មេ​បញ្ជាការ​ខ្មែរ​ក្រហម​មិន​ផ្តល់​កិច្ច​សហការ​ល្អ​ជាមួយ​សាលា​ក្តី

ភ្នំពេញៈ អតីត​មេ​បញ្ជាការ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ប្រចាំ​នៅ​តំបន់​ភ្នំ​វល្លិ លោក​ឈូក រិន ដែល​បច្ចុប្បន្ន​ជា​ទណ្ឌិត​នៅ​ពន្ធនាគារ​ព្រៃស បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត មិន​ព្រម​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះ​រាជ​អាជ្ញា​សាលា​ក្តី​ខ្មែរ​ក្រហម​ឡើយ​ស្ទើរ​ពេញ​មួយ​ព្រឹក​ម្សិល​មិញ​ជា​អ្វី​ដែល​សាក្សី​រូប​នេះ បាន​លើក​ហេតុផល​ថា ខ្លួន​មាន​ជំងឺ​ឈឺ​ក្បាល​និង​ឈឺ​ក ហើយ​ទាមទារ​ឲ្យ​សាលា​ក្តី​ជួយ​ធ្វើ​ការ​ព្យាបាល​ជា​មុន។

 

Tuesday, 23 April 2013
Justine Drennan
ភ្នំពេញ ប៉ុស្តិ៍

ឈូក រិន​ អតី​ត​មេ​បញ្ជាការ​កងទ័ព​ខ្មែរ​ក្រ​ហម​ប្រ​ចាំ​នៅ​តំបន់​ភ្នំ​វល្លិ ក្នុង​ខេត្ត​កំពត​ ឡើង​ធ្វើ​កា​សិណ​ នៅ​សាលា​ក្ដី​ខ្មែរ​ក្រ​ហម​កាលពី​ថ្ងៃ​ម្សិល​មិញ​។ រូបថត ECCC Pool

 

លោក ឈូក រិន អាយុ ៦០ ឆ្នាំ ដែល​ជា​ទណ្ឌិត ជាប់​ពន្ធនាគារ​ព្រៃ​ស ជាង​១០ ឆ្នាំ​មក​ហើយ ក្នុង​ចំណោម​ទោស​មួយ​ជីវិត​ពី​បទ​វាយ​ឆ្មក់​រថភ្លើង​កាល​ពី​ឆ្នាំ​១៩៩៤ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​១៣​នាក់ ក្នុង​នោះ​ក៏​មាន​ជន​បរទេស ៣ នាក់​ផង​ដែរ បាន​ចូល​ទៅ​ឆ្លើយ​ជា​កស្សិណ ក្នុង​នាម​ជា​សាក្សី នៅ​សាលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ម្សិល​មិញ​។

នៅ​មុន​ពេល​បដិសេធ មិន​ព្រម​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះ​រាជ​អាជ្ញា ឈូក រិន បាន​ស្នើ​ឲ្យ​សាលា​ក្តី ដោះ​លែង​លោក​ខៀវ សំផន អតីត​ប្រធាន​គណ​ប្រធាន​រដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម ជា​អ្វី​ដែល​សាក្សី​រូប​នេះ បាន​អះ​អាង​ថា ខៀវ សំផន មិន​មាន​តួនាទី​អ្វី​សំខាន់ នៅ​ក្នុង​បក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ ឈូក រិន ក៏​បាន​ស្នើ​ឲ្យ​សាលា​ក្តី ពន្លឿន​ដំណើការ​ក្តី​ឲ្យ​បាន​ឆាប់​ផង​ដែរ ដើម្បី​ឲ្យ​ទាន់​វ័យ​ចាស់​ជរា​របស់​នួន ជា បង​ធំ​ទី​ពីរ បន្ទាប់​ពី​លោក​ស្រី អៀង ធីរិទ្ធ មាន​ជំងឺ​បាត់​បង់​ការ​ចង​ចាំ ហើយ​លោក​អៀង សារី បាន​ស្លាប់​។

ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក រិន បាន​ថ្លែង​ថា៖«​សាលា​ក្តី​ដឹង​ហើយ​ថា ខ្ញុំ​មាន​ជំងឺ​ឈឺ​ក និង​ឈឺ​ក្បាល មិន​អាច​ឆ្លើយ​ទៅ​នឹង​សំណួរ​បាន​ឡើយ»។ សាក្សី​រូប​នេះ បាន​ទទូច​ឲ្យ​សាលា​ក្តី​ពន្យារ​ពេល​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក ហើយ​ធ្វើ​ការ​ព្យាបាល​រូប​លោក​ឲ្យ​បាន​ជា​សះ​ស្បើយ​ជា​មុន ទើប​លោក​អាច​មាន​ស្មារតី​គ្រប់​គ្រាន់​ឆ្លើយ​ទៅ​នឹង​សំណួរ​ផ្សេងៗ​បាន​។


ប៉ុន្តែ​លោក និល ណុន ប្រធាន​អង្គ​ជំនុំ​ជម្រះ បាន​ប្រាប់​លោក រិន ថា បន្ទាប់​ពី​ទទួល​បាន​លិខិត​របស់​គាត់ តុលាការ​បាន​សម្រេច​ថា គាត់​នៅ​តែ​ត្រូវ​ផ្តល់​ចម្លើយ​កសិ្សណ ដោយ​សារ​តែ​សារៈ​សំខាន់​របស់​គាត់​ក្នុង​នាម​ជា​សាក្សី ហើយ​គ្មាន​លិខិត​បញ្ជាក់​អំពី​ជំងឺ​ដែល​នឹង​ប៉ះពាល់​ដល់​ការ​ផ្តល់​ចម្លើយ​កសិ្សណ​របស់​គាត់​ឡើយ។

ប៉ុន្តែ យ៉ាង​ណា​ក្តី លោក រិន នៅ​តែ​បន្ត​បដិសេធ​ដោយ​មិន​ឆ្លើយ​សំណួរ​ទេ ដោយ​ថ្លែង​ជា​ដដែលៗ​តប​វិញ​ថា លោក​មាន​ជំងឺ​។

លោក​ចៅ​ក្រម Silvia Cartwright បាន​ថ្លែង​ថា​៖ «​លោក ឈូក រិន លោក​ត្រូវ​តែ​ឆ្លើយ​សំណួរ​នៅ​ពេល​នេះ​ពី​ព្រោះ​វា​មិន​ច្រើន​ទេ​ហើយ​ក្នុង​ពេល​នេះ យើង​អាច​ស្តាប់​បាន​ព័ត៌មាន​មាន​ប្រយោជន៍​ពី​លោក។ ដូច្នេះ ខ្ញុំ​សូម​ស្នើ​លោក​កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា​អី​»។

លោក Victor Koppe មេធាវី​ការ​ពារ​ក្តី​លោក នួន ជា បាន​កត់​សម្គាល់​ថា៖ «​វា​ច្បាស់​ចំពោះ​យើង និង​អ្នក​រាល់​គ្នា​នៅ​តុលាការ​ថា សាក្សី​ម្នាក់​នេះ​ជា​អ្នក​ចរចា​ដ៏​រឹង​ម្នាក់​»។

ដោយ​ហៅ​លោក រិន ថា​ជា «សាក្សី​អរិភាព​» ម្នាក់​លោក Keith Raynor សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ បាន​ស្នើ​លើក​ចម្លើយ​កាល​ពី​មុន​របស់​លោក រិន ហើយ​ស្នើ​លោក​រិន គ្រាន់​តែ​បញ្ជាក់​ថា​ពិត ឬ​មិន​ពិត។

ប៉ុន្តែ​លោក រិន បាន​ឆ្លើយ​តប​នឹង​សំណួរ​ជា​ច្រើន​ដោយ​គ្រាន់​តែ​និយាយ​ថា៖ «​សូម​បន្ត​អាន​សូម​អាន​បន្ត»។

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ជិត​ដល់​ថ្ងៃ​ត្រង់ លោក រិន បាន​ចាប់​ផ្តើម​បញ្ជាក់​អំពី​សេចក្តី​ថ្លែង និង​កែ​តម្រូវ​ថ្ងៃ​ខែ​។ មុន​ពេល​ថ្ងៃ​ត្រង់ លោក​បាន​ផ្តល់​ចម្លើយ​ដ៏​វែង​បើ​ទោះ​បី​ជា​មិន​ចំ​សំណួរ​ក៏​ដោយ។

ថ្លែង​អំពី​ការ​ធ្វើ​វិសុទ្ធកម្ម​ជា​ញឹក​ញាប់​ក្នុង​ជួរ​ខ្មែរ​ក្រហម លោក​បាន​ប្រាប់​តុលាការ​ថា៖ «​យើង​ជា​កម្មាភិបាល​ជាន់​ទាប ពេល​យើង​ចូល​មិន​អាច​ចេញ​បាន​ទេ… យើង​ជា​ឧបករណ៍​ដែល​ប្រើ​ប្រាស់​ដោយ​បក្ស​»។ ពេញ​មួយ​ថ្ងៃ លោក រិន បាន​ចង្អុល​លោក នួន ជា ថា​ជា​មេ​គំនិត​នៃ​សកម្មភាព​បក្ស​។ លោក រិន បាន​បន្ត​ថា៖ «​សម័យ​នោះ លោក នួន ជា បាន​បញ្ជា​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ច​ការ​នានា​…​ខ្ញុំ​ភ័យ​ខ្លាច​គេ​សម្លាប់​ខ្ញុំ ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​ទេ​នោះ»។ លោក រិន បាន​ប្រាប់​តុលាការ​ទៀត​ថា៖ «ជា​មេ​បញ្ជាការ​ខ្មែរ​ក្រហម ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដូច​លោក នួន ជា ដែល​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ទេ​»៕ TK


 

What Next?

Recent Articles