ភ្នំពេញៈ នាយ គ្រួច ដែលធ្លាប់តែដើរតួជាតួតា តួឪពុក មិនធ្លាប់ស្គាល់រសជាតិតំណែងតួឯកនឹងគេនោះ នៅពេលនេះបានឆក់យកឱកាសដ៏ធំមួយជាលើកដំបូងក្នុងអាជីពក្នុងតំណែងតួឯករបស់ផលិតកម្ម RGB តាមរយៈភាពយន្តខ្នាតធំមួយមានចំណងជើងថា«ខ្លាចអី! សើចតើ!»។ តាមរយៈការផ្តល់ឱកាសឲ្យក្លាយខ្លួនជាតួឯកនេះ នាយគ្រួចបញ្ជាក់ថា ភាពយន្តនេះគឺសើចតាំងពីដើមរហូតដល់ចប់។
Wednesday, 10 April 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិននាយ គ្រួច និងនាង អ៊ីត ដើរតួឯកជាលើកដំបូង។ រូបថត សេត គឹមសឿន
បន្ទាប់ពីទទួលផ្លែផ្កាលើសពីការស្មាននៅក្នុងរឿង «ព្រាយភ្នែកបួន» ផលិតកម្ម RGB ក៏បានសម្រេចផលិតរឿងថ្មីមួយទៀតគឺរឿង «ខ្លាចអី! សើចតើ!» ដើម្បីជាចំណងដៃដំបូងក្នុងឆ្នាំ២០១៣។
លោក លៀង ខេងហេង អ្នកដឹកនាំរឿង បានឲ្យដឹងថា៖«ក្នុងរឿង ព្រាយភ្នែកបួន យើងបានទទួលការគាំទ្រច្រើនហួសពីការរំពឹងទុករបស់ខ្ញុំ និងក្រុមការងារ ដូច្នេះដើម្បីឲ្យភាពយន្តក្រោយនេះកាន់តែខ្លាំង យើងបានបង្កើនទុនផលិតច្រើនជាងមុន ដោយតួសម្តែងភាគច្រើនជាតួល្បីហើយយើងបានបញ្ចូលឈុតឆាកកំប្លែងតាំងពីដើមរហូតដល់ចប់តែម្តង»។
លោកបញ្ជាក់ថា នៅក្នុងសាច់រឿងនោះមានតួឯករហូតដល់ទៅ៤នាក់ ក្នុងនោះមានតារាកំប្លែងនាយ គ្រួច ប៊ីអាយជី បញ្ញា សិទ្ធិ និងតាប៊ុយ។ បួននាក់នេះ សុទ្ធតែជាមិត្តភក្តិនឹងគ្នា ម្នាក់ៗសុទ្ធតែមានលក្ខណសម្បត្តិនិងទេពកោសល្យរៀងៗខ្លួន។ លោកឲ្យដឹងថា រឿង «ខ្លាចអី! សើចតើ!» នេះនឹងចាប់ផ្តើមថតនៅថ្ងៃទី២៥ ខែមេសា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួច ដោយប្រើរយៈពេលថត២ខែ។
ដោយសារមានបទពិសោធជោគជ័យស្រាប់អ្នកដឹកនាំរឿងរូបនេះបានឲ្យដឹងថា៖ «ខ្ញុំសង្ឃឹមថា ភាពយន្តមួយនេះនឹងកាន់តែមានលក្ខណពិសេសជាងមុនទៅទៀត ព្រោះយើងកាន់តែសម្រិតសម្រាំងជាងមុន ទាំងសាច់រឿង និងតារាសម្តែង។ ខ្ញុំធានាថា អ្នកទស្សនាប្រាកដជាសើចចុកពោះមិនខាន»។
ដោយឡែកតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន នាយ គ្រួច បាននិយាយទាំងអារម្មណ៍ត្រេកអរក្នុងតំណែងថ្មីរបស់ខ្លួនថា នាយពិតជារំភើបជាមួយនឹងការទទួលបានឱកាសសម្តែងជាតួឯកជាលើកដំបូងក្នុងអាជីព ហើយនៅក្នុងរឿងនេះ នាយដើរតួជានាយ សាច់កម្ម។ ទោះបីជាមិនធ្លាប់មានបទពិសោធសូម្បីតែម្តងក្នុងតំណែងតួឯក តែនាយ គ្រួច បានតាំងចិត្តថានឹងប្រឹងសម្តែងឲ្យបានល្អបំផុត។
នាយ គ្រួច បាននិយាយថា៖«ខ្ញុំពិតសប្បាយចិត្តបំផុតក្នុងតំណែងតួឯកជានាយសាច់កម្មនេះ។ នេះជាលើកទី១ហើយ ដែលខ្ញុំសម្តែងជាតួឯក ព្រោះកន្លងមកខ្ញុំធ្លាប់តែសម្តែងជាតួតា ឪពុក តួប្តី ប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចធ្វើបានល្អនិងជោគជ័យជាមិនខាន ហើយទស្សនិកជនក៏សើចចុកពោះដូចគ្នា»។
ជាមួយគ្នានោះ ពិធីករពោរពេញដោយវោហារបែបកំប្លែង តាប៊ុយ ដែលមុននេះបានបញ្ជាក់ថាលោកនឹងមិនចូលខ្លួនថតឲ្យផលិតកម្មណាមួយ ហើយបែរជាលេចមុខថតឲ្យផលិតកម្ម RGB នោះបានបញ្ជាក់ថា ដំបូងឡើយលោកមិនព្រមថតទេ តែដោយសារតែមានការពិគ្រោះគ្នា និងលោកលើកហេតុផលល្អៗម្យ៉ាងដោយសារតែភាពយន្តនោះជារឿងបែបកំប្លែងត្រូវនឹងចំណង់របស់លោកផងនោះ លោកក៏សម្រេចទទួលថតភាពយន្តជាលើកដំបូង៕
