ភ្ញៀវ​ចាប់ផ្តើម​ ចូលទៅ​លេង​ទឹក​អាង​ត្រពាំងថ្ម​

ខេត្តបន្ទាយមានជ័យ: ភ្ញៀវ​ក្នុងស្រុក​រាប់រយ​ពាន់​នាក់ ​ចាប់ផ្តើម​ទៅលេង​ទឹក នៅ​រមណី​យដ្ឋា​ន​ពាក់​កណ្តាល​ធម្មជាតិ និង​កែច្នៃ​ នៅអាង​ត្រពាំងថ្ម ស្ថិតក្នុងឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ចាប់តាំងពី​ថ្ងៃទី១៣​មេសា ឆ្នាំ២០១៣ ក្នុងឱ​កាស​បុណ្យចូលឆ្នាំថ្មី ​ប្រព្រៃ​ណីជាតិខ្មែរ ​ឆ្នាំម្សាញ់​នេះ​។​

ថ្ងៃទី 15 មេសា 2013
ដោយ: សូ​ផុន
CEN

​ពលរដ្ឋ ​ជា​អ្នកលក់ដូរ​នៅ​ទីនោះ​ បានប្រាប់​គេហទំព័រ CEN កាលពី​ថ្ងៃទី​១៣-១៤ ខែមេសា ឆ្នាំ​២០១៣​ ថា ពួកគាត់​បានរៀបចំ​កន្លែង​លក់​អាហារ​ភេសជ្ជៈ​ ពោះវៀន​កង់​ឡាន​ ទូក ​និង​កាណូ​ត​ជិះ​កំសាន្ត ព្រមទាំង​រោងរាន​អង្គុយកំសាន្ត​ស្រេចបាច់​ហើយ​ នៅ​តំបន់​អាង​ត្រពាំងថ្ម​ សម្រាប់​ទទួលភ្ញៀវ​កំសាន្ត។ រាល់​ឆ្នាំ ​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ និង​ថ្ងៃបុណ្យ​ឆ្នាំ​ខ្មែរ និង​ចូលឆ្នាំ​ចិន​ មាន​ភ្ញៀវ​ក្នុងស្រុក ប្រហែលជា ១៥.០០០ នាក់​ ទៅ ៣០.០០០ នាក់​ ក្នុង ១​ថ្ងៃៗ​ ទៅលេងនៅអាងទឹកត្រពាំងថ្ម។​

​ពលរដ្ឋ​ដែលជា​អាជីវករ​បន្តថា ពួក​គាត់​សង្ឃឹមថា ឆ្នាំ​ថ្មី​ ឆ្នាំម្សាញ់​នេះ ​ជា​ពេលដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​ផង រមណីយដ្ឋាន​លេង​ទឹក​ដ៏ធំជាងគេ​បង្អស់​នៅ​ខេត្ត​បន្ទាយ​មានជ័យ ​ក្នុង​អាង​កេរិ៍្ត​ខ្មែរក្រហម​នេះ នឹង​មាន​ភ្ញៀវ​ពពាក់​ពួន​ច្រើន មកលេង ហើយគេសង់រោងសម្រាកកំសាន្ត រាប់សិប​។ ឯ​ពោះវៀន​កង់ឡាន​រាប់រយ និង​កន្លែង​លក់ដូរ​រាប់សិប​ បាន​ត្រៀមលក្ខណៈ​។

ប៉ុន្តែ​តម្លៃ​ឡើង​ខ្ពស់ ឬ​យ៉ាងណា​នៅ ១​ថ្ងៃ​ ​ដំបូង​នៃ​បុណ្យចូលឆ្នាំ​នេះ ​ពុំទាន់​ឃើញ​មាន ឡើង​ថ្លៃ​ទេ​។ នៅ​ទី​នោះ គេ​ឃើញ​មាន​ម្ហូបធ្វើ​ពី​ត្រី​ធំៗ​ ពស់​ព្រលិត​ កណ្តុរ​អាំង​ មាន់​ទា និង​សាច់​ច្រើន​ទៀត​។​

​ឆ្នាំនេះ​ ផ្លូវ​ភ្ជាប់​ទៅ​អាង​ត្រពាំងថ្ម ខ្សែ​ចេញពី​ផ្លូវជាតិ​លេខ ៦ ត្រង់​ភូមិ​ព្រៃ​មាន់ កាត់​ទីរួម​ស្រុក​ ទៅអាង​គឺ ១កំណាត់​ជា​ផ្លូវ​កៅស៊ូ​ ទើប​ស្ថាបនា ​តែ​ស្ពាន​លូ​ខ្លះ​ កំពុង​សាង​សង់​។

ដើម្បី​ទៅលេង​អាងទឹក​ដ៏​ធំជាងគេ ​នៅភូមិភាគ​ពាយ័ព្យ និង​ឧ​ត្ត​រ​នៃ​ប្រទេស​នេះ​គឺមាន​ផ្លូវ​ក្រាល​គ្រួស​ច្រើន​ខ្សែ ដូចជា​ ផ្លូវ​ចេញពីផ្លូវជាតិ​លេខ ៦ ត្រង់​ទីរួមស្រុក​ព្រះនេត្រព្រះ​កាត់​ឃុំ​ពន្លៃ រួច​ធ្វើដំណើរ​តាម​ខ្នង​អាង​។ ផ្លូវ​ចេញពី​ផ្លូវ​លេខ ៦ កាត់​តាម​ភូមិ​ព្រៃ​មាន់ ឃុំ​រហាល ​ស្រុក​ព្រះនេត្រព្រះ​ ផ្លូវ​ចេញពី​ផ្លូវជាតិ​លេខ៦ កាត់​តាម​ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ​, ឃុំ​ស្ពាន​ស្រង​, ឃុំ​ភ្នំ​ដី ឃុំ​ស្រះជីក​, ឃុំ​ប៉ោយចារ​ ស្រុក​ភ្នំស្រុក​។​

​ក្នុងនោះ ក៏មាន​ផ្លូវ​ជាច្រើន​ខ្សែ​ភ្ជាប់​ពី​ស្រុក​ស្វាយចេក​, ថ្មពួក​ខេត្តបន្ទាយមានជ័យ និង​ពី​ស្រុក​ចុងកាល់ បន្ទាយ​អ​ម្ពិ​ល ខេត្តឧត្តរមានជ័យ និង​ពី​ស្រុក​ស្រីស្នំ​, ស្រុក​ក្រឡាញ់​ខេត្តសៀមរាប ​ក៏​ភ្ជាប់​ទៅ​អាងត្រពាំងថ្ម​ដែរ​។ នៅ​ទីនោះ​ ភ្ញៀវ​អាច​ងូតទឹក ជិះទូក​, មើល​​ត្រី​, មើល​សត្វ​ស្លាប​ទឹក និង​សត្វ​ស្លាប​គោក​ និង​ទេសភាព​ស្រែចម្ការ​រដូវប្រាំង​៕​

រូបថត៖ ទិដ្ឋភាពនៅអាងទឹកត្រពាំងថ្ម នៅខេត្តបន្ទាយមានជ័យ៖

What Next?

Recent Articles