ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការត្រៀមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង១០ព្រឹក នៅទីស្តីការ គ.ជ.ប។
ថ្ងៃទី 26 មេសា 2013
ដោយ: មុនីរាជ
CEN
ជាមួយគ្នានេះ គ.ជ.ប ក៏បានចេញសេចក្តីជូនដំណឹងដល់គ្រប់គណបក្សនយោបាយ ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ផងដែរ។ សេចក្តីជូនដំណឹងនោះ បានឲ្យដឹងអំពីកាលបរិច្ឆេទ និងពេលវេលាទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។
គ.ជ.ប ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ រៀល(ដប់ប្រាំលានរៀល) សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣។ ការបង់ប្រាក់តម្កល់នេះ បានធ្វើឡើងដោយអនុលោមតាមចំណុចទី១០ មាត្រា៣៧ថ្មី ជំពូកទី៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ គ.ជ.ប ។ ទាក់ទងនឹងបញ្ហានេះ គ.ជ.ប បានសូមជូនដំណឹងដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយដែលមានបំណងចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឲ្យបានជ្រាបថា ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ត្រូវភ្ជាប់មកជាមួយនូវបង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន១៥.០០០.០០០ រៀល(ដប់ប្រាំលានរៀល)។ ប្រាក់តម្កល់នេះត្រូវបង់នៅអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងគណនីប្រាក់តម្កល់របស់ គ.ជ.ប ដែលមានគណនីលេខ ៤៧០.៨.១.២.៣០។ ប្រាក់តម្កល់នេះ នឹងត្រូវបានបង្វិលជូនទៅសាមីគណបក្សនយោបាយវិញក្នុងករណីដែលគណបក្សនយោបាយនោះបានទទួលសន្លឹកឆ្នោតយ៉ាងតិចបីភាគរយ នៃចំនួនសន្លឹកឆ្នោតបានការ ឬអាសនៈមួយក្នុងរដ្ឋសភា។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៤ ឆ្នាំ២០០៨ មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមានចំនួន ១១ រួមមាន : គណបក្សប្រជាជនកម្ពុជា, គណបក្សនរោត្តម រណឫទ្ធិ, គណបក្សសម រង្ស៊ី, គណបក្សសិទ្ធិមនុស្ស, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សប្រជាធិបតេយ្យខ្មែរ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សខ្មែរឈប់ក្រ, គណបក្សសាធារណរដ្ឋ, គណបក្សសង្គមយុត្តិធម៌, គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ៕ S