ភ្នំពេញ: បន្ទាប់ពីសវនាការ ទាញអំណះអំណាងផ្ទាល់មាត់ កាលពីថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៣ ដែលជាវេទិការបស់ភាគីកម្ពុជារួចមក គឺនៅថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៣ មិនមានសវនាការទេ។
ថ្ងៃទី 16 មេសា 2013
ដោយ: លី សិលា
CEN
រហូតដល់ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៣ ទើបតុលាការឡាអេ បើកសវនាការលើសំណុំរឿងបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហាររបស់កម្ពុជា ហើយជាវេទិការបស់ភាគីថៃ។
ភាគីថៃ នឹងឡើងថ្លែងផ្ទាល់មាត់ នៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ១០ ព្រឹក ( ម៉ោងនៅប្រទេសហូឡង់ ត្រូវនឹងម៉ោង ៣ រសៀល ម៉ោងនៅកម្ពុជា ) ដល់ម៉ោង ១ រសៀល និងលើកទី២ ចាប់ពីម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល។
តាមកម្មវិធីដែលបានព្រាងទុក តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ICJ នៅទីក្រុងឡាអេ បានបើកសវនាការលើសំណុំរឿងប្រាសាទព្រះវិហារ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។
សវនាការនោះ ត្រូវធ្វើជាពីរជុំ ដែលមានការផ្សាយបន្តផ្ទាល់ http://webtv.un.org រួមមាន៖
-ជុំទី១ នៅថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១ រសៀល ( ម៉ោងនៅប្រទេសហូឡង់ ) និងនៅម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល ជាវេទិកាទាញអំណះអំណាងផ្ទាល់មាត់របស់ភាគីកម្ពុជា។ ម៉ោងនៅកម្ពុជា ដើរលើសម៉ោងនៅប្រទេសហូឡង់ ៥ ម៉ោង។
ចំណែកនៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១ រសៀល និងចាប់ពីម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល ជាវេទិការបស់ភាគីថៃ។
-ជុំទី២ សវនាការនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៣ ដល់ម៉ោង ៥ រសៀល ជាវេទិការបស់ភាគីកម្ពុជា។
ចំណែកនៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៣ ដល់ម៉ោង ៥ រសៀល ជាវេទិការបស់ភាគីថៃ។
ក្នុងសវនាការ កាលពីថ្ងៃចន្ទ ទី១៥ ខែមេសា ភាគីកម្ពុជា ដែលដឹកនាំដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកអំណះអំណាងផ្ទាល់មាត់ ដោយបង្ហាញនូវទឡ្ហីករណ៍ និងភស្តុតាងជាច្រើន។
លោក ហោ ណាំហុង បានប្រាប់អង្គសវនាការថា “ពេលនេះ គឺជាការបិទនីតិក្រម ដែលនឹងនាំឲ្យអង្គតុលាការ ធ្វើសេចក្តីសម្រេច ជាលើកចុងក្រោយ លើរឿងក្តី ដែលធ្វើឲ្យយើងមានកង្វល់ទាំងអស់គ្នា។ ហេតុដូចនេះ ខ្ញុំយល់ច្បាស់ណាស់ពីសារៈសំខាន់នៃកាលៈទេសៈនេះ សម្រាប់ប្រទេសខ្ញុំ ហើយខ្ញុំសូមឲ្យតុលាការចេញនូវសាលដីកាមួយ ដែលនឹងបញ្ចប់ជាស្ថាពរវិវាទនេះ ដែលបានធ្វើឲ្យល្អក់ខ្វល់ដល់ទំនាក់ទំនងជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គឺជាការដលល់ពេលវេលាហើយ ដែលប្រទេសទាំងពីរ ត្រូវតែមានទំនាក់ទំនងជិតស្និទ្ធ សន្តិភាព និងពោរពេញទៅដោយស្មារតីស្ថាបនា។ កម្ពុជាចង់បានខ្លាំងណាស់”។
លោកប្រមុខការទូត ហោ ណាំហុង បានគូសបញ្ជាក់ថា “វាមិនមែនជាបញ្ហាការអនុវត្តសាលក្រមនោះទេ ហើយវាក៏មិនមែនជាបញ្ហាកំណត់ព្រំដែននោះដែរ ដោយហេតុថា ការកំណត់ព្រំដែននេះ ត្រូវបានកំណត់រួចហើយតាមរយៈផែនទីឧបសម្ព័ន្ធ១ ដែលតុលាការបានផ្អែកជាសំខាន់ ដើម្បីសម្រេចចេញសាលក្រមឆ្នាំ១៩៦២។ វាមានតែការចោទសួរពី “អត្ថន័យ និងវិសាលភាព” នៃសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តែប៉ុណ្ណោះ”។
រីឯមេធាវីបរទេស ៣ រូប របស់កម្ពុជា ក៏បានធ្វើការវិភាគ យល់ឃើញថា បញ្ហាកើតឡើងរវាងកម្ពុជា និងថៃ ដោយសារតែខាងភាគីថៃ ប្រើប្រាស់ផែនទី ដែលគូសវាស ដោយ ឯកតោភាគី និងដោយសារបញ្ហាប្រែប្រួលនយោបាយ នៅក្នុងប្រទេសថៃ។
ក្រៅពីនោះ មេធាវីបរទេសខាងកម្ពុជា ក៏បានចាត់ទុកថា ការប្រែប្រួលនយោបាយ នៅក្នុងប្រទេសថៃ បាននាំអោយមានជម្លោះរវាងកម្ពុជា និងថៃ នៅតំបន់ព្រះវិហារ៕