ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហមបានបញ្ចប់ការផ្តល់សក្ខីកម្មរបស់ដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ស សារិន បន្ទាប់ពីសាក្សីរូបនេះបានព្យាយាមទាមទារការការពារសុវត្ថិភាពពីរាជរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិ។ ស សារិន បានបដិសេធមិនឆ្លើយតបនឹងសំណួររបស់សហព្រះរាជអាជ្ញាឡើយ ល្គឹកណាលោកបានទទួលការការពារសុវត្ថិភាពផ្ទាល់ខ្លួនលោក និងគ្រួសារ។
ថ្ងៃ ចន្ទ 29 មេសា 2013
ដោយ លាង ដឺលុច
RFI

លោក ស សារិន អតីតអ្នកបើករថយន្តអោយកម្មាភិបាលខ្មែរក្រហម (RFI/Leang Delux)
ជាករណីមិនធ្លាប់មានតាំងពីការចាប់ផ្តើមសវនាការ ក្នុងតុលាការខ្មែរក្រហម។ ដើមបណ្តឹងរដ្ឋប្បវេណីលោក ស សារិន ដែលជាអតីតអ្នកបើករថយន្តអោយកម្មាភិបាលខ្មែរក្រហម និងគណៈប្រតិភូបរទេសដែរនោះ ត្រូវបានប្រធានសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លោកចៅក្រម និល ណុន សម្រេចបញ្ឈប់ការសាកសួរមុនកំណត់។
ការសម្រេចបែបនេះត្រូវធ្វើឡើងបន្ទាប់ពីដើមបណ្តឹងរដ្ឋប្បវេណីរូបនេះបានព្យាយាមទាមទាររកការការពារសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ។ ជាការទាមទារដែលចៅក្រមសាលាដំបូងវាយតម្លៃថា ហួសសមត្ថភាព ហើយក៏បានសម្រេចបញ្ចប់ការផ្តល់សក្តីកម្មរបស់ដើមបណ្តឹងរដ្ឋប្បវេណីរូបនេះតែម្តង។
តាមពិត ស សារិន អាយុ៥៤ឆ្នាំ បានឆ្លើយតបសំណួររបស់មេធារីដើមបណ្តឹងរដ្ឋប្បវេណី នៅព្រឹកថ្ងៃទី២៩មេសានេះ។ គឺដល់វេនសំណួររបស់សហព្រះរាជអាជ្ញាទេ ដែលអតីតអ្នកបើកបររថយន្តអោយកម្មាភិបាលខ្មែរក្រហមរូបនេះបានផ្តើមទាមទាររកការធានាសុវត្ថិភាពតែម្តង ហើយមិនបានព្រមឆ្លើយសំណួររបស់សហព្រះរាជអាជ្ញាឡើយ។
មេធាវីដើមបណ្តឹងរដ្ឋប្បវេណីបានសុំពេលវេលាពីចៅក្រមដើម្បីជួប និងពន្យល់អោយដើមបណ្តឹងរូបនេះបន្ទន់ឥរិយាបទ ដើម្បីសហការជាមួយតុលាការ។ ប៉ុន្តែគ្មានលទ្ធផលឡើយ លោក ស សារិន នៅតែលើកឡើងការទាមទាររបស់លោកដដែល ជាថ្នូរនឹងការឆ្លើយសំណួររបស់សហព្រះរាជអាជ្ញា។
មន្ត្រីជាន់ខ្ពស់របស់តុលាការខ្មែរក្រហមមួយរូបបានអត្ថាធិប្បាយការទាមទាររបស់លោក ស សារិន ជាការទាមទារហួសពីអ្វីដែលចែងនៅក្នុងវិធានផ្ទៃក្នុង នៃសាលាក្តីខ្មែរក្រហម។ ហើយថា តាមពិត វាមានហើយការការពារដែលផ្តល់ដោយអង្គភាពគាំពារសាក្សីនោះ។
គួរបញ្ជាក់ថា ក្រោយការបញ្ចប់ការផ្តល់សក្ខីកម្មរបស់លោក ស សារិន មុនកំណត់នេះ សាលាដំបូងក៏បានបន្តស្តាប់សាក្សីមួយរូបនេះ។ សវការនៅពេលនេះនឹងបន្តរហូតដល់ដល់ថ្ងៃទី៩ ឧសភា។
គួររម្លឹកថា ចាប់ពីផ្តើមដំណើរការសំណុំរឿង០០២មក សវនាការមានរយៈពេល១៧២ថ្ងៃហើយ ហើយសវនាការក៏បានស្តាប់សាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញសរុបជាង៦០ហើយដែរ៕

