សហ​ព្រះ​រាជ​អាជ្ញា​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​លោក អៀង សារី

ភ្នំពេញៈ សហ​ព្រះ​រាជ​អាជ្ញា​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន និង​បាន​ធ្វើ​របាយ​ការណ៍​ស្តីពី​ការ​ស្រាវ​ជ្រាវ ដើម្បី​ស្វែង​រក​អំពី​មូល​ហេតុ​នៃ​មរណភាព​របស់​លោក អៀង សារី។

Wednesday, 03 April 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ពិធីបុណ្យសព លោក អៀង សារី នៅស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ខែ​មុន។ រូប​ថត​ហេង ជីវ័ន

ពិធីបុណ្យសព លោក អៀង សារី នៅស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ខែ​មុន។ រូប​ថត​ហេង ជីវ័ន

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន បាន​ឲ្យ​ដឹង​ថា សហ​ព្រះ​រាជ​អាជ្ញា​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ថា មរណភាព​របស់​លោក អៀង សារី គឺ​ដោយ​សារ​មូល​ហេតុ ធម្មជាតិ។

សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​ស្តីពី​មូល​ហេតុ​មរណភាព​លោក អៀង សារី គឺ​បាន​បញ្ជាក់​ថា គាត់​ស្លាប់​ដោយ​សារ​មូល​ហេតុ​ធម្មជាតិ នា​ម៉ោង ៨:៤៥ នាទី​ព្រឹក នៅ​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៣ ដែល​បណ្តាល​មក​ពី​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង ដែល​មិន​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន និង​បណ្តាល​មក​ពី​ការ​ស្ពៀត​សរសៃ​ឈាម​ចិញ្ចឹម​បេះ​ដូង​ដែល​មាន​ជា​យូរ​មក​ហើយ តាំង​ពី​មុន​ការ​ចាប់​ខ្លួន និង​ការ​ជាប់​ឃុំ​ឃាំង​នៅ​ អ.វ.ត.ក មក​ម្ល៉េះ។

ការ​រក​ឃើញ​នេះ​ត្រូវ​បាន​បញ្ជាក់​អះ​អាង​ដោយ របាយ​ការណ៍​វេជ្ជ​សាស្ត្រ​ចុង​ក្រោយ និង​លិខិត​បញ្ជាក់​មរណភាព​ដែល​បាន​ចេញ​ក្រុម​គ្រូ​ពេទ្យ​ព្យាបាល​លោក អៀង សារី, បណ្តា​ឯកសារ​នានា​ដែល​ជា​ប្រវត្តិ​វេជ្ជសាស្ត្រ​ជា​យូរ​មក​ហើយ, និង​ចម្លើយ​របស់​ក្រុម​គ្រូពេទ្យ និង​កូន​ស្រី​លោក​ អៀង សារី ដែល​ជា​គ្រូ​ពេទ្យ និង​ដែល​មាន​វត្តមាន​នៅ​ពេល​មរណភាព។

ដោយ​សារ​មាន​ភ័ស្តុ​តាង​ច្បាស់​លាស់ និង​ភាព​ស៊ី​ចង្វាក់​គ្នា​ចំពោះ​មូល​ហេតុ​នៃ​មរណភាព​នេះ ការ​វះ​កាត់​សាក​សព​លោក អៀង សារី និង​ការ​ធ្វើ​ពិសោធន៍​រក​ជាតិ​ពុល​ក្នុង​ឈាម គឺ​ពុំ​ចាំ​បាច់។ នេះ​បើ​យោង​តាម​សេចក្តី​បញ្ជាក់​ពី​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ អ.វ.ត.ក ដែល​ដក​ស្រង់​ចេញ​ពី​របាយ​ការណ៍​សន្និដ្ឋាន។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របាយ​ការណ៍​ពេញ​លេញ​ស្តីពី​មរណភាព​នេះ​ត្រូវ​បញ្ជូន​ទៅ​លោក ប្រធាន​ការិយា​ល័យ​រដ្ឋបាល​ស្តីទី និង​លោក អនុ​ប្រធាន​ការិយាល័យ​រដ្ឋបាល​រួច​ហើយ​នៅ​ថ្ងៃ​ម្សិលមិញ និង​បាន​ចាត់​ថ្នាក់​ជា ឯកសារ​សម្ងាត់​បំផុត ហើយ​មិន​អាច​បង្ហាញ​ជា​សាធារណៈ​បាន​ឡើយ ដោយ​អនុលោម​តាម​វិធាន ៣២ ស្ទួន​នៃ​វិធាន​ផ្ទៃ​ក្នុង​សម្រាប់ អ.វ.ត.ក។

What Next?

Recent Articles