ប្រធានគណបក្សហ៊្វុនស៊ីនប៉ិច ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណ រស្មី បានដឹកនាំប្រតិភូជាន់ខ្ពស់គណបក្ស ចេញទៅទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី១៦ មេសា។ នៅក្នុងក្របខណ្ឌនៃការពង្រឹងទំនាក់ទំនងនិងសហប្រតិបត្តិការ រវាងគណបក្សកុម្មុយនិស្តចិន និងគណបក្សហ៊្វុនស៊ីនប៉ិច ប្រតិភូគណបក្សនេះនឹងជួបជាមួយមេដឹកនាំថ្មីរបស់បក្សកុម្មុយនិស្តចិន នៅទីក្រុងប៉េកាំង និងថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តរបស់ចិនផ្សេងទៀត។
ថ្ងៃ ពុធ 17 មេសា 2013
ដោយ លាង ដឺលុច
RFI
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ក្សត្រីនរោត្តម អរុណ រស្មី និងប្រតិភូនៃគណបក្សនេះកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិនប្រជាមានិត ក្នុងក្របខណ្ឌនៃការពង្រឹងសហប្រតិបត្តិការរវាងគណបក្សដែលបង្កើតឡើងដោយសម្តេចឪនរោត្តម សីហនុ និងបក្សកុម្មុយនីសចិន។ ដោយសារតែហ៊្វុនស៊ិនប៉ិចជាដៃគូរាជរដ្ឋាភិបាលកម្ពុជា ការពិភាក្សារវាងមេដឹកនាំគណបក្សទាំងពីរ ក៏នឹងផ្តោតលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសចិនផងដែរ។
ប្រតិភូគណបក្សហ៊្វុនស៊ីនប៉ិច ចំនួន៦រូប ដែលបានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៦មេសាម្សិលមិញ មានព្រះអង្គម្ចាស់ក្សត្រី អរុណ រស្មី លោកសៅ រ៉ានី អគ្គលេខាធិការរងគណបក្សហ៊្វុនស៊ីនប៉ិច និងសមាជិកគណៈកម្មាធិការនាយកផ្សេងទៀត។ គោលដៅនៃទស្សនកិច្ចចំនួន៨ថ្ងៃរួមមាន ទីក្រុងប៉េកាំង។ នៅទីនោះហើយ ដែលថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ីនប៉ិចកំពុងជួបពិភាក្សាជាមួយសមាជិកថ្មីនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន។ បន្ទាប់មក ប្រតិភូគណបក្សហ៊្វុនស៊ីនប៉ិចក៏នឹងទស្សនកិច្ចទីក្រុងស៊ីអាន នៃខេត្តសានស៊ី និងទីក្រុងសេងជិន នៃខេត្តកង់តុង។
អគ្គលេខាធិការគណបក្សហ៊្វុនស៊ីនប៉ិច លោក ញឹក ប៊ុនឆៃ ដែលមិនបានរួមដំណើរក្នុងទស្សនកិច្ចនេះទេនោះ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះថា ទំនាក់ទំនងរវាងហ៊្វុនស៊ីនប៉ិច និងបក្សកុម្មុយនិស្តចិនដែលមានតាំងពីទស្សវត្សរ៨០មកនោះ កាន់តែរឹងមាំទៅ ហើយថាការបាត់បង់ព្រះរាជវត្តមានរបស់សម្តេចឪ នរោត្តម សីហនុ ដែលជាស្ថាបនិកចលនាហ៊្វុនស៊ីនប៉ិចនោះ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងនេះឡើយ។ លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា បក្សកុម្មុយនិស្តចិនបានគាំទ្ររបបរាជានិយមនៅកម្ពុជា ហើយបក្សកុម្មុយនិស្តចិនក៏បានគាំទ្ររាជរដ្ឋាភិបាលចម្រុះ ដែលមានគណបក្សប្រជាជនកម្ពុជា និងហ៊្វុនស៊ីនប៉ិចដែរ។
អគ្គលេខាធិការហ៊្វុនស៊ីនប៉ិចក៏បានប្រាប់អោយដឹងផងដែរថា ជារៀងរាល់ឆ្នាំ មានការផ្លាស់ប្តូរទស្សនកិច្ចពីរក្រុម រវាងហ៊្វុនស៊ីនប៉ិច និងបក្សកុម្មុយនិស្តចិន ពោលគឺទស្សនកិច្ចនៃកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមយុវជន។
គួរបញ្ជាក់ផងដែរថា ក្រៅពីបក្សកុម្មុយនីសចិន គណបក្សហ៊្វុនស៊ីនប៉ិច ក៏មានទំនាក់ទំនងជាមួយបក្សពលករកូរ៉េខាងជើងផងដែរ។ គណៈកម្មាធិការកណ្តាលនៃបក្សពលករកូរ៉េទើបតែបានធ្វើសារលិខិតសាទរព្រះអង្គម្ចាស់ក្សត្រីនរោត្តម អរុណ រស្មី ដែលត្រូវបានជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិច ហើយថា បក្សពលករកូរ៉េបានសំដែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងហ៊្វុនស៊ីនប៉ិច និងគណបក្សពលករកូរ៉េខាងជើងនេះ នឹងកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ក្សត្រី៕


