មន្ត្រីអ្ននាំពាក្យនៃអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធបានថ្លែងឲ្យដឹងថា ជនជាតិបរទេស៤៩នាក់ដែលសមត្ថកិច្ចនគរបាលនៃអគ្គស្នងការនគរបាលជាតិត្រូវបានចាប់ខ្លួនកាលពីដើមខែមេសា ឆ្នាំ២០១៣ នៅក្នុងទីតាំង ៩កន្លែងក្នុងខណ្ឌ៤ ក្នុងរាជធានីភ្នំពេញនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបណ្តេញចេញពីប្រទេសកម្ពុជាអស់ចំនួន២៩នាក់ ក្នុងចំណោម៤៩នាក់ នៅសល់២០នាក់ទៀតនឹងបណ្តេញចេញដូចគ្នានៅពេលខាងមុខ។
យូ វតា
Saturday 20 April 2013
The Free Press Magazine
លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹង នៅល្ងាចថ្ងៃសុក្រទី១៩មេសានេះថា ជនជាតិបរទេសដែលត្រូវបានបណ្តេញចេញនោះមានជនជាតិចិនចំនួន២៨នាក់ និងជនជាតិភូមាម្នាក់ ដែលអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ប្រទេសកម្ពុជា។ ចំពោះជនបរទេសដែលត្រូវបណ្តេញចេញនោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។
អ្នកនាំពាក្យរូបនេះបន្តថា៖ យុទ្ធនាការបង្ក្រាបក្រុមចាប់ជំរិតតាប្រព័ន្ធអ៊ិនធឺណេត (VOIP) ដែលជនខិលខូចលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាធ្វើសកម្មភាពនោះត្រូវបានអាជ្ញាធរកម្ពុជាបើកយុទ្ធនាការបង្ក្រាបចាប់តាំងពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ន មានចំនួន១០លើក និងចាប់បានជនប្រព្រឹត្តបទល្មើសចំនួនជាង៣០០នាក់ ដែលសុទ្ធតែត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា បន្ទាប់ចាប់ពីខ្លួនបាននោះ។
អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់បន្តថា ៖ ជនជាតិចិនទាំងនោះមិនមែន យកទីតាំងប្រទេសកម្ពុជាតែមួយធ្វើជាទីតាំងសម្រាប់ចាប់ជំរិតតាមប្រព័ន្ធអ៊ិនធឺណេតនោះទេ គឺជនជាតិចិនខិលខូចទាំងនោះបានយកប្រទេសមួយចំនួនទៀតនៅក្នុងអាស៊ី ធ្វើជាទីតាំងចាប់ជំរិតទារប្រាក់តាមប្រពន្ធ័បច្ចេកវិទ្យាទំនើបដូចជានៅប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និង ឥណ្ឌូណេស៊ី វៀតណាម។ល។ ៕
