កែវ ស្រីនាង ឲ្យ​គេ​ព្រឺ​ខ្នង

Thursday, 02 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្តែង​ច្រៀង អេនឌី និង​តារា​សម្តែង កែវ ស្រីនាង ថត​ម៉ូដ​ខោអាវ​ថ្មី​បញ្ចេញ​សាច់​។ រូបថត សហ​ការី

តារា​សម្តែង​ច្រៀង អេនឌី និង​តារា​សម្តែង កែវ ស្រីនាង ថត​ម៉ូដ​ខោអាវ​ថ្មី​បញ្ចេញ​សាច់​។ រូបថត សហ​ការី

ភ្នំពេញៈ ជាមួយ​នឹង​ជីវិត​ដ៏​ស្ងប់​ស្ងាត់​ក្រោម​ដំបូល​គ្រួសារ​ពីរ​សញ្ជាតិ​កន្លង​មក​គេ​សង្កេត​ឃើញ​ថា តារា​សម្តែង​រូប​ស្រស់​នាង កែវ ស្រីនាង មិន​ដែល​បញ្ចេញ​សាច់​ខ្ចី​ផ្តេស​ផ្តាស​នោះ​ឡើយ ទើប​តែ​ពេល​នេះ ដែល​ទស្សនិកជន​ទាំង​ក្មេង​ទាំង​ចាស់ ពិសេស​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ពួក​គេ​ឃើញ​រូប​នាង​បាន​ថត​បញ្ចេញ​រង្វះ​ដើម​ទ្រូង​គួរ​ឲ្យ​ក្នក់​ក្នាញ់​និង​ខើច​ក្រោម​បញ្ចេញ​សាច់​ភ្លៅ​គួរ​ឲ្យ​ព្រឺ​ព្រួច​ជាមួយ​តារា​ចម្រៀង​សម្តែង អេនឌី នោះ​។

កន្លង​មក​គេ​សង្កេត​ឃើញ​ថា អ្នក​សិល្បៈ​ជា​ច្រើន​បាន​ថត​រូប​បញ្ចេញ​សាច់​ខ្ចី​របស់​ខ្លួន​យ៉ាង​សិចស៊ី​ជាមួយ​នឹង អេនឌី ក្នុង​នោះ​មាន​ដូច​ជា វ៉ាង ស្រីណូ លី ម៉ារីណា កុល ដាវី សឿ សុធារ៉ា ពេជ្រ អាវីហ្សា និង​ចន ច័ន្ទលក្ខិណា ជា​ដើម ហើយ​ភាគ​ច្រើន​អ្នក​សិល្បៈ​ស្រី​ទាំង​នោះ​រមែង​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​ទស្សនិកជន ព្រោះ​តែ​មិន​សំចៃ​ខ្លួន​បញ្ចេញ​សាច់​ជ្រុល​ពេក និង​ឱប​ថើប​ស្និទ្ធ​ពេក​ជាមួយ​នឹង អេនឌី។ ដូច្នេះ​តាម​រយៈ​រូបថត​របស់ កែវ ស្រីនាង ជាមួយ​នឹង អេនឌី ទំនង​ទស្សនិកជន​ក៏​មិន​សំចៃ​ថ្វី​មាត់​បញ្ចេញ​យោបល់​រិះ​គន់​ដែរ។

នៅ​ក្នុង​រូបថត​ទាំង​នោះ ថ្វី​ដ្បិត​ថា មិន​សិចស៊ី​ខ្លាំង តែ​គេ​សង្កេត​ឃើញ កែវ ស្រីនាង បាន​រំលេច​ចេញ​សាច់​ទ្រូង​គួរ​ឲ្យ​រន្ធត់​ចិត្ត​ដែរ។ ចំណែក​ឯ​ផ្នែក​ខាង​ក្រោម​វិញ​ក៏​សំពត់​នាង​ឆែក​ខ្លាំង​មិន​ធម្មតា​ដែរ តែ​វា​ល្អ​ម្យ៉ាង​ដែល​រូប​ថត​ទាំង​នោះ ភាគ​ច្រើន​ដូច​ជា​មិន​សូវ​ស្អិត​ល្មួត​រវាង​តួ​ប្រុស​ស្រី​ខ្លាំង​ពេក​។

តែ​យ៉ាង​ណា​នៅ​ពេល​ចង់​បញ្ជាក់​ពី​ការ​ថត​រូប​បែប​សិចស៊ី​នេះ កែវ ស្រីនាង មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិលមិញ ព្រោះ​គ្មាន​អ្នក​លើក​ទូរស័ព្ទ​។

ទាក់​ទង​នឹង​រូបភាព​នេះ តារា​ចម្រៀង​សម្តែង អេនឌី បាន​ឲ្យ​ដឹង​ថា រូបថត​នោះ​មិន​មែន​ថត​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​នោះ​ទេ តែ​ជា​ការ​ថត​ផ្សាយ​ម៉ូដ​សម្លៀក​បំពាក់​នៅ​ក្នុង​ហាង​របស់​លោក​។ តារា​រូប​នេះ​បាន​បន្ត​ថា ការ​ថត​រូប​លើក​នេះ លោក​គិត​ថា មិន​សូវ​ជា​មាន​ភាព​សិចស៊ី​ខ្លាំង​ដូច​លើក​មុនៗ​នោះ​ទេ​។

ដោយ​ធ្លាប់​មាន​បទ​ពិសោធ​មិន​ល្អ​នៅ​ក្នុង​ការ​ថត​រូប​នេះ អេនឌី បាន​និយាយ​ថា៖​«​ខ្ញុំ​គិត​ថា លើក​នេះ​ដូច​ជា​មិន​សូវ​ជា​សិច​ស៊ី​ខ្លាំង​ដូច​កាល​ដែល​ខ្ញុំ​ថត​ជាមួយ​តារា​មុន​ទេ ព្រោះ​ខ្ញុំ​ក៏​បារម្ភ​ពី​ការ​ប្រកាស​ព្រមាន​របស់​ក្រសួង​ដែរ​»។

ជាមួយ​នឹង​ការ​បញ្ចេញ​សាច់​ខ្ចី​របស់ កែវ ស្រីនាង ធ្វើ​ឲ្យ​ទស្សនិកជន​ព្រឺ​ឆ្អឹង​ខ្នង​នោះ អេនឌី បញ្ជាក់​ថា ការ​ថត​នេះ​មាន​ការ​បញ្ចេញ​សាច់​ដែរ តែ​លោក​ក៏​បាន​គិត​ដែរ​ថា ប៉ុណ្ណេះ​គឺ​សមរម្យ​ហើយ​៕

 

What Next?

Recent Articles