ក្រុមកម្មករស្ទើរគ្រប់វិស័យនិងគ្រូបង្រៀន បានហែក្បួនពីទីលានប្រជាធិបតេយ្យយកញត្តិដែលមានចំនួន ១៣ចំណុច ដាក់ជូនទៅអ្នកតំណាងរាស្ត្រដោះស្រាយ ប្រសិនជាបានជាប់ឆ្នោតរដ្ឋាភិបាលថ្មីនៅអាណត្តិក្រោយ។
ដោយ ខែ សុណង
2013-05-01
RFA

កម្មករកម្មការិនីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ លើកបដាហែញត្តិយកទៅដាក់នៅរដ្ឋសភា នៅក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា។ RFA/Den Ayuthyea
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ដែលជាមេដឹកនាំសហជីពមួយរូបក្នុងចំណោមសហជីព និងសមាគមបានថ្លែងថា គោលបំណងធំនៅពេលនេះគឺស្នើសុំអ្វីដែលពាក់ព័ន្ធនឹងលក្ខខណ្ឌការងារប៉ុណ្ណោះ។ លោកថា ការទាមទារចម្បងពេលនេះ គឺការដំឡើងប្រាក់ខែកម្មករយ៉ាងហោចណាស់ ១៥០ដុល្លារ សម្រាប់មន្ត្រីរាជការដំឡើងប្រាក់ខែឲ្យបាន ១លាន ឬប្រហែល ២៥០ដុល្លារ។ លោកសង្ឃឹមថា ញត្តិនេះនឹងដល់ដៃអ្នកតំណាងរាស្ត្រយកទៅពិចារណាមិនបោះចោលនោះទេ។
អ្នកចូលរួមហែក្បួនដែលភាគច្រើនជាកម្មករកម្មការិនីវិស័យដេរសំលៀកបំពាក់ បានលើបដាពាក្យស្លោកអំពីការត្អូញត្អែរក្នុងជីវភាពរបស់ពួកគេ និងសុំឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល និងខ្លះគូសលើថ្ពាល់សញ្ញាសម្គាល់ប្រាក់ដុល្លារជាដើម។
កម្មការិនី ចៅ ស៊ីនួន ធ្វើការនៅរោងចក្រស្ថិតក្នុងសង្កាត់ទឹកថ្លា ដែលយកលុយដុល្លារថតចម្លងពាក់ពេញលើរាងកាយ បានថ្លែងថា នាងមិនពេញចិត្តចំពោះប្រាក់ខែដែលនាងបានខិតខំធ្វើការសព្វថ្ងៃឡើយ។
ញត្តិរបស់សហជីពកម្មករសម្រាប់ទិវាពលកម្មអន្តរជាតិលើកទី១២៧ ឆ្នាំ២០១៣នេះ មាន ១៣ចំណុច។ ក្នុងនោះរួមមានការទាមទារដំឡើងប្រាក់ខែកម្មករយ៉ាងហោចណាស់ ១៥០ដុល្លារ សម្រាប់មន្ត្រីរាជការដំឡើងប្រាក់ខែឲ្យបាន ១លានរៀល ស្នើឲ្យរដ្ឋាភិបាលជំរុញក្រុមហ៊ុនដាក់ប្រាក់អតីតភាពកម្មករតម្កល់នៅធនាគារជាតិដើម្បីទុកបើកឲ្យកម្មករនៅពេលក្រុមហ៊ុនបិទទ្វាររោងចក្រ។ បញ្ចុះតម្លៃសាំង ព្រមទាំងទាមទារលក្ខខណ្ឌការងារល្អមួយចំនួនទៀត។
ញត្តិនេះទៀតសោត បានជំរុញឲ្យរដ្ឋាភិបាល និងតុលាការចាត់វិធានការចំពោះជនសង្ស័យ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ក្នុងសំណុំរឿងបាញ់កម្មករ ៣នាក់ឲ្យរបួស និងជំរុញឲ្យរដ្ឋាភិបាលស្វែងរកឃាតកពិតដែលបានបាញ់សម្លាប់លោក ជា វិជ្ជា ហើយដោះលែង ប៊ន សំណាង និងលោក សុខ សំអឿន ដែលជាប់ចោទពីបទបាញ់សម្លាប់មេដឹកនាំសហជីពលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤។
យ៉ាងណាក៏ដោយ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាច្រើននាក់ និងអ្នកតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច បានចេញមកថ្លែងការណ៍ និងទទួលញត្តិពីកម្មករ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងយកខ្លឹមសារនៃការស្នើសុំនៅក្នុងញត្តិនេះដាក់ក្នុងគោលនយោបាយរបស់បក្ស ហើយនឹងដោះស្រាយទៅជូនតាមសំណើរបស់កម្មករ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆ្លើយតបចំពោះការស្នើសុំរបស់កម្មករបានទេនៅថ្ងៃទី១ ឧសភា បានទេ។
ក្នុងការហែក្បួននោះ បានបញ្ចប់ទៅបន្ទាប់ពីអ្នកតំណាងរាស្ត្រទទួលយកញត្តិពីកម្មករ ហើយពុំមានការប៉ះទង្គិច ឬមានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

កម្មករកម្មការិនីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។

កម្មករតែងខ្លួនតំណាងថៅកែក្រុមហ៊ុន និងតំណាងកម្មករ។

កម្មករលើកបដារូបភាពគូររៀបរាប់ពីប្រាក់ខែចាយមិនគ្រប់។

អ្នកធ្វើការក្នុងវិស័យកម្សាន្តសប្បាយ ចូលរួមហែឲ្យឈប់រើសអើងលើស្ត្រី។

កម្មករកម្មការិនីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យស្រែកទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល។

មេដឹកនាំសហភាពសហជីព និងសមាគម មុនចេញក្បួនដង្ហែនៅទីលានប្រជាធិបតេយ្យ។

កម្មករកម្មការិនីចាប់ផ្ដើមហែចេញពីទីលានប្រជាធិបតេយ្យ។

កម្មករកម្មការិនីចាប់ផ្ដើមហែចេញពីទីលានប្រជាធិបតេយ្យ។

ក្រុមគ្រួសារ ប៊ន សំណាង និង សុខ សំអឿន មកចូលរួមហែក្បួនទាមទារដោះលែងអ្នកទាំងពីរ។

ប្រជាពលរដ្ឋរង់ចាំក្បួនដង្ហែតាមផ្លូវលេខ១០៨។

ក្រុមកម្មករហែក្បួនធ្វើពិធីប្រោះព្រំនៅតាមដងវិថីព្រះស៊ីសុវត្ថិ ខាងមុខព្រះបរមរាជវាំង។

រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ត្រូវសាលារាជធានីចតត្រៀមនៅក្បែររដ្ឋសភា។

ក្រុមកម្មករជិះឡានចូលរួមហែក្បួន។

កម្មករហែក្បួនតាមវិថីស៊ីសុវត្ថិខាងមុខព្រះបរមរាជវាំង។

កម្មករហែក្បួន និងឈប់ធ្វើពិធីបួងសួងខាងមុខព្រះបរមរាជវាំង។

កម្មករក្នុងវិស័យកាត់ដេរទាមទារអោយនិយោជកបញ្ឈប់ការបង្ខំអោយថែមម៉ោង។

គ្រូបង្រៀនទាមទារអោយរដ្ឋាភិបាលចាត់វិធានការចំពោះអំពើពុករលួយ។

អ្នកប្រកបរបរមិនផ្លូវការទាមទាររកដំណោះស្រាយចំពោះកន្លែងលក់ដូរតាមដងផ្លូវ។

ក្រុមសហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងព្រះសង្ឃរួមគ្នាទាមទារសិទ្ធិការងារ។

កម្មករក្នុងវិស័យកាត់ដេរបង្ហាញពីប្រវត្តិរោងចក្រកាត់ដេរនៅកម្ពុជា។

កម្មករក្នុងវិស័យកាត់ដេរបង្ហាញពីប្រវត្តិរោងចក្រកាត់ដេរនៅកម្ពុជា។

កម្មករនិយោជិតនាំគ្នាតវ៉ាដាក់ញត្តិនៅរដ្ឋសភា។

កម្មករក្នុងវិស័យកាត់ដេរបង្ហាញពីសារសំខាន់កម្មកររោងចក្រនៅកម្ពុជា។

កម្មករក្នុងវិស័យកាត់ដេរបង្ហាញពីសារសំខាន់កម្មកររោងចក្រនៅកម្ពុជា។

ទាមទារសិទ្ធិ និងភាពយុត្តិធម៌សម្រាប់ស្ត្រី។

អ្នករកស៊ីផ្លូវភេទ ជាផ្នែកមួយនៃដំណោះស្រាយ។

បញ្ឈប់ការរើសអើងទៅលើស្ត្រីរកស៊ីផ្លូវភេទ។

កម្មករទាមទារអោយស្ត្រីមានផ្ទៃពោះបានសម្រាក១ម៉ោងក្នុង១ថ្ងៃ។

កម្មករបង្ហាញរូបគំនូរពីជីវភាពកម្មករ។