ភ្នំពេញៈ អតីតកម្មករចំនួនជិត ១០០ នាក់ របស់រោងចក្រកាត់ដេរ Horus Industrial បាននាំគ្នាធ្វើការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីទាមទារឲ្យម្ចាស់ក្រុមហ៊ុន បើកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលនៅសល់ដល់ពួកគេ ដែលបានជំពាក់ពួកគេ ចាប់តាំងពីរោងចក្របានបិទទ្វារកាលពីខែវិច្ឆិកា។
Thursday, 25 April 2013
សែន ដាវីត
ភ្នំពេញ ប៉ុស្តិ៍

អតីតកម្មករចំនួនជិត ១០០ នាក់ របស់រោងចក្រកាត់ដេរ Horus Industrial បាននាំគ្នាធ្វើការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថត ម៉ៃ វីរៈ
កាលពីខែមករា ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបញ្ជាឲ្យក្រុមហ៊ុនសងប្រាក់ដែលនៅសល់ទាំងនេះទៅកម្មករប្រមាណ ១២០០ នាក់ ប៉ុន្តែបួនខែក្រោយមក រោងចក្រក្នុងរាជធានីភ្នំពេញនៅតែមិនបើកប្រាក់នោះ។ នេះបើតាមកម្មករចំនួន៨៩ដែលបានតវ៉ាកាលពីម្សិលមិញ។
កង សុភាព អតីតកម្មករនៅរោងចក្រនេះ បានថ្លែងថា៖ «យើងបានចំណាយពេលយ៉ាងច្រើនដើម្បីតវ៉ា»។ «វាស៊ីពេលវេលារបស់យើង យើងអាចយកពេលវេលានោះទៅស្វែងរកការងារដទៃបាន»។
យន់ ឡា អតីតកម្មករម្នាក់ទៀត បានថ្លែងថា រោងចក្រជំពាក់ប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍កម្មករមួយចំនួនរហូតដល់ ១០០០ ដុល្លារ។
ក្រុមហ៊ុនមិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីម្សិលមិញ។
ទន្ទឹមនេះ រោងចក្រ MH Bio-Energy ដែលជារោងចក្រផលិតជីវៈឥន្ធនៈ នៅរាជធានីភ្នំពេញ ដែលផលិតកម្មរបស់រោងចក្រនេះបានព្យួរដំណើរការបណ្តោះអាសន្នក្នុងឆ្នាំ២០០៩ ដោយសារបញ្ហាបំពុលបរិស្ថាន កំពុងធ្វើឲ្យមានការរិះគន់ជាថ្មីម្តងទៀតពីសំណាក់ក្រុមកម្មករដែលបានអះអាងថា រោងចក្របានបណ្តេញកម្មករ ១០នាក់ចេញពីការងារដោយមិនផ្តល់ប្រាក់បំណាច់ដល់ពួកគេទៅតាមច្បាប់ ដោយលើកឡើងនូវលេសថា ពួកគេផឹកស្រានៅកន្លែងការងារ។
លោក សេក សុគន្ធា ដែលជាកម្មករម្នាក់ក្នុងចំណោមកម្មករដែលត្រូវបានគេបញ្ឈប់ពីការងារ បានអះអាងថា លោកមិនបានផឹកស្រាក្នុងអំឡុងម៉ោងធ្វើការងារទេ ប៉ុន្តែគ្រាន់តែក្នុងអំឡុងអាហារថ្ងៃត្រង់ ហើយលោកបន្ទាប់មកបានស្នើសុំសម្រាក។
លោកបន្តថា រោងចក្រជំពាក់ខ្ញុំចំនួន ៤ ០០០ ដុល្លារ។
លោក ជ័យ សុវណ្ណ ប្រធានសហព័ន្ធសហជីពអំណាចកម្មករខ្មែរ បានថ្លែងថា លោកបានដាក់បណ្តឹងទៅអាជ្ញាធរនៅពេលរោងចក្រខកខានមិនគោរពទៅតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបញ្ជាឲ្យយកពួកគេចូលធ្វើការវិញ។
លោកបានថ្លែងបន្តថា កម្មករជាង១០០នាក់នឹងនាំគ្នាធ្វើកូដកម្មនៅថ្ងៃទី២ ឧសភា ដើម្បីទាមទារឲ្យយកកម្មករដែលត្រូវបានបញ្ឈប់ទាំងនោះចូលធ្វើការវិញ និងទាមទារឲ្យកែលម្អលក្ខខណ្ឌការងារ។
តំណាងរោងចក្រ MH Bio-Energy ដែលសុំមិនបញ្ចេញឈ្មោះបានបដិសេធថា ក្រុមហ៊ុនមិនបានប្រព្រឹត្តខុសទៅលើកម្មករទាំងនោះទេ ប៉ុន្តែការទាមទារឲ្យយកកម្មករទាំងនោះចូលធ្វើការវិញ វាហាក់បីដូចជាបង្ហាញថាកម្មករប្រព្រឹត្តខុសទៅលើពួកគេ។ PS