លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣ខ្នង ដែលសង់អំពីឈើ ប្រក់ក្បឿងជាប់ៗគ្នា ត្រូវបានអគ្គិភ័យលេបត្របាក់ ទាំងកណ្ដាលអធ្រាត្រ ខ្ទេចខ្ទីគ្មានសល់ទាំងសម្ភារ និង របស់របរប្រើបា្រស់ ក្នុងពេលតែមួយប៉ប្រិចភ្នែក ដោយមិនដឹងមូលហេតុ។
យូ គីម
Thursday 25 April 2013
The Free Press Magazine
អគ្គិភ័យដែលកើតឡើងធ្វើឱ្យភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតៗ គ្នាខាងលើនេះបានកើតឡើងនៅវេលា ម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្ដតាកែវ ។
បើតាមរបាយការណ៍របស់មន្ត្រីសាលាស្រុកអង្គរបុរីបានឲ្យដឹងថា លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះដោយសារភ្លើងឆាបឆេះនោះមានផ្ទះមានចំនួន៣ខ្នង ដោយ២ខ្នងទំហំ៦គុណនឹង៨ម៉ែត្រ ធ្វើអំពីឈើលើ បេតុងក្រោម រីឯមួយខ្នងទៀតទំហំ១០ម៉ែត្រគុណនឹង៥ម៉ែត្រ ជាកម្មសិទ្ធិ របស់ទី១- ឈ្មោះ មុំ វណ្ណី ភេទប្រុសអាយុ២៧ឆ្នាំ, ទី២- ឈ្មោះ យា ហួត ភេទស្រីអាយុ៧៥ឆ្នាំ,និង ទី៣- ឈ្មោះ វ៉ាង វិបុល ភេទប្រុស អាយុ៤៣ឆ្នាំ។ អ្នកទាំង៣មានទីលំនៅភូមិព្រៃភ្គាំគ ឃុំព្រៃភ្លុំស្រុកអង្គរបុរី ខេត្តតាកែវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ បណ្ដាលឲ្យទ្រព្យសម្បត្តិ ស្រូវអង្ករសំលៀកបំពាក់របស់ប្រើប្រាស់ត្រូវឆេះខ្ទេចខ្ទីគ្មានសល់។
នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះ លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ ព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្ដតាកែវនេះ មិនមានមនុស្សណាម្នាក់រងរបួស ឬក៏ បាត់បង់អាយុជីវិតឡើយ ប៉ុន្ដែទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋដែលពួកគាត់ ខិតខំសន្សំតាំងពីបាតដៃទទេ រហូតមក ដល់បច្ចុប្បន្ននេះគឺត្រូវបានបំផ្លាញតែ មួយប៉ប្រិចភ្នែកប៉ុណ្ណោះ ។
បើតាមការឲ្យដឹងពីមន្ត្រីសាលាស្រុកអង្គរបុរី បានឲ្យដឹងថា ជាជំហានដំបូងបានប៉ាន់ ប្រមាណនៃការខូចខាតទាំងស្រុងនូវផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋ រួមទាំងលុយ កាក់ សម្ភារ និងរបស់របរចំនួន៣គ្រួសារ ដែលរងគ្រោះនេះ សរុបជាទឹកប្រាក់ ចំនួនប្រមាណ៣០២លានរៀល តែហេតុការណ៍នេះបានកើតឡើងដោយមិនទាន់ដឹងមូលហេតុនៅឡើយ ៕