ភ្នំពេញ: បន្ទាប់ពីបាត់បង់តំណែងជាតួឯកក្នុងរឿងភាគរបស់ស្ថានីយទូរទស្សន៍ប៉ុស្ថិ៍លេខ៩ ពេលនេះតារាសម្ដែង លោក រតនៈ វិសិដ្ឋ កំពុងច្បាមយកតំណែងជាតួឯកក្នុងផលិតកម្ម RGB ប៉ុន្តែតំណែងជាតួឯកនោះមិនទាន់ដឹងថាត្រូវបានតារាម៉ូដែលរូបនេះព្រមទទួលឬយ៉ាងណាទេ ព្រោះស្ថិតក្នុងការសម្រេចចិត្តនៅឡើយ។
ថ្ងៃទី 2 ឧសភា 2013
ដោយ: ពិទូរ្យ
CEN
ឱកាសពីរស្របគ្នាបែបនេះ ធ្វើឲ្យតារាច្រមុះស្រួច ហាក់មានការរារែកចិត្តមិនទាន់ថាត្រូវយកមួយណាឲ្យប្រាកដ បើសិនជា រតនៈ វិសិដ្ឋព្រមចុះកុងត្រាជាមួយក្រុមហ៊ុន ដើម្បីថតខ្សែភាពយន្ត អ៊ីចឹងឱកាសជាតួឯកកំពុងតែរង់ចាំ តែបើគេមិនចុះកុងត្រាធ្វើជាតារាឯកទេគេនឹងរៀបចំឯកសារដើម្បីវេចបង្វេចចេញទៅសម្តែងដើម្បីកើបប្រាក់ក្នុងរដូវវស្សានេះហើយ។
តារាសម្តែងមាឌមាំរតនៈវិសិដ្ឋបានឲ្យដឹងថា “ការសម្រេចចិត្តដើម្បីចុះកុងត្រាជាមួយនឹងផលិតកម្ម RGB នោះក៏មិនទាន់សម្រេចចិត្តនៅឡើយទេ ព្រោះខ្ញុំស្ទាក់ស្ទើរ ព្រោះមានគេទាក់ទងទៅប្រទេសក្រៅច្រើនដែរ ដូចនេះប្រហែលជាចាំមើលសិន” ។
នេះជាឱកាសលើកទី២ របស់តារាបង្ហាញម៉ូដ រតនៈ វិសិដ្ឋ បន្ទាប់ពីលើកទីមួយកំលោះសង្ហារូបនេះបានធ្វើឲ្យថ្លោះធ្លោយរបូតតំណែងជាតារាឯកក្នុងខ្សែរឿងភាគប្រចាំស្ថានីយទូរទស្សន៍។ការបដិសេធមិនថតរឿងឲ្យស្ថានីយទូរទស្សន៍ប៉ុស្ថិ៍លេខ៩ តំណែងជាតួឯកក្នុងរឿង“ភ្លើងព្យាបាទ” ការបាត់បង់តំណែងនេះក៏មិនមែនមកពីមានបញ្ហាឬមួយមានទំនាស់អ្វីទេ គឺដោយសារតារារូបនេះសុំបញ្ចប់ដោយខ្លួនឯង។
រតនៈ វិសិដ្ឋ បានចូលប្រឡូកសិល្បៈក្នុងឆ្នាំ២០០៩ ដំបូងឡើយលោកជាតារាបង្ហាញម៉ូដក្នុងក្រុម Cambodia Super Model លោកបានចូលច្រៀងនៅក្នុងក្រុមរៃមាស តោមាស ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ លោកត្រូវបានគេស្គាល់ច្រើននៅពេលលោកសម្ដែងតាមរយៈវ៉ុលចម្រៀងរបស់ផលិតកម្មថោនក្នុងបទ “I’m Sorry” និងបទ”អស់ឱកាស” រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០១១ លោកបានលេចមុខក្នុងរឿង “ភ័ព្វសំណាង” ដែលបានដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN និងរឿងបែបអប់រំផ្សេងៗទៀត៕ S