ចូលឆ្នាំថ្មីបីថ្ងៃ រមណីយដ្ឋានភ្នំគូលែន ទទួលបានភ្ញៀវ ទេសចរជាង ៥ ពាន់នាក់

សៀមរាប: ក្រុមមន្ដ្រី​ទេសចរណ៍​ខេត្ដ​សៀមរាប បាន​និយាយ​ឱ្យដឹងថា យ៉ាងហោចណាស់​ក៏មាន​ភ្ញៀវទេសចរ​ប្រមាណ​ជា ៥ ពាន់ ៣ រយ​នាក់ មកពី​តំបន់​គ្រប់ទិសទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មកពី​ក្រៅប្រទេស​បាន​ឡើងទៅ​ទស្សនា​រមណីយដ្ឋាន​ប្រ​វ​ត្ដិ​សាស្ដ្រ​ភ្នំ​គូលែន ក្នុង​រយៈពេល​៣​ថ្ងៃ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ថ្មីៗ​កន្លងទៅនេះ​។​

ថ្ងៃទី 21 មេសា 2013
ដោយ: បាយ័ន
CEN

​    ​
​លោក​ឆើយ ឆន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប បាន​និយាយ​ឱ្យដឹងថា រយៈពេល​៣​ថ្ងៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា​កន្លងមកនេះ គឺមាន​ភ្ញៀវទេសចរ​សរុប​ចំនួន​៥​ពាន់​៣​រយ​នាក់​។ ក្នុងនោះ​ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ២៥០ នាក់​បាន​ឡើងទៅ​ទស្សនា​តំបន់​ទឹកធ្លាក់​ភ្នំ​គូលែន​។​
​    ​
​លោក​ឆើយ ឆន បានឱ្យដឹង​ទៀតថា កត្ដា​ដែលនាំឱ្យ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​គូលែន​ស្ថិតនៅ​ស្រុក​ស្វាយ​លើ ខេត្ដ​សៀម រាប ស្រូប​ទាញ​ភ្ញៀវទេសចរ​យ៉ាង​ដូច្នេះ មាន​កត្ដា​ទី​សំខាន់ គឺ​ទី​១.​ទីនោះ​មាន​ទឹកធ្លាក់​ដ៏​សំខាន់ និង​ទី​២.​គឺមាន​ព្រះអង្គ​ធំ​មួយ​ព្រះអង្គ​ដែល​កសាង​ពី​សម័យមុន​បាន​បន្សល់ទុក​រហូតមក​ដល់​ប​ច្នុ​ប្បន្ន ដែល​ព្រះអង្គ​ចូល​និ​ពា​ន្វ​មួយ​ព្រះអង្គ​នេះ​ត្រូវ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​ជំនឿ​ជឿជាក់​យ៉ាងខ្លាំង​។​
​    ​
​លោក​ឆើយ ឆន បានឱ្យដឹង​ទៀតថា កត្ដា​ខាងលើ​វា​គួបផ្សំ និង​មាន​ផ្លូវ​ឡើង​ចុះ​បាន​ស្រួល ដែល​បង្កលក្ខណៈ​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ មាន​ភាពងាយស្រួល ហើយ​ធ្វើឱ្យ​បរិយាកាស​បរិសុទ្ធ​នៃ​តំបន់ភ្នំ និង​កាត់បន្ថយ​បាន​នៅ​ភាព​នឿយហត់​គ្រប់បែបយ៉ាង​ជូន​ដល់​ភ្ញៀវ​ទាំងនោះ​ទាំង​ទៀតផង​។ ប៉ុន្ដែ​អ្វីដែល​សំខាន់​ចំណីចំណុក ការហូបចុក​គ្រប់​ប្រភេទ​ដែល​អាជីវករ លក់ដូរ​សំរាប់​ភ្ញៀវទេសចរ គឺ​វា​មាន​តំលៃ​ខ្ពស់​គួរឱ្យកត់សំគាល់​មួយ ដែល​មិន​ខុសពី​រមណីយ​ដ្ឋា​នានា​ក្នុង​ខេត្ដ​សៀមរាប ដែល​ឡើង​ខ្ពស់​ដូចគ្នា បើ​ប្រៀបធៀប​ទៅនឹង​ថ្ងៃ​ធម្មតា​។ ការឡើង​ថ្លៃ​កប់​ពពក​លើ​ចំណីចំណុក​ត្រូវបាន​ភ្ញៀវទេសចរ​រិះគន់​ដល់​អាជ្ញាធរ​ដែនដី​ស្រុក​-​ខេត្ដ​ថា មាន​ភាពកម្សោយ​ក្នុងកា​រ​គ្រប់គ្រង​ដែល​ករណីនេះ វា​ធ្វើឱ្យ​ភ្ញៀវទេសចរ​មាន​ភាព​រាងចាល មានន័យថា​ភ្ញៀវទេសចរ​ទៅលេង​ម្ដង គឺ​គេ​ឈប់​ទៅ​រហូត​។​
​    ​
​រមណីយដ្ឋាន​ភ្នំ​គូលែន ត្រូវបាន​គេ​សិក្សា​ឃើញ​កាលពី​ថ្មីៗ​ថា មាន​ប្រាសាទ​យ៉ាង​តិចជាង ៤០ ត្រូវបាន​រកឃើញ​តាមរយៈ​ការថត​ពី​ផ្កាយរណប និង​មាន​ប្រាសាទ​ជិត ១០ បាន​បណ្ដែត​ខ្លួន​នៅតាម​តំបន់​ព្រៃ​នៃ​រមណីយដ្ឋាន​ភ្នំ​គូលែន​។ រមណីយដ្ឋាន​ភ្នំ​គូលែន​ជាទី​ក្រុង​បុរាណ​ចំណាស់​មួយ​កើតមាន​មុន​សម័យអង្គរ​។​
​    ​
​នៅពេល​ថ្មីៗ​កន្លងទៅនេះ អាជ្ញាធរ​អប្សរា​ក្រោម​ការដឹកនាំ​ពី​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ចុះ​សិក្សា​នៅ​តំបន់​រមណីយដ្ឋាន ភ្នំ​គូលែន ដើម្បី​ត្រៀម​ដាក់​បញ្ជូន​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ អនាគត​ដ៏​ខ្លី​កម្ពុជា និង​មាន​ភ័ព្វវាសនា​ពិតប្រាកដ​មួយ​ថា រមណីយដ្ឋាន​ភ្នំ​គូលែន អង្គការ​បេតិកភណ្ឌ​ពិភពលោក​បាន​វាយ​តំលៃ ហើយ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​សំរាប់​មនុស្សជាតិ ទូទៅ​ជាក់​ជាពុំខាន​។​
​    ​
​យោងតាម​ទស្សនាវដ្ដី​ស្រាវជ្រាវ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ដ​សៀមរាប បានចេញ​ឆ្នាំ​ទី​១ លើក​ទី​២ បានឱ្យដឹងថា ភ្នំ​គូលែន​ស្ថិតនៅ​ប៉ែក​ខាងជើង ឆៀង​ខាងកើត​ទីរួមខេត្ដ​សៀមរាប និង​មាន​ចំងាយ ៥៣ គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​សៀមរាប​។ ភ្នំ​នេះ​មាន​រយៈ​កំពស់ ៤៩២ ម៉ែត្រ គេ​អាច​ឡើង​ទៅលើ​ភ្នំ​បាន​យ៉ាង​ងាយស្រួល តាមរយៈ​រថយន្ដ ឬក៏​ថ្មើរជើង​ក៏បាន​។ ទៅដល់​ជើង ភ្នំ​គេ​សង្កេតឃើញ​មាន​ផ្ទាំង​ថ្ម​ធំៗ​ហាក់់ដូច​បី​ជា​ជញ្ជាំង នៃ​នាវា​ដ៏​ធំ​មួយ​ដែល​ចត​នៅ​កណ្ដាល​ទី​ស្មសាន រំលេច​ដោយ​សម្រស់​ស្រស់ត្រកាល និង​បង្កប់​នូវ​អាថ៌កំបាំង​ដ៏​សន្ធឹកសន្ធាប់​នា​អតីតកាល​សម័យអង្គរ ដែលជា​រមណីយដ្ឋាន​មួយ​ក្នុងចំណោម​រមណីយដ្ឋាន​ជាច្រើន​នៅ​ខេត្ដ​សៀមរាប​។​
​    ​
​ជួរ​ភ្នំ​គូលែន​ចែកជា​២ ដោយ​ខាងកើត និង​ខាងត្បូង​ហៅថា​ភ្នំ​គូលែន និង​ប៉ែក​ខាងជើង ទៅខាង​លិច​ហៅថា​ភ្នំ​ហប់​។ ប​ច្នុ​ប្បន្នដោយ​ប្រទេសជាតិ​ទទួលបាន​នូវ​សន្ដិភាព ស្ថេរភាព នយោបាយ​ល្អ​ធ្វើឱ្យ​រមណីយដ្ឋាន​ភ្នំ​គូលែន​មួយ​នេះ​បាន​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ និង​មាន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី មក​តាំង​ទីលំនៅ​ប្រកប​អាជីវកម្ម កសិកម្ម យ៉ាងច្រើន​កុះករ​។ ភ្នំ​គូលែន​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រ​វ​ត្ដិ​សាស្ដ្រ​ជាច្រើន​ដូចជា ទឹកធ្លាក់ , ព្រះអង្គ​ធំ , ស្រះ​ដំរី , វាល​ស្ដេច​គម្លង់ , វាល​ព្រះ​សព , វាល​ព្រះ​ក្រាល , សំពៅ​ធ្លាយ​។​ល​។
​    ​
​ទឹកធ្លាក់​ជា​ប្រភព​ទាក់ទាញ​ជាងគេ ព្រោះ​វា​ជា​ប្រភពដើម​របស់​ស្ទឹង​សៀមរាប ហូរ​កាត់​កណ្ដាល​ទីរួមខេត្ដ​ចាក់​ឆ្ពោះទៅ បឹង​ទន្លេសាប មាន​ទឹកថ្លា​យ៉ង់​ជាទី​និយម​របស់​អ្នកដំណើរ​កំសាន្ដ ក្នុងការ​មុជទឹក​ជ្រោះ​ធ្លាក់​សំ​យ៉ុង​ទៅ​ប៉ះ​និង​ថ្មដា​បែក​ផ្កាត្រែង​។ នៅក្បែរ​ទឹកជ្រោះ​ធ្លាក់​មាន​ប្រាសាទ ២ ធ្វើ​ពី​ថ្មបាយក្រៀម សង់​អម​សងខាង​មាត់​អូរ ដែល​គេ​ឱ្យ​ឈ្មោះថា ក្រោល​មាស​។ ប៉ុន្ដែ​នៅ​ប៉ែក​ខាងលិច​ត្រូវ​ដួលរលំ និង​បាត់​ថ្ម​អស់​មួយចំនួនធំ​នៅសល់តែ​ខឿន​ជញ្ជាំង​បន្ដិចបន្ដួច​តែប៉ុណ្ណោះ​៕

 រមណីយដ្ឋាន​ភ្នំ​គូលែន​មាន​ភាព​ទាក់ទាញ​បំផុត​សំរាប់​ភ្ញៀវ

 រមណីយដ្ឋាន​ភ្នំ​គូលែន​គ្រោង​ស្នើសុំ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​

What Next?

Recent Articles