ទិវាពលកម្មអន្ដរជាតិ ឬថ្ងៃទី ១ ឧសភា គឺជាថ្ងៃទី ឈប់សម្រាក និងប្រារព្ធពិធី រំឮក អនុស្សាវរិយ នៃចលនា ពលកម្ម អន្ដរជាតិ ។ ទិវាពលកម្ម អន្ដរជាតិ ជារៀងរាល់ឆ្នាំ ត្រូវគេសម្គាល់ ឃើញថា តែងមាន បាតុកម្មជាច្រើន របស់ពលករ នៅក្នុងបណ្ដា ប្រទេសនៅ លើពិភពលោក ដើម្បីទាមទារ ឱ្យមានការ គោរពច្បាប់ ការងារ ឬការទាមទារ ដំឡើង ប្រាក់ខែ ។ល។
Written by ភ្នំពេញដេលីញូវ
Wednesday, 01 May 2013
ឆ្នាំ ១៨៨៣ នៅក្រុង Chicago មហាសន្និបាទ របស់សហព័ន្ធ ការងារ អាមេរិក តាមរយៈ សេចក្ដី សម្រេចចិត្ត បានលើកឡើង យ៉ាងច្បាស់ ៖ ….. ចាប់ពីថ្ងៃទី ១ ឧសភា ឆ្នាំ ១៨៨៦ ថ្ងៃពលកម្ម របស់ពលករ ទាំងអស់ នឹងមាន ៨ម៉ោង ។ មូលហេតុ ដែលថ្ងៃទី ១ ឧសភា ត្រូវបាន គេជ្រើសរើស ជាទិវា ពលកម្ម អន្ដរជាតិ គឺដោយសារតែ នេះគឺជាថ្ងៃ ចាប់ផ្ដើមនៃ ការងារ គណនីនៅ រោងចក្រ និង ក្រុមហ៊ុន ស្ទើរតែ ទាំងអស់ នៅអាមេរិក ។ នៅថ្ងៃនេះ កិច្ចសន្យាថ្មី រវាងម្ចាស់ អាជីវកម្ម និងពលករ នឹងត្រូវបាន ចុះហត្ថលេខា ។ ម្ចាស់ក្រុមហ៊ុន រោងចក្រ អាចដឹង មុននូវ ការសម្រេចចិត្ត របស់កម្មករ និយោជិក ហើយមិនអាច រកលេស បដិសេធ បាន ។
ថ្ងៃទី ១ ឧសភា ឆ្នាំ ១៨៨៦ ដោយសារតែ ការស្នើរបស់ កម្មករ មិនត្រូវបាន គេផ្ដល់ចម្លើយ សមស្រប និងគ្រប់គ្រាន់ ក្រុមកម្មករ នៅទូទាំងអាំមេរិក ក៏បានចូលរួម ធ្វើកូដកម្ម ដើម្បីបង្កសម្ពាធ បង្ខំឱ្យម្ចាស់ ក្រុមហ៊ុន រោងចក្រ អនុវត្តតាមការ ទាមទាររបស់ កម្មករ ។ កូដកម្មដំបូង បង្អស់ ត្រូវបានធ្វើ ឡើងនៅក្រុង Chicago និងមានការ ចូលរួមពី កម្មករ ប្រមាណជា ៤០,០០០ នាក់ ។ ពួកគេបាន ជួបជុំ និងនាំគ្នា ដើរដង្ហែរនៅ តាមដងផ្លូវ ជាមួយនិង ពាក្យស្លោក “ចាប់ពីថ្ងៃនេះ តទៅ មិនមានកម្មករ ណាម្នាក់ ត្រូវធ្វើការ លើសពី ៨ម៉ោង ក្នុងមួយថ្ងៃ! ត្រូវតែ អនុវត្ត ៨ម៉ោង សម្រាប់ធ្វើការ ៨ម៉ោង សម្រាប់ ការសម្រាក និង ៨ម៉ោង ការ លំហែកាយ! ។ ព្រឹត្តិការណ៍នៅ Chicago បានទាក់ទាញ ឱ្យមានក្រុម កម្មករ នៅតំបន់ ដទៃចូលរួម ។ នៅ ថ្ងៃទី ១ ឧសភា ឆ្នាំ ១៨៨៦ នោះ ក៏មាន កូដកម្ម ចំនួន ៥,០០០ កន្លែង ត្រូវបាន ធ្វើឡើង ដោយមាន មនុស្សជាង ៣៤០,០០០ នាក់ ចូលរួម។ នៅ Washington, New York, Baltimore, Boston និងតំបន់ ជាច្រើនទៀត របស់អាមេរិក កម្មករជាង ១២៥,០០០ នាក់ ទទួលបានសិទ្ធិ ធ្វើការមួយថ្ងៃ ត្រឹមតែ ៨ម៉ោង ។
បាតុកម្មរបស់ក្រុមកម្មករ ត្រូវបានគេ រារាំង និងបង្រាប យ៉ាងចាស់ដៃ ។ និយោជក បានបណ្ដេញ កម្មករ ដែលហ៊ានចេញ ធ្វើកូដកម្ម ហើយបានជួល កម្មករពី កន្លែងដទៃ មកធ្វើការ ព្រមទាំងបាន ជួលពួក សង្គមងងឹត និងនគរបាល មកធ្វើការ បង្រាប កម្ទេច ចលនា នានា របស់ កម្មករ ។ ពិសេសនៅ Chicago នគរបាល បានបាញ់សម្លាប់ កម្មករដែល មិនមានអាវុធ រាប់រយនាក់ ។ ការប៉ះទង្គិច រវាងកម្មករ និងនគរបាល បានបណ្ដាលឱ្យ មនុស្ស រាប់រយនាក់ ត្រូវស្លាប់ និងរងរបួស មេដឹកនាំ កម្មករ ជាច្រើនត្រូវ បាន ចាប់ខ្លួន បង្កើតបានជា ព្រឹត្ដិការណ៍ សម្លាប់រង្គាល Haymarket ឆ្នាំ ១៨៨៦ នៅ Chicago អាមេរិក ។ ប៉ុន្ដែ ចុងក្រោយ ក្រុមនិយោជក ក៏ត្រូវទទួលយក ការស្នើ របស់កម្មករ ។
ថ្ងៃទី ២០ មិថុនា ឆ្នាំ ១៨៨៩ បីឆ្នាំក្រោយ បន្ទាប់ពី ព្រឹត្តិការណ៍ សម្លាប់រង្គាល នៅក្រុង Chicago ក្រុមកុម្មុយនិស អន្ដរជាតិ ទីពីរ បានប្រជុំនៅ ក្រុង បារីស។ ក្រោមការ ដឹកនាំរបស់ Friedrich Engels សន្និបាទ លើកទីមួយ របស់ ក្រុមកុម្មុយនិស អន្ដរជាតិ ទីពីរ បានសម្រេច យកថ្ងៃទី ១ ឧសភា រៀងរាល់ឆ្នាំ ធ្វើជាថ្ងៃ លើកកម្ពស់ និងតស៊ូរួម របស់វណ្ណៈអធន នៃបណ្ដាប្រទេស ក្នុងពិភពលោក ។
ចាប់ពីពេលនោះមក ថ្ងៃទី ១ ឧសភា បានក្លាយជា ទិវាពលកម្ម អន្ដរជាតិ ថ្ងៃតស៊ូរបស់ វណ្ណៈកម្មករ ថ្ងៃសម្រាក ថ្ងៃបុណ្យ របស់កម្មករ និយោជិក ទូរទាំង ពិភពលោក ។
ឆ្នាំ ១៩២០ ក្រោមការ យល់ព្រមរបស់ Lenin សូវៀត (រុស្ស៊ី បច្ចុប្បន្ន) បានក្លាយជា ប្រទេសដំបូងគេ ដែលអនុញ្ញាតឱ្យ ពលរដ្ឋសម្រាក ការងារក្នុង ទិវាពលកម្ម អន្ដរជាតិ ១ឧសភា។ ក្រោយមក គំនិតនេះ ក៏ត្រូវបាន ប្រទេសជាច្រើន ផ្សេងទៀត យល់ស្រប ជាបន្ដ បន្ទាប់ ។
ថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៣ នេះ គឺជាថ្ងៃខួប លើកទី 227ឆ្នាំ នៃ ទិវាពលកម្ម អន្ដរជាតិ ។ នៅក្នុងថ្ងៃ ទី ១ ឧសភា ឆ្នាំ ២០១៣ នេះ ដែរ កម្ពុជា ក៏នឹងរៀបចំ ព្រឹត្តិការណ៍ ជាច្រើន ទាក់ទឹននឹង កម្មករ កម្មការិនី និយោជិក ក្នុងនោះក៏នឹង មានបាតុកម្ម ទាមទារសិទ្ធិ មួយ ចំនួន ផងដែរ ។
