Written by ភ្នំពេញដេលីញូវ
Wednesday, 03 April 2013
ការដកដង្ហើមនេះសំដៅទៅ លើការហ្វឹកហាត់ការដក ដង្ហើមដើម្បីជួយបង្កើនថាមពល ផ្លូវភេទឱ្យកាន់តែមាន ភាព ក្លៀវក្លាឡើង ។ តាមធម្មតាការ ដកដង្ហើមរបស់មនុស្សយើង តែងដកចេញមកពីដើមទ្រូង ស្ទើរទាំងអស់ និង មាន មនុស្សតិចណាស់ ដែលតែងដកដង្ហើម ជ្រៅៗចេញពីពោះ ។ ជាការពិតហើយការដកដង្ហើមចេញពីដើមទ្រូងនោះមិន មានអ្វីទាស់ខុសទេ គ្រាន់តែការធ្វើចលនាដកដង្ហើមចេញពីពោះវាផ្តល់ផលប្រយោជន៍ច្រើនជាង ។
ការហ្វឹកហាត់ដកដង្ហើមចេញពីពោះអាចជួយ ធ្វើឱ្យយើងអាចដកដង្ហើមបានជ្រៅឡើង វែងឡើង និង ការនឿយ ហត់មានតិចជាង ។ ចំពោះសារសំខាន់នៃការដកដង្ហើមចេញពីពោះនៅបាន ពន្យារពេលវេលាដល់ការរួមភេទឈានដល់ ចំណុចកំពូលយូរជាងធម្មតាទៀតផង ។
ការហ្វឹកហាត់ដកដង្ហើមមួយនេះឃើញថា មិនមានអ្វីស្មុគស្មាញ ឬ លំបាកអ្វីឡើយគ្រាន់តែតម្រូវឱ្យអ្នកអនុវត្ត ឱ្យបានជាប់ជាប្រចាំ យ៉ាងហោចណាស់ក្នុងមួយសប្តាហ៍បីលើក ហើយក្នុងមួយលើកប្រើពេល ១០ នាទីជាការគ្រប់គ្រាន់ ។
១ – ចាប់ផ្តើមពីការដេកផ្ងារហើយបាតដៃលើក្បាលពោះ បន្ទាប់មកក៏ឱ្យដកដង្ហើមចូលយ៉ាង យឺតៗ និង ជ្រៅបំផុត ។ ត្រូវព្យាយាមឱ្យក្បាលពោះប៉ោងចេញច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។
២ – បន្ទាប់ពីនោះក៏ឱ្យទប់ដង្ហើមហើយរាប់ពី ១ ដល់ ៥ ហើយសឹមបន្ធូរខ្យល់ដង្ហើមចេញយ៉ាងយឺតៗ ។ ត្រូវធ្វើ បែបនេះដដែលៗឱ្យបានប្រហែល ១៥ ទៅ ២០ លើក (នេះជាដំណាក់កាលដំបូង) ។
៣ – បន្ទាប់ពីឆ្លងកាត់ដំណាក់កាលដំបូងមួយរយៈពេល ហើយនឹងចាប់ផ្តើមស៊ាំបណ្តើរៗ ។ បន្ទាប់ពីនោះឱ្យប្រឹង សាច់ដុំត្រង់កណ្តាលពោះក្នុងខណៈពេលដកដង្ហើមចូល ហើយសឹមបន្ធូរមកវិញពេលដកដង្ហើមចេញ ។ ក្នុង ដំណាក់កាលមួយនេះឱ្យធ្វើដដែលៗមិនតិចជាង ២០ លើកទេ ។
ការហ្វឹកហាត់ត្រឹមប៉ុននេះក៏មានសេចក្តីសុខក្នុងអំឡុង ពេលរួមភេទបានកាន់តែយូរឡើងហើយ ។ ទោះបី យ៉ាងណាបើចង់បន្ថែមប្រសិទ្ធភាពក្នុងការរួមភេទ ឱ្យបានច្រើនឡើងក្នុងពេលរួមភេទទៀតត្រូវ រកសង្វាក់ការដកដង្ហើមឱ្យ ដកទន្ទឹមគ្នាក៏ជារឿងចាំបាច់ និង ផ្តល់ផលប្រយោជន៍មិនតិចឡើយ ។
វិធីអនុវត្តមួយនេះមានដូចខាងក្រោម ៖
១ – ក្នុងពេលអ្នកកំពុងដេកឱបគ្នា អ្នកដាក់ដៃនៅបរិវេណដើមទ្រូង ឬ ក្បាលពោះក៏បាន ។
២ – បន្ទាប់ពីនោះឱ្យភាគីម្ខាងទៀតដកដង្ហើមវែងៗជ្រៅៗ និង យឺត ។ នៅពេលអ្នកចាប់ចង្វះការដកដង្ហើម បានហើយឱ្យភាគីម្ខាងទៀតធ្វើតាមវិញម្តង ។
ត្រូវធ្វើបែបនេះដដែលៗជាបន្តបន្ទាប់នោះការរួមភេទ របស់អ្នកពិតជាប្រើពេលបានយូរហើយមានភាពស្រស់ ស្រាយជាងមុនជាក់ជាពុំខាន ៕
