ឧបនាយករដ្ឋមន្ត្រី ធ្វើសេចក្តីសន្និដ្ឋាន នៅតុលាការយុត្តិធម៌ អន្តរជាតិ ក្រុងឡាអេ

ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស បានធ្វើ​សេចក្តីសន្និដ្ឋាន​ដែល​ដាក់ជូន​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​ទាក់ទង​នឹង​ឯកសារ​សរសេរ និង​ការបង្ហាញ​ហេតុផល​ផ្ទាល់មាត់​របស់ខ្លួន ចំពោះ​សំណុំរឿង ស្តីពី​ការបកស្រាយ​ជា​ស្ថាពរ​លើ​សាលដីកា ចុះ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​១៩៦២​។

ថ្ងៃទី 20 មេសា 2013
ដោយ: រតនា
CEN

​ប្រមុខ​រាជទូត​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ដូចដែល​ខ្ញុំ​បានលើកឡើង​រួចហើយ នៅក្នុង​ឱកាស​ការចាប់​ផ្តើម​បង្ហាញ​ហេតុផល​ផ្ទាល់មាត់ កាលពី​ថ្ងៃទី ១៥ ខែមេសា ខ្ញុំ​បានធ្វើការ​សង្កត់ធ្ងន់​លើ សារៈសំខាន់​ដែល​កម្ពុជា​ផ្តល់​ដល់​សេចក្តីសម្រេច​របស់​តុលា​ការដែល​ប្រាកដ មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​រវាង​រដ្ឋ​ទាំងពីរ ហើយ​ដែលជា​បង្អែក​សម្រាប់​សន្តិ​ភាព និង សន្តិសុខ​នៅក្នុង​តំបន់ ពីព្រោះ​កម្ពុជា​ជឿជាក់ថា តុលាការ​មាន​តួនាទី​សំខាន់បំផុត នៅក្នុង​ការធានា​សន្តិភាព​រវាង ប្រជាជន និង ប្រជាជន​។ ប្រសិនបើ​មិនមាន​ការបកស្រាយ​ជា​ស្ថាពរ​លើ​សាលដីកា ចុះ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​១៩៦២ ទេនោះ ស្ថានភាព​បច្ចុប្បន្ន ដែល​នឹង​កើតឡើង ប្រាកដជា​នឹងមាន ផលវិបាក​អាក្រក់​ដែល​រារាំង​ដល់​ភាពចាំបាច់ នៃ​ការរស់នៅ ក្នុង​បរិយាកាស​មិត្តភាព សន្តិភាព និង​សហប្រតិបត្តិការ​រវាង​រដ្ឋ​ទាំងពីរ ហេតុដូចនេះ តុលាការ​ត្រូវ​យល់ដឹង​អំពី​របៀប​ដែល​ប្រទេស​ថៃ អនុវត្ត​មិនបាន​ពេញលេញ​នូវ​វិធានការ​រក្សា​ការពារ​ដែល​សម្រេច​ដោយ​តុលាការ​របស់លោក លោកស្រី នៅក្នុង​ដីកា​ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១”​។​

​ប្រមុខ​រាជទូត​បា​នប​ន្ត​ថា​៖ នៅក្នុង​បទ​អន្តរា​គម​ន៏​កាលពី​ថ្ងៃ​ច័ន្ទ ការទាមទារ​ដោយ​មិនមាន​មូលដ្ឋាន​នូវ​ដី ទំហំ ៤,៦ គីឡូម៉ែត្រ​ក្រឡា ពី​សំណាក់​ភាគី​ថៃ ដែល​ត្រូវបាន​បញ្ជាក់ នៅក្នុង​ឯកសារ​បោះពុម្ព​ផ្លូវការ​របស់​ក្រសួងការបរទេស​ថៃ កាលពី​ឆ្នាំ​២០១១ ការកាន់កាប់ ដោយ​យោធា លើ​ផ្នែក​មួយចំនួន​នៃ​ដែនដី​របស់​យើង​នៅ​ជុំវិញ​ប្រាសាទ និង ការឈ្លានពាន​ប្រដាប់អាវុធ​ជា​បន្តបន្ទាប់​នៅក្នុង​ជម្លោះ​ទាំងនេះ បាន​បង្ក​ឲ្យ​មានការ​ស្លាប់ ការរង​របួស និង​ការជម្លៀស​ប្រជាជន​។ បញ្ហា​នេះ​មិនអាច​ទទួលយក​បានទេ​។

​ដូច្នេះ​មាន​ហេតុការណ៍​ថ្មីៗ​ដែល​បញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​កម្ពុជា​ដាក់ពាក្យ​បណ្តឹង​ស្នើសុំ​ធ្វើការ​បកស្រាយ​។ អង្គ​តុលាការ​របស់ អស់លោក លោកស្រី មិន​ព្រងើយកន្តើយ​ចំពោះ​ពាក្យបណ្តឹង​នេះ​នៅពេល​ធ្វើ​សេចក្តីសម្រេច​ឡើយ​។ ប្រការនេះ​បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​រង់ចាំ​យ៉ាង​ស្ងប់ស្ងៀម​នូវ​សេចក្តីសម្រេច​ដែល​អស់លោក លោកស្រី នឹងធ្វើ​ឡើង​ដោយ​ផ្តោត​យ៉ាង​ជាក់លាក់​លើ​អត្ថន័យ និង​វិសាលភាព​នៃ​សាលដីកា ឆ្នាំ ១៩៦២ ដើម្បី​បញ្ចប់​ជា​ស្ថាពរ​នូវ​ជម្លោះ​នេះ ដែល​រារាំង​ដល់​ការអភិវឌ្ឍ​ទំនាក់ទំនង​សន្តិភាព រវាង​ប្រទេសជិតខាង​ទាំងពីរ ហើយ​ដែល​អ្វីៗ​ទាំងអស់ គួរតែបង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់​បន្ថែមថា​៖ “​ដូចដែល​លោក​មេធាវី ប៊ុន​ឌី (Bundy) បាន​ពន្យល់​ទៅកាន់​តុលាការ ក្នុង​ចម្លើយ​របស់លោក​ចំពោះ​សំណួរ​ដែល​បាន ចោទសួ​ដោយ​ចៅក្រម យូ​ស៊ុ​ហ្វ (Yusuf) រួច​ស្រាប់​ហើយ ចាប់តាំងពី​ថ្ងៃ​ចេញ​សាលដីកា​របស់លោក លោកស្រី នៅ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ កម្ពុជា​តែងតែ​បកស្រាយ​ពាក្យ “​តំបន់​ជុំវិញ​” ប្រាសាទ​ដោយ​ធៀប​នឹង​ខ្សែបន្ទាត់​នៅលើ​ផែនទី​ឧបសម្ព័ន្ធ​”​។

​នៅក្នុង​ឱកាស​នោះដែរ លោក​ហោ ណាំហុង បានធ្វើ​សេចក្តីសន្និដ្ឋាន​ដែល​ដាក់ជូន​តុលាការ​ថា ចំពោះ​បញ្ហា​នេះ ជាដំបូង កម្ពុជា​នឹង​រំឭក​ឡើងវិញ​នូវ​ចំណុច​សន្និដ្ឋាន​ផ្សេងៗ ដែល​លើកឡើង​នៅក្នុង​ឯកសារ​សរសេរ និង​ការបង្ហាញ​ហេតុផល​ផ្ទាល់មាត់​របស់ខ្លួន ដូចតទៅៈ​
– សេចក្តីសន្និដ្ឋាន​ដែល​បាន​ដាក់ជូន​តុលាការ​ដោយ​ភាគី​នីមួយៗ ដោយ​យោងតាម​អង្គហេតុ​បង្ហាញថា ភាគី​ទាំងពីរ​យល់ឃើញ​ផ្ទុយគ្នា លើ​អត្ថន័យ និង​វិសាលភាព​នៃ​សាលដីកា​ឆ្នាំ ១៩៦២​។​
– ជម្លោះ​រវាង​ភាគី​ទាំងពីរ ផ្តោតទៅលើ​ការបកស្រាយ​លើក​ថា​ខ័​ណ្ឌ​ទីមួយ និង​ទៅលើ​ការបកស្រាយ​កថា​ខ័​ណ្ឌ​ទី​ពីរ សេចក្តីសន្និដ្ឋាន​របស់​សាលដីកា​ឆ្នាំ ១៩៦២ ព្រមទាំង​ទៅ លើ​ចំណង​ដែល​មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន​រវាង​កថា​ខ័​ណ្ឌ​ទាំងពីរ​នេះ​។​
– ជម្លោះ​នីមួយៗ​ដែល​និយាយ​យោង​ខាងលើ​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អ្វីដែល​តុលាការ សម្រេច​ដោយ​អានុភាព​តម្រូវ​ឲ្យ​អនុវត្ត​រួមមាន “​ការខ្វែងគំនិត​គ្នា​ថា​តើ​ចំណុច​ណាមួយ ត្រូវបាន​សម្រេច​ដោយ​អានុភាព​តម្រូវ​ឲ្យ​អនុវត្ត​”​។​
– ការកត់សម្គាល់​របស់​តុលាការ​នៅក្នុង​សាលដីកា​ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ស្តីពី​លក្ខណៈ​តម្រូវ​ឲ្យ​អនុវត្ត​នៃ​ខ្សែបន្ទាត់ នៃ​ផែនទី ឧបសម្ព័ន្ធ​ទី​១ មិនអាច​កាត់ផ្តាច់​ពី អង្គច្បាប់ និង​មាន​សារៈសំខាន់​ចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់​ការបកស្រាយ​សាលដីកា​។​
– ដោយសារ​អ្វីដែល​តុលាការ​បានសម្រេច​ស្តីពី​ស្ថានភាព​គតិយុត្តិ​នៃ​ផែនទី​ឧបសម្ព័ន្ធ​១ ជា​តំណាង​ឲ្យ​ព្រំដែន​រវាង​រដ្ឋ​ទាំងពីរ​ពាក្យពេចន៍ (….) នៅលើ​ដែនដី​ដែល​ស្ថិតក្រោម អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា (​ចំណុច​ទី​១​នៃ​អង្គច្បាប់​) និង នៅលើ​ទឹកដី​កម្ពុជា (​ចំណុច​ទី​២​នៃ​អង្គច្បាប់​) ត្រូវតែ​យល់​ឲ្យ​បាន​ច្បាស់​ស្តីពី​ព្រំដែន​នៅក្នុង​តំបន់​ប្រាសាទ ព្រះវិហារ​នេះ​។​
– កាតព្វកិច្ច​ក្នុង​ការដក​កងទ័ព​ចេញ​ដែល​បានលើកឡើង​នៅក្នុង​កថា​ខ័​ណ្ឌ​ទី​២​នៃ​អង្គច្បាប់ ត្រូវតែ​យល់ថា ជា​កាតព្វកិច្ច ដែល​លាតសន្ធឹង នៅលើ​ដែនដី ទាំងមូល​ដែល​ស្ថិត ក្រោម​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បានកំណត់​នៅក្នុង​តំបន់​មាន​វិវាទ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ចា​ក់ថា​៖ ដោយ​បដិសេធចោល​នូវ​សេចក្តីសន្និដ្ឋាន​របស់​ព្រះរាជាណាចក្រ​ថៃ និង​ដោយ​ផ្អែកលើ​ចំណុច​ខាងដើម កម្ពុជា​សូម​ស្នើសុំ​ដោយ​ការគោរព សូម​ឲ្យ​តុលាការ​ឆ្លើយតប​តាម​ពាក្យបណ្តឹង​របស់​កម្ពុជា ស្តីពី​ការបកស្រាយ​សាលដីកា​របស់​តុលាការ ចុះ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដោយ​យោងតាម​មាត្រា ៦០ នៃ​លក្ខន្តិកៈ​របស់​តុលាការ​។

​តាម​កម្ពុជា “​ប្រាសាទព្រះវិហារ ស្ថិតនៅក្នុង​ដែនដី ដែល​ស្ថិតក្រោម​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​” (​ចំណុច​ទី​១​នៃ​អង្គច្បាប់​) ដែល​នេះ​ជា​ផលវិបាក​គតិយុត្តិ ព្រោះថា ប្រាសាទព្រះវិហារ ស្ថិតនៅ​ខាង​ព្រំដែន​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​តុលាការ នៅក្នុង​សាលដីកា​របស់ខ្លួន​។ ចាប់តាំងពី​ពេលនោះ​មក កាតព្វកិច្ច​របស់​ថៃ​ក្នុងការ ដក​សមាសធាតុ​ទាំងអស់​នៃ​កងទ័ព ឬ​កងកម្លាំង​នគរបាល ឬ កង​តម្រួតការពារ ឬ ឆ្មាំ​ដទៃទៀត ដែល​ខ្លួន​បានដាក់​នៅក្នុង​ប្រាសាទ ឬ នៅ​ជុំវិញ​ប្រាសាទ​ដែល​ស្ថិតនៅក្នុង​ទឹកដី​របស់ កម្ពុជា (​ចំណុច​ទី​២ នៃ​អង្គច្បាប់​) គឺជា​ផលវិបាក​ដោយឡែក​មួយ​នៃ​កាតព្វកិច្ច​ទូទៅ និង​បន្ត​ដែល​ត្រូវគោរព​បូរណភាព​ដែនដី​របស់​ប្រទេស​កម្ពុជា ជា​ដែនដី ដែល​ត្រូវ​បានកំណត់​ព្រំប្រទល់ នៅក្នុង​តំបន់​ប្រាសាទ និង​តំបន់​ជុំវិញ​ប្រាសាទ ដោយ​ខ្សែបន្ទាត់​នៃ​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​សាលដីកា តុលាការ បាន​យកមក​ធ្វើជា​មូលដ្ឋាន​៕​

What Next?

Recent Articles