំង​ឡាយ​ដែល​បាន​កើត​លើ​រូប​នាង លី ម៉ារីណា។

 

Wednesday, 03 April 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្តែង និង ម៉ូដែល លី ម៉ារីណា ដែល​ហ៊ុមព័ទ្ធ​ដោយ​រឿង​អាស្រូវ​​។ រូបថត សេត គឹមសឿន

តារា​សម្តែង និង ម៉ូដែល លី ម៉ារីណា ដែល​ហ៊ុមព័ទ្ធ​ដោយ​រឿង​អាស្រូវ​​។ រូបថត សេត គឹមសឿន

ថ្ងៃ​នេះ​ខ្ញុំ​មក​ម្នាក់​ឯង​ទេ(​ចូល​រួម​កម្មវិធី​របស់​ផលិតកម្ម​) ប្តី​ខ្ញុំ​គាត់​អត់​បាន​មក​ទេ​ព្រោះ​ក្រោក​ព្រឹក​ពេក​។ នៅ​ពេល​ដែល​គេ​ថា ខ្ញុំ​បាត់​ខ្លួន គេច​ខ្លួន​អី​នោះ គឺ​ខ្ញុំ​ទៅ​រស់​នៅ​ជាមួយ​នឹង​ស្វាមី​នៅ​វ៉ាស៊ីនតោន​ស្តេត សហរដ្ឋ​អាមេរិក​តែ​ខ្ញុំ​អត់​មាន​ធ្វើ​ការងារ​អី​ផង​នៅ​ទី​នោះ គ្រាន់​តែ​នៅ​ក្នុង​ផ្ទះ​អផ្សុក​ណាស់ ហើយ​ចេះ​តែ​ចង់​មក​ស្រុក​ខ្មែរ​វិញ​។

ខ្ញុំ​រស់​នៅ​ទី​នោះ​មាន​បង​ប្អួន​ច្រើន​គាត់​រាក់​ទាក់ គ្រាន់​តែ​ថា​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា អផ្សុក​ព្រោះ​នៅ​តែ​ក្នុង​ផ្ទះ ខុស​កាល​ពី​យើង​នៅ​ស្រុក​ខ្មែរ​រវល់​ពី​មួយ​អាទិត្យ​ទៅ​មួយ​អាទិត្យ​ហើយ​ទៅ​ដល់​ណោះ​នៅ​តែ​ក្នុង​ផ្ទះ​អត់​ការងារ​ធ្វើ​ដូច​ជា​នៅ​តែ​ម្នាក់​ឯង​ឯកោ​ណាស់ ដល់​អ៊ីចឹង​មាន​អារម្មណ៍​ថា បន់​ឲ្យ​តែ​ដល់​ថ្ងៃ​មក​ស្រុក​ខ្មែរ​។

កន្លង​មក​មាន​រឿង​ថា ខ្ញុំ​មាន​ចំណង​ស្នេហា​ត្រី​កោណ​ជាមួយ​នឹង​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មា​មាន​ជម្លោះ​យ៉ាង​ខ្លាំង​ជាមួយ​ជំទាវ​ធំ​ជា​ប្រពន្ធ ប៉ុន្តែ​រឿង​នោះ​ខ្ញុំ​ហាក់​ដូច​ជា​មិន​បាន​ចាប់​អារម្មណ៍​ទេ ព្រោះ​ខ្ញុំ​រស់​នៅ​ទីនោះ​(អាមេរិក) ខ្ញុំ​អត់​សូវ​បាន​ដឹង​ពី​ព័ត៌មាន​ស្រុក​ខ្មែរ​ទេ គ្រាន់​តែ​បាន​ដឹង​ល្ហៀងៗ​ពី​គ្រួសារ​មិត្ត​ភក្តិ​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ទេ ព្រោះ​ខ្ញុំ​បាន​ទៅ​រស់​នៅ​ទី​នោះ​ជាមួយ​នឹង​ស្វាមី​ហើយ ខ្ញុំ​គិត​ថា សំខាន់​លើ​ខ្លួន​យើង ខ្លួន​យើង​ប្រាកដ​ថា យើង​កំពុង​រស់​នៅ​ជាមួយ​អ្នក​ណា​។

កន្លង​មក​មាន​គេ​និយាយ​ថា ជំទាវ​ធំ​ដែល​ពោរ​ពេញ​ដោយ​អំណាច​ម្នាក់​តាម​គំរាម​កំហែង​អាយុ​ជីវិត​ខ្ញុំ​តែ​សម្រាប់​ខ្ញុំ​ដូច​ជា​មិន​មាន​ទេ​ព្រោះ​កន្លង​មក​ខ្ញុំ​ដើរ​ហើរ​តែ​ម្នាក់​ឯង​បើ​មាន​មែន​ប្រហែល​ជា​ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​ហើយ តែ​អា​នេះ​វា​អត់​មាន​ហើយ​យើង​ក៏​មិន​មាន​ការ​ភ័យ​ខ្លាច​ដែរ ព្រោះ​វា​គ្មាន​ការ​ពិត​។

កាល​ដែល​ខ្ញុំ​មក​ស្រុក​ខ្មែរ​ជាមួយ​នឹង​ស្វាមី​នេះ គឺ​មក​លេង​ផង ហើយ​មាន​បំណង​មួយ​ចង់​មើល​ពី​ការ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ផង​ហើយ​បើ​មាន​[កន្លែង​រក​ស៊ី]​មែន​ខ្ញុំ​ចង់​មក​រក​ស៊ី​និង​រស់​នៅ​ស្រុក​ខ្មែរ​វិញ ដោយ​យើង​ទៅ​មកៗ​ប្រហែល​ជា​ខ្ញុំ​អត់​រស់​នៅ​អាមេរិក​រហូត​ទេ​។ មុន​នេះ​មាន​គេ​ថា ខ្ញុំ​ប្រុង​បើក​កន្លែង​រក​ស៊ី​នាំ​ចូល​ផលិតផល​ដ៏​ធំ​មួយ​នោះ តែ​ខ្ញុំ​សុំ​បញ្ជាក់​ថា ខ្ញុំ​អត់​ទាន់​មាន​គម្រោង​រក​ស៊ី​អ្វី​នៅ​ឡើយ​ទេ។ ឥឡូវ​នេះ​យើង​កំពុង​រក​កន្លែង រក​ទីតាំង​សិន បើ​សិន​ជា​អាច អាច​ទៅ​មុខ​រួច​ស្វាមី​ខ្ញុំ​នឹង​រៀប​ចំ​ឲ្យ​ខ្ញុំ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​ស្វាមី​ខ្ញុំ​គាត់​នឹង​ឡើង​ចុះ​ខ្មែរ​អាមេរិក​។

ដោយ​ឡែក​គេ​ថា រូប​ខ្ញុំ​មាន​ផ្ទៃ​ពោះ​អី​នោះ​គឺ​អត់​មាន​ផង ហើយ​សម្រាប់​ខ្ញុំ​ក៏​មិន​ទាន់​មាន​គម្រោង​យក​កូន​ដែរ​នៅ​ពេល​នេះ ព្រោះ​ពួក​ខ្ញុំ​ត្រូវ​ការ​ឡើង​ចុះៗ​ទៅ​មកៗ​អាមេរិក​ខ្មែរ​។

ចំណែក​ឯ ជីវិត​សិល្បៈ​ដែល​ខ្ញុំ​ប្រើ​ពេល​ជា​ច្រើន​ឆ្នាំ​ទម្រាំ​តែ​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​នោះ​ខ្ញុំ​នឹង​មិន​បន្ត​អាជីព​នោះ​ទៀត​ទេ ហើយ​ក៏​មាន​គេ​ហៅ​ខ្ញុំ​ទៅ​សម្តែង និង​ធ្វើ​ជា​ពិធីការិនី​ដែរ តែ​ខ្ញុំ​ចេះ​តែ​បដិសេធ​ព្រោះ​តែ​ស្វាមី​ខ្ញុំ​គាត់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បន្ត​ទៀត​ប្រសិន​បើ​គាត់​អនុញ្ញាត​នោះ​ខ្ញុំ​ក៏​នៅ​តែ​បន្ត​ដែរ​។​ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្តាយ​ណាស់​បង! ព្រោះ​សិល្បៈ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ​តាំង​ពី​តូច​មក ខ្ញុំ​ស្រឡាញ់​បំផុត តែ​មក​ដល់​វ័យ​នេះ ខ្ញុំ​ត្រូវ​គិត​ពី​បញ្ហា​សុភមង្គល​ក្នុង​គ្រួសារ បញ្ហា​គូ​ស្រករ​ឲ្យ​បាន​រឹង​មាំ​សិន ហើយ​ឥឡូវ​នេះ​ក៏​មាន​ក្មេងៗ​ជា​ច្រើន​គេ​ស្នង​ដែរ​។

កន្លង​មក​មាន​ស្ត្រី​ម្នាក់​ជេរ​ប្រមាថ​ខ្ញុំ​សព្វ​បែប​យ៉ាង តែ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ដែរ​ថា ស្ត្រី​អនាមិក​ហ្នឹង​ជា​អ្នក​ណា​គេ ហើយ​គាត់​ប្រើ​ពាក្យ​អសុរោះ​បែប​នេះ ខ្ញុំ​គិត​ថា អានេះ​តាម​ខ្ញុំ​គិត​ទេ​ណា បើ​ស្ត្រី​ម្នាក់​នោះ​ពិត​ជា​អ្នក​មាន​មុខ​មាត់​នៅ​ក្នុង​សង្គម​មែន​ប្រហែល​ជា​គេ​មិន​ប្រើ​ពាក្យ​អសុរោះ​ទៅ​ប្រជាជន​មហាជន​អ៊ីចឹង​ទេ ប្រហែល​ជា​ម្នាក់​ហ្នឹង​មិន​ធំ​ដុំ​អី​ដូច​មហាជន​គិត​ទេ ខ្ញុំ​គិត​ថា អ៊ីចឹង​។

នៅ​ពេល​មាន​រឿង​បែប​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ​ស្វាមី​របស់​ខ្ញុំ​គាត់​ក៏​មាន​ភាព​ភ្ញាក់​ផ្អើល​ដែរ ហើយ​គាត់​បាន​និយាយ​ជាមួយ​ខ្ញុំ​ថា តើ​ហេតុ​អី​ក៏​មាន​រឿង​បែប​ហ្នឹង​កើត​ឡើង​ចំពោះ​ខ្ញុំ មាន​រឿង​រញ៉េ​រញ៉ៃ​អ៊ីចឹង ហើយ​អ្នក​ធ្វើ​ការងារ​ជាមួយ​គាត់​ក៏​បាន​សួរ​គាត់​ដែរ តែ​គាត់​ប្រាប់​វិញ​ថា មិន​មាន​រឿង​បែប​ហ្នឹង​ទេ​តែ​មិន​ដឹង​ថា អ្នក​ណា​ម្នាក់​ធ្វើ​រឿង​បែប​នោះ​ឡើង​ដើម្បី​ឲ្យ​ប្តី​ខ្ញុំ​អន់​ចិត្ត​ទេ​។ តាម​ពិត​ទៅ ប្តី​ខ្ញុំ​គាត់​ក៏​មាន​ការ​អន់​ចិត្ត​ខ្លះ​ដែរ ព្រោះ​កាសែត​មួយ​ចំនួន​គាត់​សរសេរ​ប្រើ​ពាក្យ​អសុរោះ​ច្រើន​ពេក​។

ដោយ​ឡែក​នៅ​ពេល​ផ្ទុះ​រឿង​បែប​នោះ ខ្ញុំ​ក៏​មិន​មាន​ការ​ភ័យ​ព្រួយ​រឿង​សុវត្ថិភាព​អី​នោះ​ដែរ ព្រោះ​ពេល​នោះ​ខ្ញុំ​កំពុង​រស់​នៅ​អាមេរិក​ហើយ​ឥឡូវ​នេះ​ក៏​អត់​មាន​ភ័យ​ព្រួយ​អី​ដែរ ព្រោះ​ខ្ញុំ​អត់​មាន​សត្រូវ​ជាមួយ​អ្នក​ណា​ផង អត់​បាន​ឈ្លោះ​ជាមួយ​អ្នក​ណា អត់​បាន​ធ្វើ​អី​ខុស​ផង ដូច្នេះ​អត់​មាន​ការ​ភ័យ​ខ្លាច​ទេ ហើយ​កន្លង​មក​ខ្ញុំ​មិន​បាន​ចេញ​មុខ​បក​ស្រាយ​នោះ ព្រោះ​ខ្ញុំ​មិន​សូវ​បាន​ដឹង​ពី​ព័ត៌មាន​ទាំង​នោះ ខ្ញុំ​តែង​នៅ​ក្នុង​ផ្ទះ ហើយ​ម្តាយ​ខ្ញុំ​ក៏​បាន Call ប្រាប់​ដែរ​កាល​ពី​ដំបូង​តែ​ខ្ញុំ​ប្រាប់​ថា ម៉ាក់​កុំ​ទៅ​ជឿ​យក​ចិត្ត​ទុក​ដាក់​អី ព្រោះ​សិល្បៈ​តែង​មាន​ល្អ និង​អាក្រក់​អ៊ីចឹង​ហើយ​។ រីឯ​រឿង​ថា ខ្ញុំ​លក់​ផ្ទះ​អី​នោះ​គឺ​អត់​ទេ ព្រោះ​ខ្ញុំ​កំពុង​រស់​នៅ​រាល់​ថ្ងៃ ក្រោយ​ត្រឡប់​មក​ពី​អាមេរិក​វិញ​៕

What Next?

Recent Articles