ភ្នំពេញ: ខណៈពេលបានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសាឆ្នាំ២០១៣ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានជាច្រើននៅក្នុងរាជធានីភ្នំពេញ នូវអ្វីដែលគណៈប្រតិភូកម្ពុជា បានតស៊ូជាមួយភាគីថៃ អំពីបញ្ហាតំបន់ជុំវិញប្រាសាទព្រះវិហាររបស់កម្ពុជា នៅឯតុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ។
ថ្ងៃទី 22 មេសា 2013
ដោយ: មុនីរាជ
CEN
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានជាតិ និងអន្តរជាតិថា ” ក្នុងមួយសប្តាហ៍កន្លងទៅនេះ យើងបានតស៊ូជាមួយថៃ អំពីបញ្ហាតំបន់ជុំវិញប្រាសាទព្រះវិហារ ហើយមិនមែនបញ្ហាប្រាសាទព្រះវិហារទេ។ បញ្ហាប្រាសាទព្រះវិហារ ថៃទទួលស្គាល់ថា ជារបស់កម្ពុជាហើយ។ បញ្ហាគឺនៅត្រង់តំបន់ជុំវិញប្រាសាទព្រះវិហារ ហើយកម្ពុជា បានស្នើសុំឲ្យតុលាការអន្តរជាតិ ធ្វើការបកស្រាយ លក្ខខណ្ឌដែលតុលាការបកស្រាយវិសាលភាព និងសាលក្រមអត្ថន័យ និងវិសាលភាពនៃសាលក្រម ឆ្នាំ១៩៦២ ឲ្យតុលាការបកស្រាយ ហើយយើងបានបកស្រាយតាមផ្លូវច្បាប់ ថាអត់មានទំនាស់ពីអត្ថន័យនៃវិសាលភាពនៃសាលក្រមនៃឆ្នាំ១៩៦២ គឺទំនាស់តាំងពីឆ្នាំ១៩៦២ ខែកក្កដា ប៉ុន្មានថៃ្ងក្រោយពីសាលក្រមខែមិថុនា ឆ្នាំ១៩៦២ ថៃបានធ្វើរបងខ្សែលួស មុខប្រាសាទព្រះវិហារ ដែលនៅប៉ុន្មានម៉ែត្រមុខប្រាសាទនេះ ជាអំពើធ្វើឯកតោភាគីមិនស្របច្បាប់របស់ថៃ “។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានបញ្ជាក់ថា ” ថៃបានលើកយកផែនទីជាច្រើនមកនិយាយ ក្នុងនោះផែនទីបែងចែកទឹក ដែលតុលាការបានទាត់ចោល “។ លោកឧបនាយករដ្ឋមន្ត្រី បាននិយាយថា ចំពោះការបកស្រាយសាលក្រមយ៉ាងណានោះ មិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែតាមការប្រមើលមើលរបស់លោកការបកស្រាយ អាចមុនដំណាច់ឆ្នាំនេះ។ ខាងកម្ពុជានៅរង់ចាំតុលាការបកស្រាយ ដោយកម្ពុជាបានពន្យល់អំពីមូលហេតុច្បាស់អស់ហើយ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ” ការតទល់គ្នារវាងកម្ពុជានិងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ អាកប្បកិរិយារបស់ថៃ បានបង្ហាញនូវភាពក្រឡិចក្រឡុច ហើយបានយកផែនទីទឹក មកនិយាយដដែលៗ បានធ្វើការមួលបង្កាច់មកលើកម្ពុជា “។
លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ” សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាននិយាយជាមួយលោកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ព្រមទាំងរូបលោកក៏ធ្លាប់បាននិយាយជាមួយលោកស្រី យីង ឡាក់ ផងដែរថា ទោះបីជាតុលាការសម្រេចយ៉ាងណាក្តី យើងត្រូវរក្សាភាពស្ងប់ស្ងៀម អនុវត្តន៍ដោយស្ងៀមស្ងាត់ ស្រុះស្រួលគ្នាអនុវត្តន៍តាមតុលាការនេះ “៕